ក្រសួងការងារ ណែនាំរោងចក្រ-សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកបុណ្យអុំទូក ៣ថ្ងៃ ដោយមានប្រាក់ឈ្នួល និងត្រូវបើកប្រាក់ខែវិច្ឆិកាឱ្យបានមុនថ្ងៃបុណ្យ
02-11-2026 17:37
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់ ឱ្យអនុញ្ញាតដល់កម្មករនិយោជិត ឈប់សម្រាកការងារដោយមានប្រាក់ឈ្នួលពេញលេញ រយៈពេល ៣ ថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ព្រមទាំងត្រូវសម្របសម្រួលបើកប្រាក់ឈ្នួលខែវិច្ឆិកាឱ្យបានមុនថ្ងៃឈប់សម្រាកផងដែរ។
យោងតាមសេចក្តីជូនដំណឹង ចុះហត្ថលេខាដោយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការឈប់សម្រាកបុណ្យអុំទូកនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ ២៦៦/២៥ ក.ប/ប្រ.ក.អ.ធ.ក។
ក្នុងសេចក្តីជូនដំណឹងដដែល បានគូសបញ្ជាក់អំពីលក្ខខណ្ឌការងារជាក់ស្តែងមួយចំនួនដូចខាងក្រោម៖
- ករណីមានការព្រមព្រៀង ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុង៖ ការឈប់សម្រាកអាចផ្លាស់ប្តូរទៅអនុវត្តនៅពេលណាមួយផ្សេងទៀតដែលខុសពីថ្ងៃកំណត់ខាងលើបាន ផ្អែកលើការព្រមព្រៀងរវាងកម្មករនិយោជិត និងនិយោជក ឬស្របតាមបទបញ្ជាផ្ទៃក្នុងដែលមានទិដ្ឋាការពីអធិការការងារ ឬអនុសញ្ញារួម។
- ចំពោះសហគ្រាសដែលមានចរិតលក្ខណៈសកល មិនអាចបញ្ឈប់សកម្មភាពបាន៖ សហគ្រាស ឬរោងចក្រដែលមិនអាចផ្អាកដំណើរការបាន ព្រោះអាចប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ ឬដំណើរការអាជីវកម្ម ម្ចាស់សហគ្រាសត្រូវរៀបចំចាត់ចែងឱ្យកម្មករនិយោជិតបានឈប់សម្រាកឆ្លាស់វេនគ្នា។ ក្នុងករណីមិនអាចឆ្លាស់វេនបាន និយោជក និងតំណាងកម្មករនិយោជិត អាចព្រមព្រៀងឱ្យបំពេញការងារនៅថ្ងៃបុណ្យ ហើយត្រូវផ្តល់ការឈប់សម្រាកសងជំនួសនៅពេលក្រោយវិញ។ ទន្ទឹមនឹងនេះ និយោជកត្រូវរៀបចំបញ្ជីឈ្មោះអ្នកឆ្លាស់វេនឱ្យបានត្រឹមត្រូវទុកសម្រាប់អធិការការងារចុះត្រួតពិនិត្យ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ថា ក្នុងករណីដែលកម្មករនិយោជិតមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវតាមការកំណត់ទេនោះ សាមីខ្លួនអាចរាយការណ៍ ឬផ្តល់ព័ត៌មានមកកាន់ក្រសួងតាមរយៈខ្សែទូរសព្ទទាន់ហេតុការណ៍ (Hotline) លេខ ១២៨៦ ឬតាមរយៈប្រអប់បណ្តឹងអនាមិក (https://feedback.mlvt.gov.kh/feedback) ដើម្បីឱ្យសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕






