កម្ពុជា-វៀតណាម៖ ខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ បន្តរឹតចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងត្រៀមរៀបចំចុះ MOU ស្ដីពីកិច្ចការងារអតីតយុទ្ធជន និងការរុករកអដ្ឋិធាតុ
02-11-2026 19:05
(ខេត្តពោធិ៍សាត់-ខេត្តដុងថាប់)៖ នាល្ងាចថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តដុងថាប់(ថ្មី) សង្កាត់មីថ, គណៈប្រតិភូសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា និងចូលរួមជំនួបពិភាក្សាការងារជាមួយសមាគមអតីតយុទ្ធជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបពិភាក្សាការងារដ៏មានអត្ថន័យនេះ លោក ហ្វិញ មិញត្វឹន អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តដុងថាប់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះគណៈប្រតិភូខេត្តពោធិ៍សាត់។
លោកបានគូសបញ្ជាក់ថា ពីអតីតកាល ខេត្តទៀងយ៉ាង មានសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ទាក់ទងនឹងកិច្ចការងារអតីតយុទ្ធជន រីឯខេត្តដុងថាប់(ចាស់) មានសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ លើកិច្ចការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី ក្នុងសម័យសង្គ្រាម។ ក្រោយពេលខេត្តដុងថាប់(ចាស់) និងខេត្តទៀងយ៉ាង ត្រូវបានច្របាច់បញ្ចូលគ្នាជា ខេត្តដុងថាប់(ថ្មី) គឺបានបង្កើតឡើងនូវឱកាសថ្មី និងភាពងាយស្រួលជាងមុន សម្រាប់ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ប៉ុន្តែទាមទារឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) សារជាថ្មី។
លោកបន្ថែមថា ក្នុងន័យនេះ មន្ត្រីជំនាញនៃខេត្តទាំងពីរ (កម្ពុជា-វៀតណាម) បាននឹងកំពុងធ្វើកិច្ចការ និងពន្លឿនការរៀបចំខ្លឹមសារសេចក្តីព្រៀង ឆ្ពោះទៅរកការឯកភាពគ្នាចុះ MOU ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកជូនដល់ខេត្ត និងប្រជាជនទាំងសងខាង (ពោធិ៍សាត់ 🤝 ដុងថាប់)។
លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តដុងថាប់(ថ្មី) និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ផងដែរ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តស្នើសុំបង្កើត «សមាគមមិត្តភាព កម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់» ឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោក ហៀម ឃួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងថាប់ ព្រមទាំងបានសម្តែងការអបអរសាទរ ចំពោះជោគជ័យនៃការកែទម្រង់រដ្ឋបាល និងការរួមបញ្ចូលខេត្ត របស់ប្រទេសវៀតណាមកាលពីឆ្នាំ២០២៥ ដែលធ្វើឱ្យខេត្តដុងថាប់ ក្លាយជាមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ ភស្តុភារទំនើប និងទេសចរណ៍អេកូឡូស៊ីឈានមុខ។
ទាក់ទងនឹងសំណើ និងការលើកទឹកចិត្តលើការបង្កើត សមាគមមិត្តភាព កម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់វិញ, លោក ហៀម ឃួន បានប្រកាសយ៉ាងមុតមាំថា លោកនឹងប្តេជ្ញាយកកិច្ចការងារនេះ ទៅគោរពរាយការណ៍ជូន ឯកឧត្តមលោក ខូយ រីដា ដើម្បីពិនិត្យ និងសម្រេចសម្រួលជំរុញការបង្កើតឡើងឬយ៉ាងណា។
លោក ហៀម ឃួន ក៏បានរំលេចពីការរីកចម្រើនរបស់ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់លើអតីតយុទ្ធជន និងនិវត្តជន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈការបង្កើតមណ្ឌលអភិវឌ្ឍន៍ផ្តល់ដី និងផ្ទះជូនអតីតយុទ្ធជនខ្វះខាតជាច្រើនខ្នង។
បើតាម លោក ហ្វិញ មិញត្វឹន ក៏បានលើកឡើងផងដែរថា ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏ល្អមួយ ព្រោះថាខេត្តដុងថាប់(ថ្មី) គឺជាខេត្តដែលមានទំហំធំជាងមុន និងមានសក្តានុពលសេដ្ឋកិច្ចខ្លាំងជាងមុន។ តាមរយៈកិច្ចប្រជុំនេះ លោកក៏បានស្នើ និងសំណូមពរឱ្យបន្តជួយសម្រួលដល់កិច្ចការងាររុករកអដ្ឋិធាតុយុទ្ធជនពលី ដើម្បីអាចនាំយកមកមាតុភូមិនិវត្តន៍ប្រទេសវៀតណាមវិញ ដោយហេតុថា ក្នុងឆ្នាំក្រោយ សមាគមអតីតយុទ្ធជនខេត្តដុងថាប់ នឹងពង្រីកសកម្មភាពរុករកអដ្ឋិធាតុ ទាំងក្នុងប្រទេស និងពលីកម្មក្នុងទឹកដីកម្ពុជា។
ជំនួបពិភាក្សានេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់គ្នាខ្ពស់ និងមានសុទិដ្ឋិនិយមថា ខេត្តទាំងពីរ (ពោធិ៍សាត់-ដុងថាប់) នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងនាមជាអ្នកជិតខាងល្អ បងប្អូនល្អ និងមិត្តល្អ ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យរួមគ្នាជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៤៥ សម្រាប់សាធារណរដ្ឋសង្គមនិយមវៀតណាម និងនៅឆ្នាំ២០៥០ សម្រាប់ព្រះរាជាណាចក្រកម្ពុជា៕









































