* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?

02-11-2026 21:23

(បែរឡាំង)៖ ក្រុមមន្ត្រីនៅក្នុងទីក្រុងតេហេរ៉ង់កំពុងត្រៀមលក្ខណៈចំពោះលទ្ធភាពនៃការវាយប្រហារសាជាថ្មីណាមួយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកំពុងពិចារណាលើជម្រើសថ្មីៗក្នុងការធ្វើសង្រ្គាមឡើងវិញជាមួយអ៉ីរ៉ង់ នៅក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ទីបញ្ជាការកណ្ដាលអាមេរិក CENTCOM បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់ ដោយរង់ចាំតែបញ្ជាពីលោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ។ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei បានណែនាំឱ្យយោធាអ៉ីរ៉ង់ត្រៀមលក្ខណៈសងសឹកវិញដោយមិនកំណត់ទីភូមិសាស្ត្រឡើយ ក្នុងករណីមានការវាយប្រហារពីអាមេរិក និងអ៉ីស្រាអែល។ ក៏ប៉ុន្តែតើអ៉ីរ៉ង់ត្រៀមលក្ខណៈហើយឬនៅសម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល?

* ប្រតិបត្តិការរយៈពេលខ្លី តែសាហាវ
ដោយផ្អែកលើការដកស្រង់សម្ដីពីក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក កាសែត New York Times បានរាយការណ៍កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានរៀបចំផែនការជាក់លាក់ជាច្រើន សម្រាប់ការធ្វើប្រតិបត្តិការរយៈពេលខ្លី តែទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងនោះរួមមានការកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ ហេដ្ឋារចនាសម្ព័ន្ធថាមពល រួមទាំងឃ្លាំងមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់។ មន្ត្រីអាមេរិកម្នាក់បានប្រាប់ New York Times ទៀតថាគោលដៅនៃប្រតិបត្តិការនេះ នោះគឺបង្ខំឱ្យអ៉ីរ៉ង់ធ្វើសម្បទានការទូតតាមរយៈប្រតិបត្តិការយោធា និងការអនុវត្តដាក់ទណ្ឌកម្មច្របាច់កសេដ្ឋកិច្ចអ៉ីរ៉ង់ក្នុងពេលដំណាលគ្នា។ ក្រៅពី New York Times ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនផ្សេងទៀតក៏បានរាយការណ៍ពីផែនការស្រដៀងគ្នានេះដែរ។

កាលពីដើមខែតុលា សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថាមន្ទីរបញ្ចកោណបានណែនាំឱ្យទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក CENTCOM បង្ហើយការត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការធ្វើសង្រ្គាមឡើងវិញជាមួយអ៉ីរ៉ង់។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានកងនាវាផ្ទុកយន្ដហោះចម្បាំងចំនួន ២ នៅក្នុងតំបន់សមុទ្រអារ៉ាប់ ហើយនាវាផ្ទុកយន្ដហោះចម្បាំងគ្រឿងទី៣ ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅដល់មជ្ឈិមបូព៌ានៅចុងខែវិច្ឆិកានេះ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានប្រាប់សារព័ត៌មាន Newsmax ថាលោកកំពុងពិចារណាលើការវាយប្រហារមួយលើភ្នំ Pickaxe របស់អ៉ីរ៉ង់ស្ថិតនៅក្បែរទីតាំងនុយក្លេអ៊ែរ Natanz ជាទីដែលក្រុមមន្ត្រីអាមេរិកបានអះអាងថាអ៉ីរ៉ង់ប្រហែលជារក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតអាចផលិតអាវុធនុយក្លេអ៊ែរនៅក្នុងរូងក្រោមដី។ មួយថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី១៦ ខែតុលា សារព័ត៌មាន CNN បានចុះផ្សាយថាលោក ត្រាំ កំពុងចារណាប្រើប្រាស់ «ម៉ែគ្រាប់បែក» ក្នុងសង្រ្គាមថ្មីណាមួយប្រឆាំងនឹងអ៉ីរ៉ង់។

* តើអ៉ីរ៉ង់បានរៀនសូត្រពីការវាយប្រហារកន្លងមក?
ក្រុមមន្ត្រីអ៉ីរ៉ង់បាននិយាយថាពួកគេបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់លទ្ធភាពនៃការវាយប្រហារសាជាថ្មីណាមួយពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ជាមួយការត្រៀមសងសឹកវិញយ៉ាងចាស់ដៃ ក្នុងនោះរួមមានការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក និងរោចក្រថាមពលនៅទូទាំងតំបន់ឈូងសមុទ្រពែក្ស។ លោក Ali Asghar Shafieian ជាទីប្រឹក្សាខាងប្រព័ន្ធផ្សព្វផ្សាយម្នាក់របស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ DW ថាបើទោះជាសហរដ្ឋអាមេរិកនៅតែមានប្រៀបការបច្ចេកវិទ្យាទំនើប និងយោធាក៏ដោយ តែយុទ្ធសាស្ត្ររបស់តេហេរ៉ង់គឺផ្អែកលើការការពារអំណាចដឹកនាំប្រទេស មិនមែនយកឈ្នះលើសហរដ្ឋអាមេរិកដោយយោធានោះទេ។ «សហរដ្ឋអាមេរិកពិតជាមានប្រៀបខាងអំណាចយោធា និងបច្ចេកវិទ្យា។ ប៉ុន្តែភាពខ្លាំងរបស់អ៉ីរ៉ង់នោះគឺរបៀបដោះស្រាយវិបត្តិ»។ នេះជាការកត់សម្គាល់របស់លោក Shafieian។

លោក Shafieian លើកឡើងបែបនេះដោយចង់សំដៅលើការជំនួសកន្លែងក្រុមមន្ត្រីជាច្រើននាក់ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានយ៉ាងលឿនរហ័ស។ នេះជាឧទាហរណ៍មួយបង្ហាញពីរបៀបដែលអ៉ីរ៉ង់ព្យាយាមធ្វើឱ្យប្រព័ន្ធនយោបាយរបស់ខ្លួនមានភាពធន់។ អ៉ីរ៉ង់ក៏បានកសាងឡើងវិញផងដែរសមត្ថភាពដ្រូន និងមីស៊ីលដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងការវាយប្រហារសងសឹកអំឡុងប៉ុន្មានសប្ដាហ៍ដំបូងនៃសង្រ្គាម។ តាមរយៈការស្រង់សម្ដីពីក្រុមមន្ត្រីអ៉ីរ៉ង់ Reuters បានឱ្យដឹងថាអ៉ីរ៉ង់កំពុងត្រៀមលក្ខណៈសម្រាប់ការវាយប្រហារពីអាមេរិក និងអ៉ីស្រាអែល មិនមែនត្រៀមខ្លួនដើម្បីចុះកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិកនោះទេ។ តាមក្រុមមន្ត្រីអ៉ីរ៉ង់ តេហេរ៉ង់មានចេតនាពន្យារពេលកិច្ចចរចាដើម្បីធ្វើឱ្យលោក ត្រាំ បាត់បង់ប្រជាប្រិយភាពនៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ អ៉ីរ៉ង់ក៏បានបញ្ជូនសារទៅកាន់បណ្ដាប្រទេសអារ៉ាប់ក្បែរផងដែរថាមូលដ្ឋានទ័ពអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនឹងក្លាយជាគោលដៅ នៃការវាយប្រហារ ប្រសិនបើពួកគេគាំទ្រ ឬសម្រួលដល់ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។

*​ តើអ៉ីរ៉ង់ត្រៀមលក្ខណៈដូចម្ដេចចំពោះលទ្ធភាពនៃការផ្ទុះសង្រ្គាមឡើងវិញ?
លោក Rahman Ghahremanpour ជាអ្នកវិភាគនយោបាយម្នាក់មានមូលដ្ឋានក្នុងទីក្រុងតេហេរ៉ង់ បានប្រាប់ DW ថាការត្រៀមលក្ខណៈរបស់អ៉ីរ៉ង់នឹងត្រូវបានពង្រីកលើសពីមីស៊ីល និងដ្រូន រហូតដល់ផ្ដោតជាអាទិភាពលើសន្តិសុខផ្ទៃក្នុង។ ការត្រៀមលក្ខណៈទាំងនោះរួមមានការត្រៀមខ្លួនបង្រ្កាបចលនាប្រឆាំងប្រដាប់អាវុធ និងបាតុកម្មតវ៉ា ក៏ដូចជាទប់ស្កាត់កុំឱ្យមានសម្ពាធយោធាពីក្រៅផង និងភាពចលាចលនៅក្នុងស្រុកផងកើតឡើងក្នុងដំណាលគ្នា។ តាមអ្នកវិភាគរូបនេះ សង្រ្គាមសាជាថ្មីណាមួយអាចនឹងជំរុញឱ្យរបបដឹកនាំតេហេរ៉ង់ផ្ដាច់ ឬរឹតត្បិតការប្រើប្រាស់អ៉ីនធើណិតឡើងវិញ និងប្រមូលផ្ដុំកម្លាំងអ្នកគាំទ្ររដ្ឋាភិបាលនៅតាមទីសាធារណៈ។

«នៅក្នុងយុទ្ធសាស្ត្រសង្រ្គាមវិសមាមាត្ររបស់អ៉ីរ៉ង់ គោលដៅចម្បងនោះគឺបញ្ចុះឱ្យសហរដ្ឋអាមេរិកទទួលស្គាល់ថាការផ្លាស់ប្ដូររបបដឹកនាំតាមរយៈសកម្មភាពយោធាជារឿងមិនអាចទៅរួចឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក Ghahremanpour។ លោក Ghahremanpour បានបន្តថាក្រុមមនុស្សមួយចំនួននៅអ៉ីរ៉ង់បានគាំទ្រការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងមួយដែលសម្រេចឡើងតាមរយៈកិច្ចចរចាជាមួយសហរដ្ឋអាមេរិកកន្លងមក។ ប៉ុន្តែលោកជឿថាការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងពេលបច្ចុប្បន្ន ជាលក្ខខណ្ឌដ៏ពិបាកដែលសូម្បីតែក្រុមមន្ត្រីអ៉ីរ៉ង់គាំទ្រកិច្ចចរចា ក៏ពិបាកនឹងបញ្ចុះបញ្ចូលឱ្យប្រទេសរបស់ពួកគេទទួលយកផងដែរ៕