ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំងនៅកម្ពុជា ចុះពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្រុងកែប
02-11-2026 22:54
(កែប)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជា ចំនួន២២រូប ដែលដឹកនាំដោយលោក យ៉ា សាដេត ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ តំណាងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចុះពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋនៅក្រុងកែប ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាក្រុងកែប។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាព អភិបាលក្រុងកែប និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌របស់ប្រទេសបារាំង។
លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ការចុះពិនិត្យ និងព្យាបាលជំងឺនេះ គឺដើម្បីជួយលើកកម្ពស់សុខុមាលភាពពលរដ្ឋ កាត់បន្ថយការចំណាយថវិកាផ្ទាល់ខ្លួន ជាពិសេសគ្រួសារងាយរងហានិភ័យ និងគ្រួសារមានជីវភាពខ្សត់ខ្សោយ ក្នុងការស្វែងរកសេវាពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំសុខភាពសាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព និងមនុស្សធម៌អន្តរជាតិថែមទៀតផង។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានសហការគ្នារៀបចំកម្មវិធីមនុស្សធម៌ ដ៏មានតម្លៃនេះឡើង ដែលបង្ហាញពីស្មារតីនៃការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សូមបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ យ៉ាងតិចមួយឆ្នាំម្តងជាមួយរាជរដ្ឋាបាល ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រឲ្យមកនូវកម្រិតទាប។
សូមរំលឹកថា នេះជាបេសកកម្មលើកទី២ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌របស់ប្រទេសបារាំង បន្ទាប់ពីការចុះបេសកកម្មមនុស្សធម៌ ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅ៕























