មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចេញសេចក្តីជូនដំណឹងក្រើនរំលឹក និងបំផុសស្មារតីដល់សាធារណជនទាំងអស់ អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងស្រវឹង
02-11-2026 23:00
(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងផ្លូវការមួយ ដើម្បីក្រើនរំលឹក និងបំផុសស្មារតីដល់សាធារណជនទាំងអស់ អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កហានិភ័យដល់សុខភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ។
យោងសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ការទទួលបានគ្រឿងស្រវឹងអាចធ្វើឱ្យខាតបង់ថវិកាគ្រួសារ បង្កគ្រោះថ្នាក់ផ្សេងៗ និងបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម។
មន្ទីរសុខាភិបាលខេត្ត បានបង្ហាញពីផលប៉ះពាល់សំខាន់ៗចំនួន ៣ យ៉ាងរួមមាន៖
*ផលប៉ះពាល់ចំពោះសុខភាពភ្លាមៗ៖
ការប្រើប្រាស់គ្រឿងស្រវឹងធ្វើឱ្យថយចុះសមត្ថភាពប្រឈម ការបាត់បង់សតិ ស្មារតី និងអាចបាត់បង់ជីវិត ព្រមទាំងបង្កឱ្យមានជំងឺផ្សេងៗ ប្រសិនបើប្រើប្រាស់ក្នុងរយៈពេលវែង ឬមានលាយសារធាតុគីមីផ្សេងទៀត។ វាក៏អាចជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗទៀតផងដែរ។
*ផលប៉ះពាល់ចំពោះសុខភាពរយៈពេលវែង៖
ការទទួលទានគ្រឿងស្រវឹងជាប្រចាំ អាចបណ្តាលឱ្យកើតមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរដូចជា ជំងឺក្រិនថ្លើម មហារីកថ្លើម មហារីកមាត់ បំពង់ក បំពង់អាហារ ក្រពះ ពោះវៀន ជំងឺបេះដូង សរសៃឈាម លើសសម្ពាធឈាម ទឹកនោមផ្អែម និងបញ្ហាសុខភាពផ្លូវចិត្ត។ ចំពោះស្ត្រីមានផ្ទៃពោះ ការទទួលទានគ្រឿងស្រវឹងអាចបង្កគ្រោះថ្នាក់ដល់ទារក ធ្វើឱ្យកូនកើតមិនគ្រប់ខែ ឬមានទម្ងន់ទាបពីការកើតជាដើម។
*វិធានការបង្ការ និងការកាត់បន្ថយផលប៉ះពាល់៖
មន្ទីរសុខាភិបាលខេត្ត បានអំពាវនាវដល់អ្នកដែលមិនទាន់ទទួលទានគ្រឿងស្រវឹង មិនត្រូវសាកល្បង ឬប្រើប្រាស់ឡើយ។ ចំពោះអ្នកដែលកំពុងប្រើប្រាស់ គួរពុះពារបញ្ឈប់ ឬកាត់បន្ថយឱ្យបានជាដាច់ខាត ជាពិសេសមិនត្រូវបើកបរយានយន្តក្រោយពេលទទួលទានគ្រឿងស្រវឹង។
ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ការពារសេដ្ឋកិច្ចគ្រួសារ និងរក្សាសណ្តាប់ធ្នាប់សង្គម មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួបរួមគ្នាកាត់បន្ថយ និងបញ្ឈប់ការទទួលទានគ្រឿងស្រវឹង។
ក្នុងករណីមានបញ្ហាសុខភាពដោយសារគ្រឿងស្រវឹង ប្រជាពលរដ្ឋត្រូវប្រញាប់ទៅទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីទទួលបានសុខភាព និងសុវត្ថិភាពល្អប្រសើរឡើងវិញ៕





