ថ្នាក់ដឹកនាំចុះជួយស្រុកព្រៃនប់ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ព្រមទាំងនាំយកសម្ភារបរិក្ខារ និងថវិកាឧបត្ថម្ភដល់សាលា ហ៊ុន សែន អណ្ដូងថ្ម
02-11-2026 22:54
(ព្រះសីហនុ)៖ លោក ទឹង គឹមហេង សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់ និងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរយោដីខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារចុះជួយឃុំអណ្ដូងថ្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែនអណ្ដូងថ្ម។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ តំណាងរដ្ឋបាលស្រុកព្រៃនប់ ក្រុមប្រឹក្សាឃុំអណ្ដូងថ្ម មេភូមិទាំង៥ លោកគ្រូ អ្នកគ្រូ មាតា-បិតា អាណាព្យាបាល សប្បុរសជន និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
នាឱកាសនោះ លោក ចេង ស្រុង បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត។
លោកបន្តថា អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់វិស័យអប់រំ និងជំរុញឱ្យកូនចៅយើងបានមកសាលារៀនរៀងរាល់ថ្ងៃ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដសម្រាប់អនាគតរបស់ពួកគេ។
លោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ ព្រមទាំងសប្បុរសជននានា ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងធនធាន ថវិកា និងសម្ភារៈ ដល់វិស័យអប់រំនៅមូលដ្ឋាននេះ។
គណៈអធិបតី ក៏បានធ្វើការចែកបណ្ណសរសើរ និងលិខិតថ្លែងអំណរគុណជូនដល់លោកគ្រូអ្នកគ្រូ សប្បុរសជន និងសិស្សានុសិស្ស ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក។
ជាមួយគ្នានោះដែរ គណៈអធិបតី បានប្រគល់គ្រឿងបរិក្ខារបច្ចេកវិទ្យារួមមាន កុំព្យូទ័រចំនួន ៤គ្រឿង ជូនដល់លោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ព្រមទាំងបាន ឧបត្ថម្ភថវិកាសរុបចំនួន ៥,៣០០,០០០រៀល ជូនដល់អង្គពិធីសម្រាប់ជួយលើកស្ទួយវិស័យអប់រំនៅក្នុងមូលដ្ឋានផងដែរ៕




























