សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង (Video inside)
03-11-2026 11:52
(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង ខណៈបច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង ហើយសាលារៀន៦ម៉ោង នឹងត្រូវពង្រីកជាជំហានៗ។ ចំពោះការអនុអនុវត្តកម្មវិធីសិក្សា ៦ម៉ោងនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំ។
ការលើកឡើងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើនៅព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ ដែលទើបសាងសង់រួចរាល់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «សាលារៀន ដែលមានគ្រូថែមម៉ោងសិក្សា យើងអនុវត្តសាកល្បងទៅ ឃើញថា សាលារៀន៦ម៉ោង (២វេន) ការរៀបចំសមត្ថភាពម៉ោងសិស្សរៀនកម្រិតអាចទទួលបានខ្ពស់ ជាងសិស្សរៀន៤ម៉ោង […] បច្ចុប្បន្ន មានសាលារៀនតែ២០០ប៉ុណ្ណោះ ដែលមានលទ្ធភាពអនុវត្តកម្មវិធីសិក្សា « ៤ម៉ោង+២ » នៅទូទាំងប្រទេស»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ។
សម្តេចបរវធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុវត្តសាកល្បងនូវពង្រីកម៉ោងសិក្សានេះតាមរូបមន្តសាលារៀនគំរូ ដើម្បីឈានទៅដល់ការពង្រីកម៉ោងរៀនដល់៦ម៉ោងក្នុងមួយនៅតាមសាលារៀនទូទាំងប្រទេស។
បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សាលារៀនទាំង២០០នេះនឹងត្រូវយកទៅអនុវត្តសាកល្បងនូវកម្មវិធីម៉ោងសិក្សា« ៤ម៉ោង+២» មុនពង្រីកនៅទូទាំងប្រទេស។ យើងអត់ការចំណាយច្រើន អត់ត្រូវការបំពាកឧបករណ៍ទំនើបអ្វីច្រើនឡើយ។ យើងធ្វើតាមអ្វីដែលមានស្រាប់ដោយថែមតែពេលវេលា ម៉ោងសិក្សា គឺសិស្សអាចចូលរៀនបានហើយ។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទិសដៅរបស់រដ្ឋាភិបាល គឺនឹងពង្រីកកម្មវិធីម៉ោងសិក្សា « ៤ម៉ោង+២) ជាជំហានៗ ដោយធ្វើយ៉ាងណាឱ្យសាលារៀន១២ឆ្នាំ របស់សិស្សមានលទ្ធភាពរៀន៦ម៉ោង ក្នុងមួយថ្ងៃ។
ការបន្ថែមម៉ោងសិក្សានេះ មិនតែជាការពង្រឹងនូវការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា និងកសាងសមត្ថភាពយុវជនជំនាន់ក្រោយឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ តែក៏ជាការជួយកាត់បន្ថយបញ្ហាគ្រួសារ និងសង្គមផងដែរ។ ជាពិសេស គឺជួយកាត់បន្ថយចំនួនក្មេងទំនើងបង្ហោះកង់ បង្ហោះម៉ូតូ នៅតាមផ្លូវ ដែលទំនេរពីម៉ោងរៀនសូត្រ។ ការបន្ថែមម៉ោងសិក្សានេះផ្តោតសំខាន់លើពង្រឹងមុខវិជ្ជាវិទ្យា ភាសាខ្មែរ គណិតវិទ្យា និងសីលធម៌។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ។
«យើងមិនអាចពង្រីកសាលារៀនម្តងទាំង ១ម៉ឺនសាលា ទាំងអនុវិទ្យាល័យ ទាំងវិទ្យាល័យ ទាំងបឋមបានទេ។ តែបច្ចុប្បន្ន យើងនឹងខិតខំធ្វើ ដោយត្រូវដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយចំនួនគ្រូ បំប៉នគុណភាពឱ្យបានសិន។ ប៉ុន្តែចក្ខុវិស័យរបស់យើងពីពេលនេះទៅសាលាដែលអាចរៀន៦ម៉ោង បានត្រូវមានលទ្ធភាពកើនពី ២០០សាលារៀន (៦ភាគរយ) ហើយឈានគ្របដណ្តប់នៅទូទាំងប្រទេស នេះយើងត្រូវតែធ្វើ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសាងសង់សាលារៀន នឹងបែកចែកទៅតាមតំបន់ប្រជុំជន និងតំបន់ដាច់ស្រយាល។ ការធ្វើបែបនេះ ដើម្បីមានលទ្ធភាពសាងសង់សាលាបានកាន់តែច្រើន ឆ្លើយតបនឹងកំណើនសិស្ស៕
















































































