* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

សិស្សនៅវិទ្យាល័យចំនួន ៣ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នឹងទទួលបានការបណ្ដុះបណ្ដាលភាសាជប៉ុន ដោយឥតគិតថ្លៃ បន្ថែមលើកម្មវិធីអប់រំ និងឱកាសការងារទាំងក្នុងប្រទេស និងនៅជប៉ុន

03-11-2026 11:58

(ព្រៃវែង)៖ សិស្សានុសិស្សនៅវិទ្យាល័យប្រមូលព្រហ្ម, វិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងវិទ្យាល័យ ហ៊ុន សែន តាគោក ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នឹងទទួលបានការអប់រំភាសាជប៉ុននៅពេលកំពុងរៀនវិទ្យាល័យដោយឥតគិតថ្លៃ និងឱកាសការងារនៅក្រុមហ៊ុនជប៉ុនក្នុងប្រទេសកម្ពុជា ការងារនៅប្រទេសជប៉ុន និងការបន្តការសិក្សានៅប្រទេសជប៉ុនក្រោយបញ្ចប់វិទ្យាល័យ នៅពេលឆាប់ៗខាងមុខ បន្ទាប់ពីការិយាល័យអប់រំនៃរដ្ឋបាលស្រុកព្រះស្តេច បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនជប៉ុន SDM នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំ និងចុះ MoU នេះ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច បានមានប្រសាសន៍ថា គម្រោងនេះមានគោលបំណងបញ្ចូលការសិក្សាភាសាជប៉ុនទៅក្នុងកម្មវិធីអប់រំនៅតាមបណ្ដាវិទ្យាល័យនៅក្នុងស្រុកព្រះស្តេច ដើម្បីបង្កើតឱកាសឱ្យសិស្សានុសិស្សអាចសិក្សាភាសាជប៉ុន វប្បធម៌ជប៉ុន សុជីវធម៌ ក្រមសីលធម៌ របៀបរស់នៅ និងទម្លាប់ប្រចាំថ្ងៃក្នុងប្រទេសជប៉ុន ព្រមទាំងចំណេះដឹងចាំបាច់ផ្សេងៗអំឡុងពេលសិក្សានៅវិទ្យាល័យ។

លោកបន្តថា គោលដៅរបស់គម្រោងមិនត្រឹមតែផ្ដោតលើការអប់រំភាសាជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ជម្រើសមួយសម្រាប់អនាគតសិស្សានុសិស្សក្នុងការជ្រើសរើសអាជីពផ្សេងៗក្រោយបញ្ចប់វិទ្យាល័យ គឺការធ្វើការនៅប្រទេសជប៉ុន។ ជាមួយគ្នានេះ គម្រោងនឹងផ្ដោតលើការអភិវឌ្ឍសមត្ថភាពភាសាជប៉ុនជាមូលដ្ឋាន សមត្ថភាពសម្របខ្លួនទៅនឹងជីវភាពរស់នៅ និងការយល់ដឹងអំពីការងារ ដែលជាតម្រូវការសំខាន់របស់ក្រុមហ៊ុនជប៉ុន។ លើសពីនេះ គម្រោងនឹងជួយពង្រីកជម្រើសក្រោយបញ្ចប់វិទ្យាល័យចំនួនបី គឺ ១.ធ្វើការនៅក្រុមហ៊ុនជប៉ុនក្នុងប្រទេសកម្ពុជា, ២.ទៅធ្វើការនៅប្រទេសជប៉ុន និង ៣.បន្តការសិក្សានៅប្រទេសជប៉ុន ដោយគោរពតាមបំណងរបស់សិស្ស និងលក្ខខណ្ឌពាក់ព័ន្ធ។

ក្នុងពិធីនេះដែរ តំណាងក្រុមហ៊ុនជប៉ុនបានលើកឡើងថា នឹងសហការជាមួយរដ្ឋបាលមូលដ្ឋាន សាលារៀន និងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រការរៀបចំ និងចាត់បញ្ជូនគ្រូបង្រៀនភាសាជប៉ុន ការអប់រំវប្បធម៌ និងសុជីវធម៌ដោយគ្រូ/អ្នកណែនាំជនជាតិជប៉ុន ដើម្បីបង្កើតបរិយាកាសអនុវត្តជាក់ស្ដែង ដែលរៀបចំឡើងដោយផ្អែកលើជីវភាពរស់នៅក្នុងប្រទេសជប៉ុន និងការបង្កើតឱកាសភ្ជាប់សិស្សទៅកាន់ការងារនៅក្រុមហ៊ុនជប៉ុនក្រោយពេលបញ្ចប់ការសិក្សា។

ជាមួយគ្នានោះ អភិបាលស្រុកព្រះស្តេច, តំណាងការិយាល័យអប់រំ និងនាយិកា/នាយកវិទ្យាល័យទាំង ៣ ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ សុទ្ធតែបានបង្ហាញក្ដីរីករាយដែលភាគីជប៉ុនបានចាប់អារម្មណ៍ស្រុកព្រះស្តេច ក្នុងការជួយបណ្ដុះបណ្ដាលភាសាជប៉ុន និងរកការងារឱ្យធ្វើទាំងក្នុងស្រុក និងនៅប្រទេសជប៉ុន ដែលនឹងជួយលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជាកាន់តែល្អប្រសើរ ហើយប្ដេជ្ញាចូលរួមសហការដើម្បីឱ្យគម្រោងនេះទទួលបានភាពជោគជ័យ។

គួរជម្រាបថា បន្ទាប់ពីការចុះ MoU លោក ហ៊ឺ បាវី ក៏បានដឹកនាំតំណាងក្រុមហ៊ុនជប៉ុនបន្តដំណើរទស្សនកិច្ចសិក្សាអំពីការដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វនៅសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច ខេត្តព្រៃវែងផងដែរ។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនជប៉ុនក្នុងការស្វែងរកលទ្ធភាពពង្រឹងកិច្ចសហការជាមួយសហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យកសិកម្ម ការបង្កើនការវិនិយោគ និងការកែច្នៃផលិតផលកសិកម្ម ខណៈបច្ចុប្បន្នសហគមន៍កសិកម្មទំនើបនេះកំពុងដាំដើមផ្លែត្រសក់ផ្អែម (Melon) និងបន្លែនានា រួមទាំងការចិញ្ចឹមសត្វមាន់ ទា និងត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឆ្ពោះទៅកាន់ការនាំចេញទៅទីផ្សារក្រៅប្រទេសនាពេលអនាគត៕