សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ (Video inside)
03-11-2026 12:11
(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ ដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំដល់កុមារ នៅតាមតំបន់ដាច់ស្រយាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង ៥៥បន្ទប់ ដែលទើបសាងសង់រួចរាល់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ។
ដោយសារមូលហេតុដែលពីមុនមកប្រទេសកម្ពុជា គ្មានសាលារៀនគ្រប់គ្រាន់ ដែលឧបសគ្គធំមួយចំពោះការអប់រំសម្រាប់ប្រជាពលរដ្ឋកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ដោយសារកត្តានេះហើយដែលសម្តេចតេជោ លោកគិតដាក់ចេញនូវគោលនយោបាយអប់រំនេះ គាត់ថា កុំឲ្យក្មេងៗជំនាន់ក្រោយដូចជំនាន់គាត់មានការលំបាក អញ្ចឹងហើយបានជាក្រោយសង្គ្រាម ពីដើមឆ្នាំ១៩៩០មក ហើយជាពិសេសក្រោយបញ្ចប់សង្គ្រាម នយោបាយឈ្នះឈ្នះ សម្តេចតេជោបានដាក់ចេញនូវគោលនយោបាយនៅក្នុងការអភិវឌ្ឍវិស័យអប់រំ ដោយផ្ដោតទៅលើការពង្រាយសាលានៅទូទាំងប្រទេស»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ដោយសារគោលនយោបាយនេះហើយ បានជាយើងមានថ្ងៃនេះ មានសាលារៀនជាច្រើននៅទូទាំងប្រទេស, បើយើងនិយាយ ១ ៦៥០ឃុំ សង្កាត់នេះ យើងមានសាលាបឋមយ៉ាងហោយមួយ នៅក្នុងមួយឃុំ សង្កាត់ ហើយឃុំសង្កាត់ខ្លះមានច្រើនជាងមួយទៅទៀត ដោយមកដល់ពេលនេះយើងមានសាលាបឋមសិក្សាមានជាង ៧ពាន់សាលាបឋមសិក្សា, ក្នុងនោះសម្រាប់អនុវិទ្យាល័យយើងកសាងបាន ៩៥%ហើយ នៅទូទាំងប្រទេស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា មកដល់ពេលនេះក្នុងប្រទេសកម្ពុជា នៅគ្រប់ស្រុក គ្រប់ក្រុង មានវិទ្យាល័យរួចអស់ហើយ, ដោយសារមានការចូលរួមពីវិស័យឯកជនក្នុងការកសាងសាលារៀន ហើយសាលារៀនរបស់វិស័យឯកជនក៏មានការរីកច្រើន ដែលធ្វើឱ្យរដ្ឋអាចមានឱកាសផ្តោតទៅការវិនិយោគសាលារៀនទៅតាមទីជនបទ ហើយរដ្ឋក៏នៅតែបន្តជំរុញការកសាងសាលារៀនឱ្យបានទៅជិតប្រជាពលរដ្ឋ ដើម្បីបង្កើតលទ្ធភាព និងសមិទ្ធផលរបស់សិស្ស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលច្រើនអាណត្តិកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសាលារៀនរាប់ពាន់ខ្នងនៅទូទាំងប្រទេស ហើយក្រសួងអប់រំ ក៏បានដាក់ចេញគោលការ និងបានធ្វើការជាមួយវិស័យឯកជនក្នុងការកសាងសាលារៀនបានជាច្រើនផងដែរដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងផងដែរ។
បើតាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងមកថា គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ សហគមន៍ និងឯកជនសរុប ១៩.៥៩២កន្លែង ក្នុងនោះសាលាមត្តេយ្យសិក្សាគ្រប់រូបភាព ៩.២០៧កន្លែង សាលាបឋមសិក្សា ៨.២៤៨កន្លែង, អនុវិទ្យាល័យ ១.៣៦០កន្លែង និងវិទ្យាល័យ ៩៥៧កន្លែង។ គ្រឹះស្ថានសិក្សាដែលផ្តល់សេវាអប់រំបច្ចេកទេសមានចំនួន ៤៩កន្លែង និងគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ២០០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាក្រោមក្រសួងអប់រំ យុវជន កីឡាមានចំនួន ៩៤កន្លែង។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ចំពោះការអប់រំកុមារតូចវិញ មានកុមារអាយុ ៣ ទៅ៥ឆ្នាំ បានចូលរៀនគ្រប់រូបភាពមានវឌ្ឍនភាពល្អប្រសើរឡើង ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ដោយកុមារអាយុ ៣ ទៅ ៥ឆ្នាំ កើនពី ៣១ម៉ឺននាក់ ស្រី ១៦ម៉ឺននាក់ នៅឆ្នាំសិក្សា២០១៤-២០១៥ កើនឡើងដល់ ៤៤ម៉ឺននាក់ ស្រី ២២ម៉ឺននាក់ នៅឆ្នាំសិក្សា២០២៥-២០២៦៕
















































































