ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ជូនដល់សិស្សនគរបាល ក្រោមប្រធានបទ «ការលើកកម្ពស់ទស្សនទាននគរបាលជាតិ និងនគរបាលសហគមន៍ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ»
03-11-2026 13:42
(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាសហអធិបតី ជាមួយ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក្នុងពិធីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ជូនដល់សិស្សនគរបាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២ ក្រោមប្រធានបទ“ការលើកកម្ពស់ទស្សនទាននគរបាលជាតិ និងនគរបាលសហគមន៍ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ” នៅសាលានគរបាលជាតិភូមិភាគ៤។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារជំនាញ លោកនាយការិយាល័យ និងសិស្សនគរបាល សរុបចំនួន ១៦៨នាក់ ស្រី ៥៣នាក់។ ដោយក្នុងនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានចាត់លោកស្នងការរង ទទួលផែនការងារសេនាធិការ ធ្វើបទបង្ហាញពីការអនុវត្តការងារនគរបាលនិងសហគមន៍, លោកស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើបទបង្ហាញស្តីពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និង លោកស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ ធ្វើបទបង្ហាញស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានធ្វើបាឋកថា ដោយលើកយកនូវយុទ្ធសាស្ត្រ គោលការណ៍ណែនាំ និងបទពិសោធន៍ល្អៗក្នុងការអនុវត្តការងារជាក់ស្តែង ដើម្បីចែករំលែក និងផ្តល់ជាចំណេះដឹងដល់សិស្សនគរបាល ឱ្យយល់កាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិ ដែលមានបេសកកម្មសំខាន់ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងវិជ្ជាជីវៈ។
លោកឧត្តមសេនីយ៍ ទោស្នងការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ តាមរយៈការបង្កើនប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថក្នុងការបំពេញភារកិច្ច ពីការគ្រប់គ្រង និងត្រួតត្រា ទៅជាការបម្រើ និងធ្វើជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់កសាងជំនឿទុកចិត្តរវាងប្រជាពលរដ្ឋ និងកងកម្លាំងនគរបាលជាតិ តាមរយៈភាពស្មោះត្រង់ វិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវខ្ពស់។
ជាពិសេស លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងពីទិសដៅ និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការកសាងកងកម្លាំងនគរបាលជាតិឱ្យក្លាយជាកម្លាំងទំនើប មានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ ប្រកបដោយសីលធម៌ តម្លាភាព និងជាទីបង្អែកដ៏រឹងមាំរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. ការងារនគរបាល និងសហគមន៍ (Community-Oriented Policing)៖ ជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព និងពង្រឹងយន្តការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ តាមរយៈការពិគ្រោះយោបល់ជាប្រចាំ ដើម្បីស្តាប់កង្វល់ និងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខក្នុងសហគមន៍។
២. ការងារបង្ការ និងទប់ស្កាត់ជាមុន (Proactive & Intelligence-Led Policing)៖ ផ្លាស់ប្តូរពីការរង់ចាំដោះស្រាយបញ្ហាក្រោយពេលកើតហេតុ ទៅជាការស្រាវជ្រាវ ក្តាប់សភាពការណ៍ និងព័ត៌មានសន្តិសុខក្នុងមូលដ្ឋាន ដើម្បីមានវិធានការបង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ព្រមទាំងពង្រឹងការគ្រប់គ្រងមុខសញ្ញាប្រកបដោយប្រសិទ្ធភាព។
៣. ការធ្វើទំនើបកម្ម និងបច្ចេកវិទ្យា (Digital Policing)៖ ជំរុញការប្រមូល គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដូចជា ប្រព័ន្ធ FPCS ប្រព័ន្ធអត្តសញ្ញាណប័ណ្ណ និងទិន្នន័យចរាចរណ៍ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា។
៤. ការកសាងសមត្ថភាព និងអភិបាលកិច្ចល្អ (Capacity Building & Good Governance)៖ យកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញ ចំណេះដឹងផ្នែកច្បាប់ សីលធម៌ វិជ្ជាជីវៈ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងពង្រឹងវិន័យកងកម្លាំង ការទទួលខុសត្រូវចំពោះមុខច្បាប់ និងការប្រឆាំងអំពើពុករលួយ។
៥. លទ្ធផលរំពឹងទុក (Expected Outcomes)៖ តាមរយៈការអនុវត្តទិសដៅ និងយុទ្ធសាស្ត្រខាងលើ នឹងរួមចំណែកកាត់បន្ថយបទល្មើស និងបញ្ហាសង្គមក្នុងមូលដ្ឋាន បង្កើនការចូលរួម និងកិច្ចសហការពីប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងមានទំនុកចិត្តលើកងកម្លាំងនគរបាលជាតិ ក្នុងការរស់នៅ និងប្រកបអាជីវកម្មប្រកបដោយសុវត្ថិភាព។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើដល់សិស្សនគរបាលទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ស្វែងយល់ និងស្រូបយកចំណេះដឹង បទពិសោធន៍ ព្រមទាំងជំនាញវិជ្ជាជីវៈឱ្យបានពេញលេញ ដើម្បីយកទៅអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចនាពេលអនាគត ប្រកបដោយស្មារតីទទួលខុសត្រូវ សុចរិតភាព វិន័យ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងបេសកកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋ៕





















































