បណ្ឌិត កៅ ថាច៖ កង្វល់ធំរបស់ប្រជាកសិករធ្វើកសិកម្ម គឺទុន និងទីផ្សារ និងលើកទឹកចិត្ដ ឲ្យចូលជាសមាជិកសមាគមបណ្តាញកសិករតេជោ
03-11-2026 13:51
(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការី ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករជាង៣០០នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយស ពីលោក តាំង ម៉េងលាង អភិបាលរងខេត្តកំពង់ធំ លោក យ៉ុម ហឿន អភិបាលរងស្រុកស្ទោង ក្រុមការងារសមាគម បណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្ម រួមនិងកសិករប្រមាណ៣០០នាក់។
លោកបណ្ឌិត កៅ ថាច បានថ្លែងថា គោលបំណងនៃការជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករនៅស្រុកស្ទោងនេះ មានគោលដៅធំ៣៖១)-ចង់បង្ហាញឱ្យស្គាល់សមាគមបណ្តាញកសិករតេជោ ទី២)-បង្ហាញឱ្យស្គាល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងទី៣)-ចង់ជជែកអំពីបញ្ហាការធ្វើកសិកម្មរបស់បងប្អូននៅក្នុងស្រុកស្ទោង។
លោកបណ្ឌិតប្រតិភូ បានថ្លែងថា សមាគមបណ្តាញកសិករតេជោ មានតួនាទី
ស្ពានទី១៖ ជាស្ពានឱ្យបងប្អូនប្រជាកសិករទូទាំងប្រទេសដើរឆ្លង ភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ ដែលមានទឹកចិត្តស្រឡាញ់ជួយដល់វិស័យកសិកម្ម។
ស្ពានទី២៖ ជាស្ពានដើរឆ្លងទៅរកបច្ចេកទេស។ បងប្អូនមានរបៀបរបរក្នុងការដាំដុះ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ខ្លួនឯងហើយ ប៉ុន្តែបច្ចេកទេសថ្មីៗមានច្រើន និងមានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចនេះ ទាមទារចំណេះដឹងថ្មីបន្ថែម តាមរយៈសមាគមបណ្តាញកសិករតេជោ។
ស្ពានទី៣៖ ជាស្ពានដើរឆ្លងទៅរកទីផ្សារ ព្រោះការធ្វើកសិកម្ម ហើយលក់មិនដាច់ បងប្អូនអាចយំ។ យើងខ្ញុំអាចផ្តល់ព័ត៌មានលក់នៅកន្លែងណា ឬអាចង្អុលប្រាប់ឱ្យក្រុមហ៊ុនផ្សេងមកជួយទិញបងប្អូនបាន។ ទីផ្សារពិតជាសំខាន់ណាស់ មានតែដើមទុនតែអត់មានទីផ្សារ គឺជាហានិភ័យខ្ពស់។
ស្ពានទី៤៖ ជាស្ពានចម្លងសំឡេងរបស់បងប្អូនកសិករនៅតាមមូលដ្ឋាន។ សំឡេងនៃការព្រួយបារម្ភ សំឡេងបង្ហាញពីទុក្ខលំបាក ត្រូវការជំនួយ ដើម្បីឱ្យអ្នកជំនាញផ្នែក កសិកម្ម អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ដឹកនាំបានឮនៅទូទាំងប្រទេស ចុះដោះស្រាយបានលឿន។ ខ្ញុំមិនចង់ឃើញសំឡេងកង្វល់របស់បងប្អូន នៅភូមិឃុំត្រូវកប់ចោលនោះទេ។
សម្រាប់តួនាទី២ របស់សមាគមបណ្តាញកសិករតេជោ គឺចង់ធ្វើជាខែលឱ្យបងប្អូនជ្រកពេលភ្លៀង ជ្រកពេលថ្ងៃ ទាំងក្តៅទាំងត្រជាក់បាន។ ជួយការពារភាពស្របច្បាប់ ភាពត្រឹមត្រូវរបស់បងប្អូន។ បើបងប្អូនមានរឿងណាដែលមានការរំលោភឬបំពានដោយខុសច្បាប់ដោយបុគ្គលណាមួយ យើងខ្ញុំអាចផ្តល់មេធាវី ឬត្រូវផ្តល់ជាយោបល់ត្រូវធ្វើរបៀបម៉េចបាន។ នេះហើយគឺជាជម្រកឬ ជាខែលសម្រាប់ការពារភាពស្របច្បាប់របស់បងប្អូន។
លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា «ដូចនេះសូមបងប្អូនជឿជាក់មកលើសមាគមបណ្តាញកសិករតេជោរបស់យើង ហើយបងប្អូនអាចចូលរួម បានទោះបីបងប្អូន នៅក្នុងសហគមន៍កសិកម្មណា ក៏អាចចូលរួមនៅតាមបណ្តាញណាមួយក៏បាន ដើម្បីទទួលបាននូវអត្ថប្រយោជន៍»។ លោកបណ្ឌិត លើកឡើងថា កង្វល់ធំរបស់បងប្អូនប្រជាកសិករធ្វើកសិកម្ម គឺទុន និងទីផ្សារ។
បើនិយាយពីទុន របស់ធនាគារ ARDB មានអត្រាការប្រាក់សមរម្យសម្រាប់យកប្រើប្រាស់ក្នុងមុខរបរក្នុងវិស័យកសិកម្មដែលអាចទទួលបានផលចំណេញ។ លើសពីនេះ លោកបណ្ឌិត ក្រើនរំលឹកដល់ប្រជាកសិករថា ថ្មីៗរាជរដ្ឋាភិបាលក៏បានជូនដំណឹងអំពីកង្វះទឹកសម្រាប់ធ្វើកសិកម្មដោយសារតែស៊ុពើអែលនីញ៉ូ ដែលអាចធ្វើឱ្យខ្វះខាតទឹកនៅពេលខាងមុខ។ ដូចនេះមុនធ្វើទាមទារឱ្យមានគិតគូរ ពិចារណាឱ្យបានច្បាស់លាស់ ចៀសវាងការខាតបង់ប្រាក់និងខាតបង់ពេលវេលា។
បន្ថែមលើសពីនេះ លោកបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ចាប់អារម្មណ៍ទៅលើការគិតគូដល់ថ្លៃដើមផលិតស្រូវឱ្យបានច្បាស់លាស់ ដើម្បីឱ្យដឹងថាបានប្រាក់ចំណេញឬខាតនៅពេលលក់កសិផលរបស់ខ្លួនម្តងៗ៕










