* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ពិភាក្សាជាមួយ IMF អំពីទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងការវាយតម្លៃកំណើនឡើងវិញ

03-11-2026 14:05

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុម និងលោក Julio Bacio Terracino ទីប្រឹក្សាផ្នែកការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយផ្តោតលើការវិវត្តនៃស្ថានភាព និងទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច, តម្រូវការជំនួយបច្ចេកទេស ព្រមទាំងកាលបរិច្ឆេទនៃបេសកកម្ម IMF Article IV សម្រាប់ឆ្នាំ ២០២៧ ។

ស្ថិតក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, លោកអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងអំពីការវាយតម្លៃឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ៤.០% ក្នុងឆ្នាំ ២០២៦ និង៤.៨% ក្នុងឆ្នាំ ២០២៧, ដែលជាកំណើនមួយទាបជាងការវាយតម្លៃពីដើមឆ្នាំ។

កំណើនទាបជាងការវាយតម្លៃកន្លងទៅនេះ គឺដោយសារការទទួលរងនូវផលប៉ះពាល់ក្នុងទំហំធំជាងការរំពឹងទុក ពីបញ្ហាផ្ទួនៗគ្នា ពោលគឺសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងថ្លៃប្រេងឥន្ធនៈ, ការបង្រ្កាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ, ដែលបានទាញទម្លាក់កំណើនវិស័យសំខាន់ៗមួយចំនួន ពិសេសវិស័យកសិកម្ម សំណង់-អចលនទ្រព្យ និងទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត។

ទន្ទឹមគ្នានេះ, វិស័យកសិកម្ម ក៏ទទួលរងផលប៉ះពាល់ថែមមួយកម្រិតទៀតពីឥទ្ធិពល El Niño ពិសេស លើផ្ទៃដីបង្កបង្កើនផល​ ដែលនឹងជះឥទ្ធិពលជាអវិជ្ជមាន មកលើសមត្ថភាពផលិតកម្ម។ ទោះបីជាយ៉ាងណា, វិស័យបម្រើការនាំចេញ តួយ៉ាងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ រំពឹងថានឹងនៅបន្តរក្សាបានកំណើនល្អ ដែលបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៧ ជារួម។

ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យ ក៏បានបន្តលើកឡើងថា កម្ពុជាបាន និងកំពុងបន្សាំខ្លួនជាមួយនឹងភាពមិនប្រាកដប្រជា និងការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយភាយពីពហុវិបត្តិផ្ទួនៗ (multiple shocks)។ ក្នុងបរិការណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលមានជាអាទិ៍យន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។

អគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ពីការផ្លាស់ប្ដូរជំហរគោលនយោបាយហិរញ្ញវត្ថុសារធារណៈកម្ពុជា (Fiscal Stance) ទៅប្រកាន់យក «ជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គាំពារកំណើនចំគោលដៅ ក្នុងគោលដៅបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងទ្រទ្រង់កំណើនក្នុង រយៈពេលមធ្យម»។

លោក Kenichiro Kashiwase ក៏បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចសកលបន្ដមានភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជា និងការកើនឡើងអតិផរណាជាសកល ព្រមទាំងកត់សម្គាល់ថាកំណើនសេដ្ឋកិច្ចកម្ពុជានៅរក្សាបានភាពធន់ គាំទ្រដោយវិស័យនាំចេញ។

លោក Kenichiro បានលើកឡើងអំពីសារៈសំខាន់នៃសុចរិតភាពនៃវិស័យហិរញ្ញវត្ថុ និងការប្តេជ្ញារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយបច្ចេកទេសលើការងារសំខាន់ៗ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង រួមមាន៖ ការកៀរគរចំណូល, យុទ្ធសាស្ត្របែងចែក និងគ្រប់គ្រងចំណាយរយៈពេលមធ្យម (MTEAMS) និងការគ្រប់គ្រងទ្រព្យនិម្មិត (Virtual asset management) និងការងារសំខាន់ៗផ្សេងទៀត ដែលនឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន ។

ជាចុងក្រោយ, អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលមូលនិធិ- រូបិយវត្ថុអន្តរជាតិ ដែលតែងតែនាំយកនូវទស្សនាទាន និងអនុសាសន៍ល្អៗ គាំទ្រដល់ការរៀបចំគោលនយោបាយ, និង ត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមបេសកកម្ម Article IV ក្នុងឆ្នាំ ២០២៧ ដើម្បីបន្តតាមដាន និងវាយតម្លៃស្ថានភាពកម្ពុជាក្នុងបរិការណ៍សេដ្ឋកិច្ចសកលមិនប្រាកដប្រជា៕