រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ (Video inside)
03-11-2026 14:13
(បាងកក)៖ ប្រភពពីមន្រ្តីនៅប្រទេសថៃ បានឱ្យដឹងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល បានយល់ព្រមលើកាលវិភាគចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ដើម្បីបើកការជជែកដេញដោល និងការបោះឆ្នោតដកសេចក្តីទុកចិត្ត ដែលរដ្ឋាភិបាលលោក ត្រូវប្រឈមជាលើកដំបូង នៅក្នុងសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Ekkapob Pianpises បាននិយាយថា ដំណើរការជជែកដេញដោល នឹងមានរយៈពេលសរុប៤ថ្ងៃ ហើយការបោះឆ្នោតដកសេចក្តីទុកចិត្ត នឹងធ្វើឡើងនៅថ្ងៃចុងក្រោយ គឺថ្ងៃទី១១ ខែធ្នូ តាមកាលវិភាគដែលបានព្រមព្រៀងគ្នា រវាងប្រធានក្រុមសម្របសម្រួលរបស់ភាគីរដ្ឋាភិបាល និងភាគីបក្សប្រឆាំង។ គណបក្សប្រឆាំង បានដាក់ញត្តិដកសេចក្តីទុកចិត្ត មានគោលដៅលើរដ្ឋមន្ត្រីសរុបចំនួន១៨រូប មកពីគណបក្សភូមិចៃថៃ ដែលកំពុងកាន់អំណាច រួមទាំងលោក អានុទីន ដែលជានយករដ្ឋមន្រ្តីផងដែរ។ ក្រោមច្បាប់នៅប្រទេសថៃ គណបក្សប្រឆាំងមានសិទ្ធិអាចដាក់ញត្តិទាមទារបោះឆ្នោតដកសេចក្តីទុកចិត្ត បានម្តងក្នុងមួយឆ្នាំ។
ការចោទប្រកាន់របស់បក្សប្រឆាំងលើរដ្ឋាភិបាលលោក អានុទីន រួមមានដូចជា ការក្លែងបន្លំក្នុងដំណើរការបោះឆ្នោតព្រឹទ្ធសភា អំពើពុករលួយក្នុងការប្រឡងជ្រើសរើសបុគ្គលិករដ្ឋបាលតាមមូលដ្ឋាន និងការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ ព្រមទាំងការឆ្លើយតបដោយអសមត្ថភាព ចំពោះគ្រោះទឹកជំនន់ថ្មីៗនេះ។ គណបក្សភូមិចៃថៃ បានច្រានចោលការចោទប្រកាន់ទាំងនេះ និងបាននិយាយថា ខ្លួនត្រៀមលក្ខណៈរួចជាស្រេច ក្នុងការប្រឈមមុខនឹងដំណើរការដកសេចក្តីទុកចិត្តនៅក្នុងសភា។
លោក Wanwichit Boonprong សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Rangsit បាននិយាយថា លោក អានុទីន ត្រូវបានរំពឹងថា នឹងទទួលសំឡេងគាំទ្រឱ្យបន្តកាន់តំណែង ដោយសាររដ្ឋាភិបាលរបស់លោក កាន់កាប់សំឡេងភាគច្រើនក្នុងសភា ប៉ុន្តែអាចនឹងមានការរុះរើគណៈរដ្ឋមន្ត្រី ក្រោយការបោះឆ្នោតនោះ។ រដ្ឋាភិបាលចម្រុះរបស់លោក អានុទីន ដែលបានឡើងកាន់អំណាច ក្រោយគណបក្សភូមិចៃថៃ ទទួលបានជ័យជម្នះយ៉ាងធំ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ បច្ចុប្បន្នក្តោបក្តាប់អាសនៈចំនួន ២៩២ ក្នុងចំណោមអាសនៈសរុប៤៩៩ នៅក្នុងសភា រីឯបក្សប្រឆាំងមាន២០៧អាសនៈ។
គួរបញ្ជាក់ថា ដើម្បីអាចទម្លាក់នាយករដ្ឋមន្ត្រី ឬមួយក៏រដ្ឋមន្ត្រីណាម្នាក់ពីតំណែងបាន គឺត្រូវការសំឡេងគាំទ្រច្រើនជាងពាក់កណ្តាល នៃសមាជិកសភាទាំងអស់។ គណបក្ស Kla Tham ដែលមានសមាជិកសភា ៥៨រូប ហើយពុំស្ថិតក្នុងរដ្ឋាភិបាលចម្រុះរបស់លោក អានុទីន ទេនោះ មិនបានចូលរួមក្នុងការដាក់ញត្តិដកទំនុកចិត្តឡើយ ដែលធ្វើឱ្យកម្លាំងរបស់បក្សប្រឆាំង ចុះខ្សោយ៕




