* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០

03-11-2026 14:17

(ភ្នំពេញ)៖ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការត្រួតពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នា បទពិសោធទទួលបាន និងការរៀបចំផែនការសម្រាប់ឆ្នាំ ២០២៧-២០៣០» ដែលរៀបចំឡើងដោយគម្រោងភាពជាដៃគូ ILO-Korea នាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិត, និយោជក, អង្គការ ILO និងភ្ញៀវជាតិ-អន្តរជាតិជាដៃគូអភិវឌ្ឍន៍។

សិក្ខាសាលានេះមានគោលបំណង ពិនិត្យវឌ្ឍនភាពរួមគ្នា និងសមិទ្ធផលសំខាន់ៗនៃគម្រោង, កំណត់បញ្ហាប្រឈមដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោងចាប់ពីឆ្នាំ ២០២៤-២០២៦, ចងក្រងមេរៀនទទួលបាន និងការអនុវត្តល្អៗ ព្រមទាំងរៀបចំផែនការសម្រាប់ឆ្នាំ២០២៧-២០៣០ តាមរយៈការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំចំណុចអាទិភាព ការអន្តរាគមន៍ជាយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវសម្រាប់កម្មវិធីបន្ត។

ថ្លែងក្នុងពិធីបើក លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះគម្រោងភាពជាដៃគូ ILO-Korea ដែលបានរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង និងបានកោតសរសើរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សហជីព សមាគមនិយោជក និងដៃគូអភិវឌ្ឍន៍ ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ជាពិសេសបងប្អូនកម្មករនិយោជិតដែលបំពេញការងារក្នុងវិស័យសំណង់ ព្រមទាំងបានរួមចំណែកក្នុងការលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈក្នុងរយៈពេលកន្លងមក។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់ការងារ និងការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពសំខាន់។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០២៤-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងទិសដៅពង្រឹងការអនុវត្តច្បាប់ការងារ លើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ ព្រមទាំងជំរុញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃពិភពការងារ។

ក្រសួងក៏បានបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ រួមមាន ILO, ILO-BFC, ILO-Korea, KOSHA និង GIZ ក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងផ្សព្វផ្សាយចំណេះដឹងស្តីពីសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងជំរុញការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ តាមរយៈការចរចា សម្របសម្រួល និងផ្សះផ្សា ដើម្បីកាត់បន្ថយភាពតានតឹង រក្សាទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងនិយោជក និងស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ។ ទន្ទឹមនេះ ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីពង្រឹងក្របខ័ណ្ឌគតិយុត្ត និងវប្បធម៌បង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ និងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពការងារតាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយ ការចុះអធិការកិច្ច និងការតាមដាន ដើម្បីបង្ការគ្រោះថ្នាក់ការងារ ការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងបង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការ ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាព និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ព្រមទាំងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់បញ្ហាប្រឈម ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត។ លោកសង្ឃឹមយ៉ាងមុតមំាថា សិក្ខាសាលានេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមផ្តល់ជាមតិយោបល់ កែលម្អការអនុវត្តសកម្មភាព ដែលអនុវត្តក្រោមគម្រោងនាពេលកន្លងមក និងលើកទ្បើងនូវបញ្ហាប្រឈម ក៏ដូចជាអនុសាសន៍ផ្សេងៗដើម្បីដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៧-២០៣០៕