ធនាគារជាតិនៃកម្ពុជា បន្តជំរុញឱ្យគ្រប់ភាគី និងប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងការទូទាត់តាមប្រព័ន្ធឌីជីថល
03-11-2026 14:26
(កំពត)៖ ធនាគារជាតិនៃកម្ពុជា បានបន្តជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងប្រជាពលរដ្ឋទូទៅ ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីពង្រឹងតួនាទីរូបិយវត្ថុជាតិ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
នេះបើតាមការលើកឡើងរបស់លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ» នៅខេត្តកំពតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
លោក យឹម លាត បានថ្លែងថា ជុំវិញការងារលើកកម្ពស់ប្រាក់រៀលនេះ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀល បានចាត់ទុកជាការងារអាទិភាពមួយ ហើយចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ជាលទ្ធផល និន្នាការនៃការប្រើប្រាស់ប្រាក់រៀល ក៏មានការកើនឡើងជាលំដាប់ផងដែរ។
លោកបានបន្តថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល មិនមែនជាកិច្ចការរបស់ធនាគារជាតិនៃកម្ពុជា តែមួយនោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានក្រសួង-ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សហគ្រាស អាជីវករ គ្រឹះស្ថានអប់រំ និងប្រជាពលរដ្ឋគ្រប់រូប។
លោកបានលើកឡើងថា ការចូលរួមអាចចាប់ផ្តើមពីសកម្មភាពសាមញ្ញក្នុងជីវភាពប្រចាំថ្ងៃដូចជា ការបង្ហាញតម្លៃទំនិញ និងសេវាកម្មជាប្រាក់រៀល ការបើកប្រាក់បៀវត្សជូនបុគ្គលិកជាប្រាក់រៀល ការបើកគណនីសន្សំ និងការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈ KHQR។
ចំណែកសិស្សានុសិស្ស និងយុវជន ក៏គួរចាប់ផ្តើមស្គាល់ពីតម្លៃប្រាក់រៀល និងបង្កើតទម្លាប់ប្រើប្រាស់រូបិយវត្ថុជាតិឱ្យបានទូលំទូលាយផងដែរ។
លោកបានបញ្ជាក់ថា ក្រៅពីការប្រើប្រាស់ក្រដាសប្រាក់រៀល ប្រជាពលរដ្ឋក៏អាចធ្វើការទូទាត់ជាប្រាក់រៀលតាមទូរស័ព្ទដៃបានយ៉ាងងាយស្រួល ដោយគ្រាន់តែស្កេន QR Code ដែលជាភាពងាយស្រួលមួយកើតចេញពីការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ជាពិសេសប្រព័ន្ធបាគង និងស្តង់ដា KHQR។
លោក យឹម លាត បន្ថែមថា ប្រព័ន្ធបាគង និងស្តង់ដា KHQR ដែលធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២០ និងឆ្នាំ២០២២រៀងគ្នា បានរួមចំណែកធ្វើឱ្យការផ្ទេរប្រាក់ និងការទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កាន់តែងាយស្រួល ឆាប់រហ័ស និងចំណាយតិច ព្រមទាំងពង្រីកលទ្ធភាពទូទាត់ឆ្លងដែនជាមួយប្រទេសជាដៃគូផងដែរ។
លើសពីនេះ ស្តង់ដា KHQR ក៏ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយអនុញ្ញាតឱ្យអាជីវករប្រើប្រាស់ស្លាក KHQR តែមួយ ដើម្បីទទួលការទូទាត់ពីគ្រឹះស្ថានធនាគារផ្សេងៗ ទាំងជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ជំនួសឱ្យការដាក់ស្លាកច្រើនតាមប្រភេទគណនី និងរូបិយប័ណ្ណដូចមុន។
លោកបន្ថែមថា ការអភិវឌ្ឍនេះបានជួយសម្រួលដល់អ្នកទិញ និងអ្នកលក់ ព្រមទាំងជំរុញការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធឌីជីថលឱ្យកាន់តែទូលំទូលាយ។
លោក យឹម លាត ក៏បានអំពាវនាវដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តកំពតទាំងអស់ ឱ្យបង្កើនការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការទូទាត់ជាប្រាក់រៀលនៅលើទីផ្សារឱ្យកាន់តែទូលំទូលាយ ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ៕


















