ពលរដ្ឋខណ្ឌច្បារអំពៅ សំណូមពរអាជ្ញាធរជួយកសាងផ្លូវបេតុង១ខ្សែ លូ តភ្លើងបំភ្លឺសាធារណៈ និងការយកថ្លៃសំរាម
03-11-2026 14:51
(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ បានលើកឡើងជាសំណើរ និងសំណូមពរជាច្រើន ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ ក្នុងនោះមានទាំងការស្នើសុំឲ្យមានវិធានការ ចំពោះសិប្បកម្មធ្វើថ្មម៉ាប ដែលធ្វើឲ្យហុយ និងមានសម្លេងរំខាន ពិបាកក្នុងការរស់នៅ ពិសេសគឺប៉ះពាល់ដល់សុខភាពពួកគាត់តែម្តង។
សំណើរបស់ពលរដ្ឋបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក អ៊ីម រ៉នហាស្សាន់ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តវាលស្បូវ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋបានលើកឡើងថា ផ្ទះរបស់ពួកគាត់ស្ថិតនៅក្បែរគ្នា និងសិប្បកម្មធ្វើថ្មម៉ាប ហើយសិប្បកម្មនេះបានធ្វើឲ្យហុយ និងមានសម្លេងរំខាន ពិបាកក្នុងការរស់នៅ ពិសេសគឺប៉ះពាល់ដល់សុខភាពពួកគាត់តែម្តង។ ដូច្នេះពួកគាត់ស្នើសុំឲ្យអាជ្ញាធរមានវិធានការចំពោះសិប្បកម្មនេះ ដោយពួកគាត់បានស្នើសុំម្តងហើយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បែបនេះដែរ កាលពីឆ្នាំ២០២៤ ប៉ុន្តែសិប្បកម្មនោះ មិនបានអនុវត្តបានពេញលេញឡើយ ពោលគឺនៅតែហុយ និងរំខានរាល់ថ្ងៃ។ ក្រៅពីសំណើរខាងលើនេះ ក៏មានពលរដ្ឋមួយចំនួនទៀត បានលើកជាសំណើ និងសំណូមពរឲ្យជួយកសាងផ្លូវបេតុង១ខ្សែ លូ តភ្លើងបំភ្លឺសាធារណៈ និងការយកថ្លៃសំរាមផងដែរ។
ជុំវិញការស្នើឡើងដោយផ្ទាល់មាត់ពីសំណាក់ពលរដ្ឋនេះ ត្រូវបានដោះស្រាយភ្លាមៗ នៅក្នុងវេទិកានេះ ដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ចំពោះស្នើសុំខាងលើអាជ្ញាធរខណ្ឌ និងចុះពិនិត្យដោះស្រាយជូនភ្លាមៗ។
លោក អ៊ីម រ៉នហាស្សាន់ បានលើកឡើងថា វេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់មាត់ ចំនួន៣នាក់ និងសំណើរ និងសំណូមពរ ជាលាយលក្ខណ៍អក្សរ ចំនួន៣២ច្បាប់។ ចំពោះសំណើដោយផ្ទាល់មាត់ យើងបានដោះស្រាយភ្លាមៗ។ ចំណែកសំណើជាលាយលក្ខណ៍អក្សរវិញ អាជ្ញាធររាជធានី និងធ្វើការដោះស្រាយជូននៅពេលក្រោយ។
លោក ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ (ភូមិ សង្កាត់មានសុវត្ថិភាព), ការអភិវឌ្ឍមូលដ្ឋាន, សុខមាលភាពប្រជាពលរដ្ឋ និងបរិស្ថាន, ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឲ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។
លោក ជួប ខុន បានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឲ្យអាជ្ញាធរ ក្តាប់បានពីតម្រូវការ ការចង់បានរបស់ប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីយកមកដោះស្រាយជូនពួកគាត់ធ្វើឲ្យជីវភាព និងការរស់នៅរបស់ពួកគាត់កាន់តែ មានការអភិវឌ្ឍរីកចម្រើន៕



































