លោក ឃុត រ៉ឺណង់ និងក្រុមគ្រួសារ ថ្លែងអំណរព្រះគុណ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត និង សម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង ដែលផ្ដល់គោរម្យងារដល់ឪពុករបស់លោក
03-11-2026 14:53
(ភ្នំពេញ)៖ លោក ឃុត រ៉ឺណង់ តំណាងឱ្យក្រុមគ្រួសារនៃសព បានសម្ដែងនូវក្ដីរំភើបរីករាយឥតឧបមា និងសូមក្រាបថ្វាយបង្គំថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះទ័យប្រោសប្រទានព្រះរាជប្រកាសនីយប័ត្រផ្ដល់គោរម្យងារជូនឪពុកបង្កើតរបស់លោក គឺឧបាសក អ៊ុយ ស៊ីមួន ជា «មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍»។
លោក ឃុត រ៉ឺណង់ ព្រមទាំងក្រុមគ្រួសារទាំងអស់ បានចាត់ទុកការប្រោសប្រទានគោរម្យងារដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចព្រះមហាសង្ឃរាជ និង សម្ដេចព្រះសង្ឃនាយក នាពេលនេះ ថាគឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ដួងវិញ្ញាណក្ខន្ធលោកឪពុក អ៊ុយ ស៊ីមួន ក៏ដូចជាក្រុមគ្រួសារនៃសពទាំងមូល។ ការផ្ដល់គោរម្យងារនេះ ក៏ជាសក្ខីភាពនៃការទទួលស្គាល់នូវគុណូបការៈ សទ្ធាជ្រះថ្លា និងស្នាដៃដ៏ធំធេងរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន ដែលក្នុងមួយជីវិតរបស់លោក តែងតែបានលះបង់កម្លាំងកាយចិត្ត និងធនធាន ចូលរួមយ៉ាងសកម្មក្នុងការឧបត្ថម្ភគាំទ្រ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
សូមបញ្ជាក់ថា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏បានបានចេញព្រះរាជសង្ឃប្រកាសត្រាស់បញ្ញត្តិ ប្រោសព្រះរាជទានគោរម្យងារជូន មហាឧបាសក អ៊ុយ ស៊ីមួន (ត្រូវជាឪពុកបង្កើតរបស់លោក ឃុត រ៉ូណង់) ជា «ធម្មសុមនបញ្ញាវង្សាធិបតី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» ជាកិច្ចបច្ឆាមរណៈផងដែរ៕







