រដ្ឋបាលខេត្តរតនគិរី បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងបានលុង
03-11-2026 15:35
(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងបានលុង ដោយវេទិកាដ៏មានសារៈសំខាន់នេះ បានរៀបចំធ្វើឡើងនៅសាលមហោស្រពរតនៈ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
នាឱកាសនេះ លោក ញ៉ែម សំអឿន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាយន្តការប្រជាធិបតេយ្យយ៉ាងសំខាន់ ក្នុងការជំរុញការចូលរួមពីប្រជាពលរដ្ឋតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ។ យន្តការនេះធ្វើឡើងដើម្បីធានាថា ការអភិវឌ្ឍមូលដ្ឋានពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងបង្កើនតម្លាភាព និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាពិសេស វេទិកានេះរៀបចំឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ព្រមទាំងផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានបញ្ចេញមតិ លើកឡើងនូវបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋានផងដែរ។
លោក ញ៉ែម សំអឿន បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះ ឲ្យបានច្រើន ដើម្បីឲ្យក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា ស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន ដើម្បីធានាថា គ្មានសំឡេង ឬកង្វល់របស់ប្រជាពលរដ្ឋណាមួយត្រូវបានមើលរំលងឡើយ។
ជាមួយគ្នានេះ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីម្ចាស់ការ និងការចូលរួមបញ្ចេញមតិយោបល់យ៉ាងផុសផុល ត្រង់ទៅត្រង់មករបស់ប្រជាពលរដ្ឋក្រុងបានលុង។
ចំពោះសំណើណាដែលស្មុគស្មាញ ដែលត្រូវប្រើប្រាស់ថវិកា ឬពេលវេលាយូរ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានកត់ត្រាទុកជាអាទិភាព ដើម្បីបញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់៕















