មន្ត្រីជំនាញក្រសួងវប្បធម៌ រកឃើញវត្ថុបុរាណសំខាន់ៗនៅប្រាសាទព្រៃដើមស្រុក ខេត្តព្រៃវែង
03-11-2026 16:29
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីជំនាញផ្នែកអភិរក្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយមន្ទីរវប្បធម៌ខេត្តព្រៃវែង និងអាជ្ញាធរស្រុកស៊ីធរកណ្តាល ដឹកនាំដោយលោក ស៊ាន ចិន្តា អភិបាលស្រុក បានចុះពិនិត្យសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវបានរកឃើញក្នុងពេលធ្វើកំណាយជួសជុលតួប្រាសាទព្រៃដើមស្រុក។ ប្រាសាទបុរាណនេះស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
យោងតាមការសន្និដ្ឋានរបស់ក្រុមការងារជំនាញ ប្រាសាទព្រៃដើមស្រុកត្រូវបានកសាងឡើងនៅអំឡុងសតវត្សទី៧។ វត្ថុបុរាណដែលបានរកឃើញរួមមាន ពុទ្ធរូបធ្វើពីលោហៈចំនួន ៦អង្គ ភាជន៍ចំនួន ៤ដុំ និងបំណែកឆ្អឹងចំនួន ៣ដុំ។ វត្ថុបុរាណទាំងនេះទំនងជាត្រូវបានកប់តាំងពីអំឡុងសតវត្សទី១៦-១៧ នៅតំបន់ខឿនផ្នែកពាយ័ព្យនៃតួប្រាសាទ។
វត្ថុបុរាណទាំងអស់ដែលបានរកឃើញ ត្រូវបានប្រគល់ជូនមន្ត្រីជំនាញនៃក្រសួងវប្បធម៌ ដើម្បីយកទៅរក្សាទុក និងអភិរក្សជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។ ការរកឃើញដ៏សំខាន់នេះ គឺជាផ្នែកមួយដ៏មានតម្លៃក្នុងការសិក្សា ស្រាវជ្រាវ និងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ អរិយធម៌ និងតម្លៃបេតិកភណ្ឌវប្បធម៌របស់ជាតិ ដែលទាមទារការចូលរួមថែរក្សា និងការពារពីគ្រប់ភាគី ដើម្បីបន្សល់ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ៕






















