ដំណឹងល្អ! សិង្ហបុរី ត្រូវការកម្លាំងពលកម្មពីកម្ពុជា លើវិស័យសំណង់, កម្មករមួយចំនួន ស្ថិតក្រោមការបណ្តុះបណ្តាលសមត្ថភាពមុនបញ្ជូនទៅធ្វើការក្នុងប្រទេសសិង្ហបុរី
03-11-2026 16:52
(ភ្នំពេញ)៖ ជាដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជំនាញផ្នែកសំណង់ ក្រោយរដ្ឋាភិបាលសិង្ហបុរី កំពុងត្រូវការកម្លាំងពលកម្មពីកម្ពុជា ដើម្បីឲ្យទៅបំពេញការងារក្នុងស្រុករបស់ពួកគេ ដែលតាមការរំពឹងទុកនឹងទទួលបានប្រាក់ខែខ្ពស់ បើប្រៀបជាមួយប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ាន។
ដំណឹងត្រូវការកម្លាំងពលកម្មរបស់កម្ពុជា ក៏ត្រូវបានស្ថានទូតសិង្ហបុរី ធ្វើការផ្សព្វផ្សាយនៅតាមបណ្តាញហ្វេសប៊ុកទូតរបស់ខ្លួនផងដែរ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមព័ត៌មាន, កម្មករមួយចំនួនអាចខ្ទង់២០នាក់ បាននិងកំពុងស្ថិតក្រោមការបណ្តុះបណ្តាលបន្ថែមទាំងភាសា និងជំនាញលើការងារសំណង់ មុនបញ្ជូនពួកគេធ្វើការនៅសិង្ហបុរី ដែលជាជំហានដំបូង មុនធ្វើការជ្រើសរើសបន្តទៀត។
ស្ថានទូតសិង្ហបុរី បានបញ្ជាក់ថា «ការអភិវឌ្ឍជំនាញ បង្កើតឱកាស»៖ កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងកម្ពុជា លើវិស័យកម្លាំងពលកម្ម កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងកម្ពុជាក្នុងវិស័យសំណង់ មិនត្រឹមតែផ្តល់ឱកាស ការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការបណ្តុះបណ្តាលជំនាញជាក់ស្តែង និងការពង្រឹងសមត្ថភាពដល់កម្មករកម្ពុជាឱ្យមានចំណេះដឹង និងជំនាញចាំបាច់ ដើម្បីបំពេញការងារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅប្រទេសសិង្ហបុរី។
វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) សហការជាមួយក្រុមហ៊ុន SG Aston Singapore ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញសំណង់ និងការវាយតម្លៃសមត្ថភាពជូនដល់កម្មករកម្ពុជា ដែលមានបំណងទៅធ្វើការ នៅប្រទេសសិង្ហបុរី។ ការបណ្តុះបណ្តាល និងការធ្វើតេស្តជំនាញទាំងនេះត្រូវបានបញ្ជាក់វិញ្ញាបនបត្រដោយ ITE Education Services ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី (ITE)។
តាមរយៈការបណ្តុះបណ្តាលជាក់ស្តែង និងការវាយតម្លៃជំនាញ កម្មករទទួលបានបទពិសោធន៍ និងការយល់ដឹងអំពីបច្ចេកទេសសំណង់ ការអនុវត្តការងារនៅកន្លែងធ្វើការ ព្រមទាំងស្តង់ដារចាំបាច់ក្នុងវិស័យសំណង់ របស់ប្រទេសសិង្ហបុរី។
ភាពជាដៃគូនេះផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ ដោយជួយបំពេញតម្រូវការកម្លាំងពលកម្មក្នុងវិស័យសំណង់របស់ប្រទេសសិង្ហបុរី ព្រមទាំងផ្តល់ឱកាសដល់កម្មករកម្ពុជាក្នុងការទទួលបានជំនាញ បទពិសោធន៍ និងឱកាសការងារដ៏មានតម្លៃ។
សិង្ហបុរីផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះជាមួយកម្ពុជា និងទន្ទឹងរង់ចាំការពង្រឹងភាពជាដៃគូបន្ថែមទៀតលើការអភិវឌ្ឍកម្លាំងពលកម្ម និងការបណ្តុះបណ្តាលជំនាញ៕









