តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
03-11-2026 16:53
(ភ្នំពេញ)៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិទ្យាល័យព្រះអង្គឌួង ដែលជាសាលារៀនជំនាន់ថ្មី បានចាប់ផ្តើមអនុវត្តវិធានការហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងសិក្សា ដោយបានរៀបចំ «ប្រអប់ទូរសព្ទ» បំពាក់តាមបន្ទប់រៀននីមួយៗ តាំងពីឆ្នាំសិក្សា ២០២៥-២០២៦ មក។ នេះបើការបញ្ជាក់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា គោលបំណងសំខាន់នៃការអនុវត្តវិធានការនេះ គឺដើម្បីពង្រឹងវិន័យសិក្សា និងជួយឱ្យសិស្សានុសិស្សអាចផ្តោតអារម្មណ៍លើការសិក្សាបានកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទោះជាយ៉ាងនេះក្តី សិស្សានុសិស្សនៅតែអាចយកទូរសព្ទមកប្រើប្រាស់វិញបាននៅពេលចប់ម៉ោងសិក្សា ឬដើម្បីស្រាវជ្រាវមេរៀន ដោយមានការអនុញ្ញាត និងការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូបង្រៀនផ្ទាល់។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីនៅវិទ្យាល័យក្រាល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវទិសដៅក្នុងឆ្នាំ២០២៧ គឺសិស្សសាលារដ្ឋទូទាំងប្រទេស មិនឱ្យប្រើទូរស័ព្ទក្នុងម៉ោងសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូ លុះត្រាតែដល់ម៉ោងចេញពីសាលា លើកលែងតែមុខវិជ្ជាដែលគ្រូអនុញ្ញាតឱ្យសិក្សាស្រាវជ្រាវប៉ុណ្ណោះ។
សម្តេចបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា ឆ្នាំ ២០២៦-២០២៧ យើងនឹងឈានដល់សាលារៀនរដ្ឋទូទាំងប្រទេស គឺគ្មានថ្នាក់រៀនណាដែលសិស្សប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងរៀន ដោយគ្មានការអនុញ្ញាតពីគ្រូ»។ នេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕








