ទ្វារទឹករលាំងជ្រៃ៖ សសរស្តម្ភនៃធារាសាស្ត្រ ការអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា រំដោះការជន់លិចនៅតំបន់ភាគនិរតីរាជធានីភ្នំពេញ និងតំបន់ជុំវិញ ក្រោមជំនួយជប៉ុន
03-11-2026 17:25
(កំពង់ស្ពឺ)៖ សំណង់ទ្វារទឹករលាំងជ្រៃ ដែលស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានគេមើលឃើញថា មិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានទឹក និងការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរំដោះការជន់លិចទឹកនៅតំបន់ភាគនិរតីរាជធានីភ្នំពេញ និងតំបន់ជុំវិញផងដែរ។
សំណង់ទ្វារទឹកនេះ មានការគ្រប់គ្រងលំហូរទឹក ដោយអាចបើក និងបិទលំហូរទឹក, បញ្ជូនទឹកទៅកាន់ប្រព័ន្ធប្រឡាយ ស្រោចស្រព, ជួយកាត់បន្ថយហានិភ័យនៃការជន់លិចនៅតំបន់ ក្នុងនោះក៏មានតំបននិរតីនៃរាជធានីភ្នំពេញ, ធានាការផ្គត់ផ្គង់ទឹកសម្រាប់ ប្រជាកសិករ, ជួយបង្កើនផលិតភាពកសិកម្ម និងការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព។
នេះបើតាមការបញ្ជាក់របស់លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចស្ដីពីជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ឆ្នាំ២០២៦ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្សិលមិញ។
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ បានបន្តថា សំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធធារាសាស្ត្រ ដែលមាន តួនាទីគ្រប់គ្រងលំហូរទឹក និងបញ្ជូនទឹកទៅកាន់ប្រព័ន្ធប្រឡាយនានា សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ។ការកែលម្អ និងស្ដារសំណង់នេះឡើងវិញ នឹងជួយបង្កើនសមត្ថភាពគ្រប់គ្រងទឹកឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់ទឹកតាមរដូវកាល។
ជាមួយគ្នានេះ លោក ពេជ្រ វាសនា បានបន្ថែមថា ការស្តារប្រព័ន្ធប្រឡាយមេ និងប្រឡាយរង ព្រមទាំងសំណង់សិល្បការ្យពាក់ព័ន្ធ ក៏ ជាការងារចាំបាច់ក្នុងការធានាឱ្យប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកដំណើរការបានល្អប្រសើរ។ ការងារទាំងនេះនឹងជួយសម្រួលដល់ ការបញ្ជូនទឹកចូលតំបន់កសិកម្មក្នុងរដូវប្រាំង និងបង្កើនសមត្ថភាពបង្ហូរទឹកចេញនៅរដូវវស្សា។
រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានជួយកែលម្អ និងស្ថាបនាប្រឡាយរងនៃសំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតនៅលើដងស្ទឹងព្រែកត្នោត ក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាត ដោយសារទឹកជំនន់នៅតាមតំបន់ជនបទ និងតំបន់ជួបការលំបាក ដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ទំហំទឹកប្រាក់ឥណទាននៃការអនុវត្តគម្រោងក្នុង ៣ដំណាក់កាល គិតចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ សរុប ៣២.៣២៥លានយ៉េន។
គម្រោងនេះ មានវិសាលភាពលើផ្ទៃដីស្រោចស្រព នៅក្នុងតំបន់ជុំវិញនៃទ្វារទឹករលាំងជ្រៃជាង១ម៉ឺន៦ពាន់ហិកតា ដោយមានប្រជាពលរដ្ឋអ្នកទទួលផលជាង៤ពាន់គ្រួសារ និងបង្រៀរការស្រោចស្រពទៅកាន់ តំបន់នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ជាង ២ពាន់ហិកតា គ្រាប់ដណ្តប់លើអ្នកទទួលផលជាង ៣ ៧០០គ្រួសារ។
គួរឱ្យដឹងថាកាលពីពេលថ្មីៗនេះ គណៈប្រតិភូសមាជិកព្រឹទ្ធសភាជប៉ុនដែលអញ្ជើញចុះពិនិត្យ និងសិក្សាស្វែងយល់ដោយផ្ទាល់ សមិទ្ធផលក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន(Japan ODA) លើវិស័យធនធានទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ នាពេលនេះ ដឹកនាំដោយលោក Higashino Hideki ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ជាច្រើនរូប។
សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលបានចាប់ផ្តើមអនុវត្តនៅខែតុលា ឆ្នាំ២០១៤ និងគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០៣០ មានពីរអនុគម្រោងគឺទី១៖ អនុគម្រោងរលាំងជ្រៃ និង២៖ អនុគម្រោងកណ្តាលស្ទឹង-បាទី។ គម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីរដូវវស្សាប្រមាណ ១៩ ១១១ហិកតា និងរដូវប្រាំងប្រមាណ ១៩០០ហិកតា៕















