អភិបាលរាជធានីភ្នំពេញ បន្តដឹកនាំកិច្ចប្រជុំត្រៀមផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
03-11-2026 20:58
(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានា អនាម័យ បរិស្ថាន និងកិច្ចការងារមួយចំនួនផ្សេងទៀត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន ៩២ប្រទេស ជុំវិញពិភពលោក។
ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ទទួលបានជោគជ័យ ទៅតាមការគ្រោងទុក នារសៀលថ្ងៃទី០៣ វិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈកម្មការថ្នាក់រាជធានី ក្នុងការត្រៀមលក្ខណៈទទួលភារកិច្ចក្នុងអំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមជាអធិបតីពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៤ផ្សេងទៀត។
លោក ឃួង ស្រេង បានថ្លែងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦នេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សរុបចំនួន៩២ប្រទេស ជុំវិញពិភពលោក ក្នុងនោះ លោកប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសមួយចំនួនទៀត ក៏នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ។
ក្នុងកិច្ចប្រជុំនេះលោកអភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ទទួលបានជោគជ័យតាមការគ្រោងទុក។ បន្ថែមពីនេះ ការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានា អនាម័យ បរិស្ថាន និងកិច្ចការងារមួយចំនួនផ្សេងទៀត ត្រូវរៀបចំឡើងឱ្យបានស្អាតព្រមៗគ្នា។
ជាងនេះទៅទៀត លោក ឃួង ស្រេង បានអះអាងថា ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំកំពូលនេះ រាល់ការបង្ហោះដ្រូនឯកជនត្រូវបានហាមដាច់ខាត កប៉ាល់ និងសាឡង់ដឹកខ្សាច់ ក៏ត្រូវហាមធ្វើចរាចរតាមដងទន្លេ ឯចំណែកទូក និងកាណូតទេសចរណ៍ ក៏ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្ត តែសម្រាប់ផ្លូវថ្មើរជើងចតុមុខ នឹងត្រូវបើកដំណើរការជាធម្មតា។
ចំពោះការងារនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីណែនាំ ស្តីពីការចូលរួមថែរក្សាសោភ័ណភាព អនាម័យ បរិស្ថាន និងរបៀបរៀបរយសាធារណៈ ព្រមទាំងសេចក្តីជូនដំណឹង អំពីការបញ្ចៀសចរាចរណ៍ក្នុងអំឡុងព្រឹត្តការណ៍នេះផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍ អមចំនួន០២ផងដែរនោះ គឺភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់ភូតិច ដោយព្រឹត្តការណ៍អមហ្វ្រង់កូតិច នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពីអគារ A ដល់ F ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ (ពិធីបើកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង)។
រីឯព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី នឹងប្រព្រឹត្តទៅនៅសួនច្បារមុខវត្តបទុមវតី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ (ពិធីបើកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមានការចូលរួមដោយលោកស្រីអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី OIF ផងដែរ)៕




























