* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ឧបត្ថម្ភគ្រួសារ ជនមានពិការភាពដៃទាំងសងខាង នៅស្រុកថ្មគោល

03-11-2026 22:51

(បាត់ដំបង)៖ ក្រោយពីបានទទួលព័ត៌មានតាមបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងស្ថានភាពជីវភាពរស់នៅរបស់គ្រួសារលោក អ៊ួន ដានឿន,លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចាត់ឱ្យលោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅផ្ទាល់របស់គ្រួសារប្រជាពលរដ្ឋរងគ្រោះ នៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីផ្តល់ការឧបត្ថម្ភជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។

លោក អ៊ួន ដានឿន អាយុ ៣៥ឆ្នាំ ដែលមានពិការភាពដៃទាំងសងខាងដោយសារឧបទ្ទវហេតុឆក់ខ្សែភ្លើង មានបន្ទុកគ្រួសារចំនួន ៥នាក់ (ប្រពន្ធ និងកូនស្រី)។ កន្លងមកគ្រួសារលោកទទួលបានការយកចិត្តទុកដាក់ និងជួយសម្រាលការលំបាកជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ហើយបច្ចុប្បន្នគ្រួសារលោកកំពុងខិតខំប្រកបមុខរបរចិញ្ចឹមមាន់ ដើម្បីទ្រទ្រង់ជីវភាព។

ក្នុងឱកាសចុះសួរសុខទុក្ខនោះលោក ផេង សិទ្ធី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរជាពន់ពេកពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

អនុប្រធានអចិន្ត្រៃយ៍ក៏បានគូសបញ្ជាក់បន្ថែមថា៖ «ថវិកា និងសម្ភារដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលបានពីសប្បុរសជននានា ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា គឺត្រូវបាននាំយកទៅប្រើប្រាស់ចំគោលដៅ ក្នុងការជួយសង្គ្រោះ និងសម្រាលទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។ នេះជាការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងសប្បុរសជន ជាមួយអ្នកទទួលផលនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

ដើម្បីជួយសម្រាលជីវភាព និងជាដើមទុនបន្ថែមក្នុងមុខរបរចិញ្ចឹមសត្វ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានឧបត្ថម្ភជូនគ្រួសារលោក អ៊ួន ដានឿន នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស, ត្រីខ ២យួរ, ទឹកស៊ីអ៉ីវ ២យួរ ទឹកត្រី ២យួរ, ទឹកបរិសុទ្ធ ២កេស និងថវិកាមួយចំនួនផងដែរ៕