ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
04-11-2026 11:00
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា។
ពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ប្រព្រឹត្តទៅក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» ដើម្បីជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យបណ្ណសារក្លាយជាចំណេះដឹងដែលអាចសិក្សា និងប្រើប្រាស់បាន។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ខណៈដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦
ព្រឹត្តិការណ៍ពិព័រណ៍ខួបមួយសតវត្សរ៍ នៃបណ្ណសារដ្ឋានជាតិនេះ មិនត្រឹមតែជាការរំលឹកអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ថែរក្សា និង ធ្វើទំនើបកម្ម មរតកបេតិកភណ្ឌឯកសារ និងការចងចាំរបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំពិព័រណ៍នេះ នឹងប្រែក្លាយបរិវេណប្រវត្តិសាស្ត្រ នៃបណ្ណាសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ឱ្យទៅជា «បរិវេណបេតិកភណ្ឌសាធារណៈ» រយៈពេលមួយខែពេញ និងជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការថែរក្សាកេរមរតកឯកសារ បណ្ណសារ និងបណ្ណសារដ្ឋាន ដែលជាទ្រព្យសម្បត្តិ និង ជាខ្សែច្រវាក់នៃការចងចាំ របស់ជាតិ មិនឱ្យបាត់បង់
ឬខូចខាត ដូចសុភាសិតខ្មែរពោលថា «ដើមឈើមានឫស ទើបឈរបានមាំ»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបង្កើតស្ថាប័ននេះផ្តើមចេញពីកង្វល់របស់លោក អាល់ប៊ែរ សារ៉ូត៍ (Albert Sarraut) អគ្គទេសាភិបាលឥណ្ឌូចិនបារាំងសែស ចំពោះគុណភាពឯកសាររដ្ឋបាលដែលកំពុងកើនឡើងជាលំដាប់, ទើបធ្វើឱ្យលោក លើកឡើងនូវកិច្ចការសំខាន់ចំនួន៤ ដែលត្រូវតែធ្វើជាចាំបាច់ ដើម្បីថែរក្សាឯកសាររដ្ឋបាលទាំងនេះ៖ ទី១. ប្រមូលផ្តុំឯកសារ និង បំផ្លាញឯកសារដែលគ្មានតម្លៃ, ទី២. រក្សាទុកនូវឯកសារដែលមានតម្លៃ, ទី៣. បង្កើតអគារពិសេស ដើម្បីរក្សាទុកឯកសារក្នុងលក្ខខណ្ឌ និង បរិស្ថានល្អ និងទី៤. រៀបចំប្រព័ន្ធចំណាត់ថ្នាក់គ្រប់គ្រងឯកសារ ដើម្បីបញ្ចូលឯកសារថ្មីទៅក្នុងបណ្ណសារដ្ឋាន។ ផ្តើមចេញពីការព្រួយបារម្ភនេះហើយ ទើបធ្វើឱ្យកម្ពុជាចាប់ផ្ដើមមានប្រព័ន្ធគ្រប់គ្រង និងថែទាំឯកសារទំនើបបែបលោកខាងលិចនេះឡើង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាមានប្រពៃណីនៃការកត់ត្រា និងថែរក្សាទុកឯកសាររបស់ខ្លួនតាំងពីយូរណាស់មកហើយ ពោលគឺចាប់តាំងពីមុនសម័យអង្គរ ហើយបុព្វបុរសខ្មែរបានបន្តកេរមរតកដ៏មានតម្លៃនេះរហូតមក។ ភស្តុតាងនៅសម័យមុនអង្គរ និងសម័យអង្គរ បានឱ្យដឹងថា ប្រជាជនខ្មែរសម័យបុរាណមានប្រពៃណីកត់ត្រានៅលើសម្ភារៈច្រើនប្រភេទ ដូចជា ស្លឹករឹត ក្រាំង និង ផ្នត់ដែលជាក្រាំងធ្វើពីក្រដាសក្រាស់ ស្បែកសត្វ ថ្ម និងលោហៈជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារដែលត្រូវបានចងក្រង និងរក្សាទុកទាំងនោះ គឺជាប្រភេទឯកសារប្រវត្តិសាស្ត្រ និង រាជការ, ឯកសារគតិយុត្ត និង រដ្ឋបាល, ឯកសាររូបថត និង ផែនទី, ឯកសារប្លង់ដី, ឯកសារសេដ្ឋកិច្ច និង សារពើភ័ណ្ឌ, និង ឯកសារសាសនា និង ក្បួនច្បាប់ ដែលត្រូវបានសរសេរជាភាសាខ្មែរបុរាណ ភាសាសំស្ក្រឹត និងភាសាបាលី ជាដើម ដែលនេះសុទ្ធសឹងជាតឹកតាងយ៉ាងសំខាន់ក្នុងការកសាងប្រវត្តិសាស្ត្រខ្មែរសម័យបុរាណ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់តាំងពីបង្កើតអស់រយៈពេល ១០០ឆ្នាំកន្លងមកនេះ បណ្ណសារដ្ឋានជាតិនេះបានឆ្លងកាត់របត់ និងព្យុះភ្លៀងប្រវត្តិសាស្ត្រជាច្រើន, ជាពិសេស ក្នុងយុគសម័យដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនៅពេលនោះ ស្ថាប័ននេះត្រូវបានគេបោះបង់ចោល ហើយថែមទាំងយកធ្វើជាកន្លែងចិញ្ចឹមសត្វ និង បំផ្លិចបំផ្លាញឯកសារជាច្រើន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាមួយស្មារតីស្នេហាជាតិ និងភាពធន់ឥតរាថយរបស់ «អ្នកថែរក្សាការចងចាំ» របស់ជាតិ ពោលគឺមន្ត្រីទទួលបានការបណ្តុះបណ្តាលថ្មីនៅក្រោយសង្គ្រាម, បានពុះពារប្រមូលផ្ដុំ និងរៀបចំឯកសារបណ្ណសារឡើងវិញពីគំនរផេះផង់ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតបង្កើតបានជាស្ថាប័នដ៏រឹងមាំដូចសព្វថ្ងៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នបណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ, អធិបតេយ្យភាព និងបូរណភាពទឹកដី។ តាមរយៈមុខងារបណ្ណសារដ្ឋានជាតិ ដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យទីតាំងនេះក្លាយជាប្រភពភស្តុតាងដ៏មានតម្លៃសម្រាប់គាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវច្បាប់ និង ការការពារផលប្រយោជន៍ជាតិ។ ជាក់ស្ដែងករណីប្រាសាទព្រះវិហារ ដែលបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងបេតិកភណ្ឌ ប្រវត្តិសាស្តច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែរក្សាឯកសារបណ្ណសារដោយមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ, ការធានាភាពពិតប្រាកដនៃឯកសារ និងការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ គឺជាការងារដែលមានតម្លៃលើសពីវិស័យវប្បធម៌ ដោយអាចរួមចំណែកដល់ការការពារផលប្រយោជន៍ជាតិរយៈពេលវែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលកម្ពុជាបាននិងកំពុងជួបបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង គឺឯកសារបណ្ណសារប្រវត្តិសាស្ត សន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំងនេះហើយ ដែលជាអាវក្រោះការពារតាមផ្លូវច្បាប់ និងជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ក្នុងការអះអាង និងការពារបូរណភាពទឹកដី អធិបតេយ្យភាព និងខ្សែបន្ទាត់ព្រំដែនស្របច្បាប់ របស់កម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយបារាំងក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការស្កេនធ្វើឌីជីតូបនីយកម្មបណ្ណសារ មិនត្រឹមតែជាការតភ្ជាប់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានការពារអធិបតេយ្យភាពជាតិយ៉ាងពិតប្រាកដ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពិព័រណ៍នេះ គឺជាការត្រៀមលក្ខណៈដ៏មានសារៈសំខាន់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ដែលជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីកិត្យានុភាពជាតិ វប្បធម៌ដ៏ឧត្តុង្គឧត្តម លើកកម្ពស់ការទូតវប្បធម៌ និង ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សន្តិភាព និងពហុភាគីនិយមនៅលើឆាកអន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងបរិបទដែលពិភពលោកកំពុងបោះជំហានយ៉ាងលឿន ចូលទៅកាន់បដិវត្តឧស្សាហកម្មជំនាន់ទី៤ និងសង្គម សេដ្ឋកិច្ចឌីជីថល, ជាមួយនឹងការវិវត្តដ៏ស្មុគស្មាញនៃភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដែលមានគោលបំណងធំចម្បង និង យូរអង្វែងចំនួនពីរ ពីលើយុទ្ធសាស្ត្រ និង គោលនយោបាយ ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានណែនាំឱ្យមានការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ, បណ្ណាល័យជាតិ និងសារមនី្ទរជាតិ ព្រមទាំងថែរក្សា និង អភិរក្សបេតិកភណ្ឌជាតិសំខាន់ៗដទៃទៀតក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ សម្តេច ក៏បានបង្កើតគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដែលមាន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជាប្រធាន ដើម្បីតម្រង់ទិស សម្របសម្រួល និង ជំរុញសំដៅលើកស្ទួយអំណាចទន់របស់កម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាស ព្រោះបានធ្វើឱ្យកុលបុត្រខ្មែរបានដឹងពីប្រវត្តិសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដល់អ្នកសិក្សាស្រាវជ្រាវត្រូវតែរកប្រភពឱ្យបានច្បាស់លាស់ មិនមែនពឹងផ្អែកតែហ្គូហ្គល និង AI។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តសហការជាមួយក្រសួងស្ថានប័នពាក់ព័ន្ធ ដើម្បីជំរុញការកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធបណ្ណសារដ្ឋាន ឱ្យប្រសើរឡើង តាមរយៈការកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់ទាំងក្នុង និងជុំវិញ ឱ្យស័ក្តិសមជាទីតាំង នៃមោទនភាពជាតិ អត្តសញ្ញាណ និងមជ្ឈមណ្ឌលនៃការចងចាំរបស់ជាតិ។ ត្រូវកែលម្អអគារដែលមានស្រាប់ឱ្យបានសមស្រប ដោយត្រូវមានបន្ទប់ធ្វើការ និងបន្ទប់រក្សាទុកឯកសារត្រឹមត្រូវតាមនិយាមបច្ចេកទេស (Climate-controlled Archives), ព្រមទាំង រៀបចំផែនការកសាងពង្រីកអគារបន្ថែម ដែលមានលក្ខណៈជាស្ថាបត្យកម្មជាតិ សមស្របនឹងបរិស្ថានជុំវិញ ដើម្បីបំពេញមុខងារជាបណ្ណសារដ្ឋានជាតិ ឱ្យបានសមរម្យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអភិវឌ្ឍប្រព័ន្ធឌីជីថល សម្រាប់បង្កើតថ្នាលបណ្ណសារឌីជីថលជាតិ (National Digital Archive Platform) ឬ បង្កើតប្រព័ន្ធបណ្ណសារឌីជីថលជាតិ (National Digital Archive System) សំដៅស្កេនឯកសារចាស់ និង ឯកសាររដ្ឋបាលសំខាន់ៗ ដែលអាចរក្សាទុកជារូបភាព ឬទិន្នន័យឌីជីថល និងបង្កើត Online Access ដែលអ្នកស្រាវជ្រាវ និស្សិត និងសាធារណជន អាចស្វែងរកឯកសារបណ្ណសារបានងាយស្រួល ដោយមានការកំណត់ច្បាស់លាស់ក្នុងការរក្សាសុវត្ថិភាពទិន្នន័យ ដើម្បីការពារព័ត៌មានសំខាន់ៗ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយ ក្រសួងអប់រំ យុជន និង កីឡា, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីជំរុញការពង្រឹង ពង្រីកសមត្ថភាពបុគ្គលិក និងអ្នកជំនាញបច្ចេកទេស តាមរយៈការបណ្តុះបណ្តាលបុគ្គលិកបណ្ណសារ ឱ្យមានចំណេះដឹងថ្មីៗអំពីវិទ្យាសាស្ត្របណ្ណសារ បច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រងទិន្នន័យឌីជីថល ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងស្រុក និងក្រៅស្រុក, ទាញយកនិស្សិត ឬមន្ត្រីមានសមត្ថភាពដែល ទទួលបានការបណ្តុះបណ្តាលពីក្រៅប្រទេស ឱ្យមកបម្រើការនៅបណ្ណសារដ្ឋានជាតិ, ផ្សព្វផ្សាយឱ្យមានការចូលរួមពីយុវជន និងនិស្សិត ក្នុងការសិក្សាលើមុខជំនាញបណ្ណសារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់លើអ្នកស្នងមរតកចារសាស្ត្រាស្លឹករឹត និងជំរុញបណ្តុះបណ្តាលបន្ថែម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានបំណងសិក្សាអក្សរសំស្ក្រឹតឡើងវិញ ដែលសម្តេចធ្លាប់រៀនកាលពីពេលមុន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យកែលម្អសេវាកម្មរបស់បណ្ណសារដ្ឋានជាតិ តាមរយៈការបង្កើតបរិយាកាសទាក់ទាញ ដោយមិនបង្កើតបរិយាកាសតឹងរឹងពេកសម្រាប់អ្នកប្រើប្រាស់សេវា ជាពិសេសត្រូវមានការបន្ធូរបន្ថយ និងសម្របសម្រួល ដើម្បីផ្តល់ភាពងាយស្រួលដល់និស្សិត និង អ្នកស្រាវជ្រាវ ដែលបានមកប្រើប្រាស់សេវានៅបណ្ណសារដ្ឋានជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទីស្តីការគណៈរដ្ឋមន្ត្រីមានការសហការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និង កីឡា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងព័ត៌មាន និង ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធនៃការផ្សព្វផ្សាយដល់សាធារណជន និងសហគមន៍ តាមរយៈការអភិវឌ្ឍបណ្ណសារដ្ឋានជាតិ ឱ្យក្លាយជាទីតាំងសហគមន៍, និង ជាកន្លែងជួបជុំរបស់ អ្នកស្រាវជ្រាវ អ្នកសិក្សា និងសាធារណជន ដើម្បីឱ្យបណ្ណសារដ្ឋានជាតិមិនត្រឹមជាកន្លែងរក្សាឯកសារទេ ប៉ុន្តែជាទីតាំងផ្តល់ «សេវាសាធារណៈវប្បធម៌» ដែលជួយសង្គមក្នុងការអប់រំ ការចងចាំ និង ការយល់ដឹងអំពីអត្តសញ្ញាណជាតិ ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រុមការងារចំពោះកិច្ច និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំនេះឡើង ប្រកបដោយសោភ័ណភាព និងខ្លឹមសារស៊ីជម្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់សិស្សានុសិស្ស យុវជន និស្សិត និង សាធារណជនទាំងអស់ អញ្ជើញទស្សនា និងសិក្សាស្រាវជ្រាវនៅក្នុងបរិវេណពិព័រណ៍នេះឱ្យបានច្រើនកុះករ ដើម្បីយល់ដឹងពីតម្លៃ នៃ«ភស្តុតាងប្រវត្តិសាស្ត្រ» និង រួមគ្នាកសាងអនាគតលើមូលដ្ឋានគ្រឹះនៃចំណេះដឹង និង អត្តសញ្ញាណជាតិដ៏រឹងមាំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖៤២នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕










































































