KOICA និងក្រសួងអប់រំ អបអរសាទរការបញ្ចប់ដោយជោគជ័យគម្រោងពង្រឹងសមត្ថភាព ICT កម្រិតមធ្យមសិក្សាបឋមភូមិនៅកម្ពុជា
04-11-2026 14:34
(ភ្នំពេញ)៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអបអរសាទរការបញ្ចប់ដោយជោគជ័យនូវ «គម្រោងពង្រឹងសមត្ថភាព ICT សម្រាប់អប់រំកម្រិតមធ្យមសិក្សាបឋមភូមិនៅកម្ពុជា» នៅក្នុងពិធីបិទគម្រោងដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ២៣០នាក់ រួមមានបណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក គីម ចាងយ៉ុង (Kim Chang-yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកអប់រំ សិស្សានុសិស្ស ដៃគូអភិវឌ្ឍន៍ និងតំណាងមកពីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងសម្ព័ន្ធសាកលវិទ្យាល័យជាតិកូរ៉េ ដែលជាទីប្រឹក្សាគ្រប់គ្រងរបស់គម្រោង។
គម្រោងនេះបានបញ្ជាក់ពីភាពជាដៃគូដ៏យូរអង្វែងរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជាជំរុញវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ ដោយទទួលស្គាល់ការអប់រំថាជាគ្រឹះនៃការអភិវឌ្ឍបរិយាប័ន្ន និងចីរភាព រដ្ឋាភិបាលកូរ៉េ តាមរយៈភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពអប់រំ និងពង្រឹងធនធានមនុស្ស។
ជាពិសេស ប្រទេសកូរ៉េ បានយកចិត្តទុកដាក់ខ្លាំងលើការអប់រំឌីជីថល ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា និងការត្រៀមខ្លួនសម្រាប់តម្រូវការដែលកំពុងវិវត្តនៃសេដ្ឋកិច្ចឌីជីថល។
ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣–២០២៨) របស់កម្ពុជា និងអាទិភាពអប់រំជាតិ គម្រោងនេះបានរួមចំណែកពង្រឹងគ្រឹះនៃការរៀនសូត្រឌីជីថល នៅកម្រិតមធ្យមសិក្សាបឋមភូមិ។
ហើយត្រូវបានអនុវត្តដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យជាតិកូរ៉េ សមិទ្ធផលសំខាន់ៗរបស់គម្រោងរួមមាន ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ICT សម្រាប់ថ្នាក់ទី៧ ដល់ទី៩ ការបង្កើតបន្ទប់រៀន ICT ចំនួន៤៨ ក្នុងរចនាសម្ព័ន្ធសាលារៀនដែលមានស្រាប់ កម្មវិធីពង្រឹងសមត្ថភាពសម្រាប់គ្រូបង្រៀន និងគ្រូឧទ្ទេស តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតមូលដ្ឋាននៅខេត្ត ចំនួន៤ និងការគាំទ្រដល់សាលារៀនគំរូខាង ICT ចំនួន ២០។
អន្តរាគមន៍ទាំងនេះបានជួយពង្រីកការទទួលបានធនធានរៀនសូត្រឌីជីថល ព្រមទាំងបំពាក់បំប៉នចំណេះដឹង និងជំនាញដល់លោកគ្រូអ្នកគ្រូ ដើម្បីបញ្ចៀបការសិក្សា ICT ទៅក្នុងការបង្រៀនក្នុងថ្នាក់រៀនកាន់តែមានប្រសិទ្ធភាព។
ពិធីបិទគម្រោងនេះមានសកម្មភាពសំខាន់ៗចំនួនបី៖ ការផ្ទេរជាផ្លូវការនូវលទ្ធផលគម្រោង រួមទាំងសម្ភារឧបទ្ទេស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា, ការបង្ហាញរបាយការណ៍ដែលលើកឡើងពីសមិទ្ធផលរបស់គម្រោង និងលទ្ធផលនៃការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន និងពិធីប្រគល់ពានរង្វាន់ដើម្បីទទួលស្គាល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងគំនិតផ្តួចផ្តើមថ្នាក់សាលារៀនដែលមានស្នាដៃលេចធ្លោ។
ពានរង្វាន់ទាំងនោះបានផ្តល់ជូនដល់គ្រូបង្រៀន ICT ចំនួន ១០រូប និងសិស្សជ័យលាភីចំនួន ១០រូប ពីពិធីបុណ្យ ICT ឆ្នាំ២០២៦ ទទួលស្គាល់ការអនុវត្តសហគមន៍រៀនសូត្រវិជ្ជាជីវៈសាលារៀនគំរូពីសាលារៀនគំរូ ICT ចំនួន៤ និងរួមបញ្ចូលទាំងអាហារូបករណ៍សម្រាប់សិស្សចំនួន ២០រូប មកពីវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង។
ការតាំងពិព័រណ៍នេះបានផ្តល់ឱកាសឱ្យអ្នកចូលរួមបានស្វែងយល់ពីសម្ភារអប់រំរបស់គម្រោង និងការអនុវត្តល្អៗក្នុងការបង្រៀន និងរៀន ICT ថ្នាក់ទី៧ ដល់ទី៩ ផងដែរ។
ស្របពេលដែលគម្រោងនេះឈានដល់ទីបញ្ចប់ ទាំងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបាននូវនិរន្តរភាពនៃសមិទ្ធផលរបស់គម្រោងតាមរយៈការបន្តប្រើប្រាស់កន្លែង និងធនធានរៀនសូត្រ ICT ការអភិវឌ្ឍគ្រូបង្រៀនបន្តបន្ទាប់ និងការចែករំលែកការអនុវត្តល្អៗរវាងសាលារៀន និងសាលារៀន។
សាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តជាដៃគូដ៏មុតមាំរបស់កម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលដែលមានលក្ខណៈបរិយាប័ន្ន។
គម្រោងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជា ដែលជាគ្រឹះដ៏រឹងមាំសម្រាប់គ្រូបង្រៀន និងអ្នកសិក្សាដែលមានសមត្ថភាពឌីជីថល និងរួមចំណែកដល់ប្រព័ន្ធអប់រំដែលមានលក្ខណៈបរិយាប័ន្ន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតនៅកម្ពុជា៕









