* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការពង្រឹងអភិបាលកិច្ចបក្សកុម្មុយនិស្តចិន៖ វិន័យ ការប្រឆាំងអំពើពុករលួយ និងការកសាងសមត្ថភាពដឹកនាំ ក្នុងដំណាក់កាលថ្មី

04-11-2026 14:50

(ភ្នំពេញ)៖ ក្នុងដំណើរការដឹកនាំប្រទេសមួយ ការកំណត់គោលនយោបាយអភិវឌ្ឍន៍ គឺជាកត្តាសំខាន់ ប៉ុន្តែ ការធានាឱ្យគោលនយោបាយទាំងនោះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ក៏ជាកត្តាដែលមិនអាចខ្វះបានដែរ។ ជាពិសេស ការកសាងស្ថាប័នដឹកនាំដែលមានវិន័យ សមត្ថភាព និងការទទួលខុសត្រូវ គឺជាបញ្ហាសំខាន់សម្រាប់ប្រទេសដែលមានទំហំសេដ្ឋកិច្ច ប្រជាជន និងរចនាសម្ព័ន្ធរដ្ឋបាលធំដូចជាប្រទេសចិន។

បញ្ហានេះជាផ្នែកមួយនៃទស្សនៈដឹកនាំរបស់លោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនិស្តចិន ដែលបានសង្កត់ធ្ងន់លើការពង្រឹងវិន័យបក្ស ការពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់អំណាច ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការលើកកម្ពស់សមត្ថភាព ព្រមទាំងការទទួលខុសត្រូវរបស់មន្ត្រី ក្នុងការបំពេញតួនាទីដឹកនាំ និងការងាររដ្ឋបាល។

តាមការវិភាគរបស់បណ្ឌិតច្បាប់ កៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន ការយល់ដឹងអំពីគោលគំនិត «អភិបាលកិច្ចបក្សដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ» (Full and Rigorous Party Self-Governance) ត្រូវចាប់ផ្តើមពីការយល់ថា អភិបាលកិច្ចបក្សមិនមែនជាកិច្ចការផ្ទៃក្នុង របស់បក្សតែមួយមុខនោះទេ។ ក្នុងប្រព័ន្ធដឹកនាំរបស់ចិន វាត្រូវបានចាត់ទុកថាជាកត្តាមួយដែលជះឥទ្ធិពលដល់សមត្ថភាពដឹកនាំ ការអនុវត្តគោលនយោបាយ និងការប្រែក្លាយគោលដៅអភិវឌ្ឍន៍ជាតិ ឱ្យទៅជាលទ្ធផលជាក់ស្តែង ជាពិសេសការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចរដ្ឋ និងការផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

១. បរិបទប្រវត្តិសាស្ត្រ និងការវិវត្តនៃគោលគំនិត

អភិបាលកិច្ចបក្ស ការរក្សាវិន័យ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ មិនមែនជាបញ្ហាដែលទើបតែលេចឡើងក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង នោះទេ។ ប្រធានបទទាំងនេះមានប្រវត្តិជាយូរ មកហើយក្នុងដំណើរការកសាង និងពង្រឹងសមត្ថភាពដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ ទោះជាយ៉ាងណា ចាប់តាំងពីលោក ស៊ី ឡើងកាន់តំណែងជាអគ្គលេខាធិការបក្សនៅខែវិច្ឆិកា ឆ្នាំ២០១២ ការងារទាំងនេះត្រូវបានដាក់ជាអាទិភាពខ្ពស់ និងអនុវត្តជាប្រព័ន្ធកាន់តែច្បាស់លាស់។

ជាក់ស្តែងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស បានអនុម័តវិធានការប្រាំបីចំណុច (Eight-Point Regulation ឬ the Eight-Point Rules) ស្តីពីការ កែលម្អរបៀបរបបការងារបក្សនិងរដ្ឋាភិបាល និងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។ វិធានការទាំងនេះផ្តោតលើការកែលម្អការចុះមូលដ្ឋាន កាត់បន្ថយកិច្ចប្រជុំ និងឯកសារ ដែលមិនចាំបាច់ កាត់បន្ថយពិធីការហួសហេតុ និងលើកកម្ពស់ការសន្សំសំចៃក្នុងការបំពេញការងារ។

នៅខែតុលា ឆ្នាំ២០១៤ លោក ស៊ី ជីនពីង បានលើកឡើងយ៉ាងច្បាស់នូវគោលគំនិត «អភិបាលកិច្ចបក្សដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ» ហើយនៅខែធ្នូឆ្នាំដដែល គោលគំនិតនេះត្រូវបានដាក់ បញ្ចូលជាសមាសធាតុមួយនៃយុទ្ធសាស្ត្រ «បួនជ្រុង» (Four-Pronged Comprehensive Strategy) របស់ប្រទេសចិន ដែលរួមមាន ការកសាងសង្គមមានជីវភាពធូរធារគ្រប់ជ្រុងជ្រោយ ការធ្វើកំណែ ទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ការជំរុញនីតិរដ្ឋគ្រប់ជ្រុងជ្រោយ និងការគ្រប់គ្រងបក្សយ៉ាងម៉ឺងម៉ាត់ គ្រប់ជ្រុងជ្រោយ។ ការដាក់បញ្ចូលគោលគំនិតនេះក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របានបង្ហាញថា ការកសាង បក្សត្រូវបានចាត់ទុកថាជា ផ្នែកមួយនៃការជំរុញកំណែទម្រង់ និងការអភិវឌ្ឍប្រទេសជាតិ។

ដំណើរការនេះបានបន្តរីកចម្រើនទៅដល់ឆ្នាំ២០១៦ នៅពេលកិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី១៨ បានអនុម័តឯកសារសំខាន់ចំនួនពីរ គឺបទដ្ឋានស្តីពីជីវភាពនយោបាយក្នុងបក្សក្រោមស្ថានភាពថ្មី និងបទប្បញ្ញត្តិស្តីពីការត្រួតពិនិត្យផ្ទៃក្នុងបក្ស។ ឯកសារទាំងនេះបានកំណត់គោលការណ៍ និងយន្តការសម្រាប់ពង្រឹងវិន័យ ការត្រួតពិនិត្យ និងការគ្រប់គ្រងផ្ទៃក្នុងបក្ស។ បន្ទាប់មកនៅឆ្នាំ២០១៧ គោលការណ៍នៃអភិបាលកិច្ចបក្សដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ត្រូវបានបញ្ចូលក្នុងលក្ខន្តិកៈបក្សជាផ្លូវការ ដែលបង្ហាញពីការលើកកម្ពស់តួនាទី របស់គោលការណ៍នេះក្នុងការកសាង និងអភិបាលកិច្ចបក្ស។

ការវិវត្តនេះបានបន្តរហូតដល់ឆ្នាំ២០២៦។ កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី២០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានពិភាក្សា និងអនុម័តសេចក្តីសម្រេចស្តីពីការបន្តជំរុញអភិបាលកិច្ចបក្ស ដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ។ ឯកសារនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមការវិភាគរបស់លោកបណ្ឌិត កៅ មុយថង ការវិវត្តពីវិធានការកែលម្អរបៀបរបបការងារ ទៅជាគោល គំនិតយុទ្ធសាស្ត្រ និងប្រព័ន្ធបទប្បញ្ញត្តិផ្ទៃក្នុងបក្ស បង្ហាញពីការខិតខំធ្វើឱ្យការគ្រប់គ្រងបក្សមាន លក្ខណៈជាប្រព័ន្ធ និងមានការទទួលខុសត្រូវច្បាស់លាស់។

លោកបណ្ឌិតបានលើកឡើងថា៖ «ដើម្បីឱ្យគោល នយោបាយជាតិអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវមានប្រព័ន្ធដឹកនាំដែលមានវិន័យ មានសមត្ថភាព និងអាចទទួលខុសត្រូវចំពោះលទ្ធផលការងារ»។

២. ការពង្រឹងវិន័យ និងការប្រឆាំងអំពើពុករលួយ

ចំណុចសំខាន់មួយនៃគោលគំនិតនេះ គឺការពង្រឹងអភិបាលកិច្ចបក្ស មិនមែនជាយុទ្ធនាការបណ្តោះអាសន្ន ឬការដោះស្រាយករណីប្រព្រឹត្តខុសតែប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ វាមានគោលដៅ បង្កើតប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលមានបទប្បញ្ញត្តិច្បាស់លាស់ មានការត្រួតពិនិត្យជាបន្តបន្ទាប់ និងកំណត់ការទទួលខុសត្រូវរបស់អង្គការបក្ស និងមន្ត្រីគ្រប់លំដាប់ថ្នាក់។

ការប្រឆាំងអំពើពុករលួយ គឺជាផ្នែកមួយដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងគោលនយោបាយនេះ។ ប៉ុន្តែការងារនេះមិនគួរត្រូវបានយល់ថា មានតែការស៊ើបអង្កេត និងដាក់ទណ្ឌកម្ម ចំពោះអ្នកប្រព្រឹត្តខុសប៉ុណ្ណោះទេ។ វាក៏រួមបញ្ចូលការបង្កើតយន្តការបង្ការ ការត្រួតពិនិត្យការប្រើប្រាស់ អំណាច និងការបង្កើនតម្លាភាពក្នុងការបំពេញតួនាទីរបស់មន្ត្រីផងដែរ។

លោកបណ្ឌិត កៅ មុយថង បានពន្យល់ថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវផ្អែកលើយន្តការសំខាន់ បី ដែលមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមក គឺធ្វើឱ្យមន្ត្រី «មិនហ៊ាន មិនអាច និងមិនចង់» ប្រព្រឹត្តអំពើពុករលួយ។ ក្នុងនោះពាក្យថា «មិនហ៊ាន» សំដៅលើការអនុវត្តច្បាប់ និងវិន័យឱ្យបានម៉ឺង ម៉ាត់ ដើម្បីធានាថាអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវ។ «មិនអាច» សំដៅលើការកែលម្អប្រព័ន្ធគ្រប់គ្រង ការ បិទចន្លោះប្រហោង និងការពង្រឹងការត្រួតពិនិត្យលើការប្រើប្រាស់អំណាច។ ចំណែកឯ «មិនចង់» គឺ ផ្តោតលើការអប់រំសីលធម៌ ការបណ្តុះស្មារតីសុចរិតភាព និងការលើកកម្ពស់មនសិការទទួលខុសត្រូវ របស់មន្ត្រី។

តាមទស្សនៈនេះ ការប្រឆាំងអំពើពុករលួយមិនត្រឹមតែជាការដាក់ទណ្ឌកម្មចំពោះកំហុស ដែលបានកើតឡើងនោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយការកាត់បន្ថយលទ្ធភាពកើតមានកំហុស និងការបង្កើតបរិយាកាសការងារដែលមានសុចរិតភាព។ ការអនុវត្តវិន័យត្រូវមានភាពជាប់លាប់ ហើយការកំណត់ភារកិច្ច ការត្រួតពិនិត្យការអនុវត្ត និងការទទួលខុសត្រូវចំពោះលទ្ធផលគួរត្រូវបានអនុវត្តស្របគ្នា។

៣. វិន័យត្រូវដើរទន្ទឹមនឹងសមត្ថភាពមន្ត្រី

ការពង្រឹងវិន័យ គឺជាលក្ខខណ្ឌសំខាន់មួយ ប៉ុន្តែមិនមែនជាកត្តាតែមួយគត់សម្រាប់ធានាប្រសិទ្ធភាពនៃការដឹកនាំនោះទេ។ ស្ថាប័នដែលមានវិន័យត្រូវការមន្ត្រីដែលមានចំណេះដឹង ជំនាញ បទពិសោធន៍ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែងផងដែរ។

អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន រូបនេះបានបន្តថា៖ «ការកសាងមន្ត្រីមិនគួរផ្តោតតែលើការគោរពវិន័យ និងការអនុវត្តតាមបទបញ្ជានោះទេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពវិភាគ ការសម្រេចចិត្ត ការដោះស្រាយបញ្ហា និងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋផងដែរ»។

ការអនុវត្តគោលនយោបាយជាតិមួយត្រូវឆ្លងកាត់ស្ថាប័ន និងមន្ត្រីជាច្រើនលំដាប់ថ្នាក់។ ប្រសិនបើមន្ត្រីខ្វះសមត្ថភាព ឬមិនយល់ច្បាស់ពីភារកិច្ចរបស់ខ្លួន ទោះបីមានបទបញ្ជា និងវិន័យតឹងរ៉ឹងក៏ដោយ ក៏ការអនុវត្តគោលនយោបាយអាចមិនទទួលបានលទ្ធផលតាមការរំពឹងទុកដែរ។ ហេតុនេះការបណ្តុះបណ្តាល ការជ្រើសរើសមន្ត្រីតាមសមត្ថភាព និងការវាយតម្លៃលើលទ្ធផលការងារ គឺជាកិច្ចការ ដែលត្រូវយកចិត្តទុកដាក់ស្របគ្នា។

ក្នុងន័យនេះ ការពង្រឹងអភិបាលកិច្ចបក្សមិនគួរត្រូវបានមើលត្រឹមការគ្រប់គ្រងឥរិយាបថរបស់ មន្ត្រីនោះទេ ប៉ុន្តែក៏ត្រូវពិនិត្យថា តើមន្ត្រីមានសមត្ថភាពដឹកនាំ និងអនុវត្តភារកិច្ចដែលបានប្រគល់ជូន បានកម្រិតណា។ វិន័យជួយធានាឱ្យមន្ត្រីគោរពកាតព្វកិច្ច ខណៈសមត្ថភាពជួយឱ្យពួកគេអាចបំពេញកាតព្វកិច្ចនោះប្រកបដោយប្រសិទ្ធភាព។

៤. ប្រសិទ្ធភាពអភិបាលកិច្ចត្រូវវាស់វែងតាមលទ្ធផលជាក់ស្តែង

ចំណុចមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ គឺការភ្ជាប់ការពង្រឹងអភិបាលកិច្ចបក្សទៅនឹងសមត្ថភាពអនុវត្តការងាររបស់រដ្ឋ និងលទ្ធផលអភិវឌ្ឍន៍ជាតិ។ ការមានបទបញ្ជា និងយន្តការត្រួតពិនិត្យល្អ គឺជាមូលដ្ឋាន ប៉ុន្តែប្រសិទ្ធភាពពិតប្រាកដត្រូវពិនិត្យតាមលទ្ធផលដែលស្ថាប័នអាចសម្រេចបាន។ ក្នុងន័យនេះ ការវាយតម្លៃលើអភិបាលកិច្ចអាចពិនិត្យតាមសូចនាករជាក់ស្តែងដូចជា គុណភាព សេវាសាធារណៈ តម្លាភាពក្នុងការប្រើប្រាស់ថវិកា ការអនុវត្តគម្រោងតាមកាលកំណត់ សមត្ថភាពឆ្លើយតបចំពោះបញ្ហារបស់ប្រជាពលរដ្ឋ និងការធានាឱ្យផលប្រយោជន៍ពីការអភិវឌ្ឍទៅដល់ប្រជាជន។

លោកបណ្ឌិត កៅ មុយថង បានបញ្ជាក់ថា៖ «ប្រសិទ្ធភាពនៃអភិបាលកិច្ច មិនគួរវាស់វែងត្រឹមចំនួន បទបញ្ជា ឬយន្តការត្រួតពិនិត្យដែលបានបង្កើតឡើងនោះទេ ប៉ុន្តែត្រូវមើលថា តើស្ថាប័នអាចបំពេញ តួនាទីបានល្អកម្រិតណា តើគោលនយោបាយត្រូវបានអនុវត្តដល់មូលដ្ឋានឬទេ ហើយតើប្រជាពលរដ្ឋ ទទួលបានផលប្រយោជន៍ជាក់ស្តែងអ្វីខ្លះ»។

ការវាស់វែងតាមលទ្ធផលជាក់ស្តែងនេះ បង្ហាញពីទំនាក់ទំនងរវាងការគ្រប់គ្រងបក្ស និងអភិបាលកិច្ចរដ្ឋ។ ពោលគឺ ការពង្រឹងវិន័យ និងការទទួលខុសត្រូវក្នុងបក្ស គួរត្រូវបានឆ្លុះបញ្ចាំងតាមរយៈការកែលម្អការងាររបស់ស្ថាប័នរដ្ឋ និងការផ្តល់សេវាដែលមានគុណភាពដល់ប្រជាពលរដ្ឋ។ ការមានប្រព័ន្ធ ត្រួតពិនិត្យគឺជាមធ្យោបាយមួយ ប៉ុន្តែលទ្ធផលនៃការអនុវត្តការងារគឺជាចំណុចដែលត្រូវពិនិត្យជាបន្ត បន្ទាប់។

៥. មេរៀនសម្រាប់កម្ពុជា៖ ការសិក្សា និងការកែសម្រួលតាមបរិបទជាតិ

បទពិសោធន៍របស់ចិនអាចផ្តល់ជាចំណុចសម្រាប់ការសិក្សា និងការពិចារណាក្នុងការពង្រឹង អភិបាលកិច្ចសាធារណៈនៅកម្ពុជា។ ទោះជាយ៉ាងណា ការសិក្សាបទពិសោធន៍មិនមានន័យថា ត្រូវយកគំរូរបស់ប្រទេសមួយទៅអនុវត្តទាំងស្រុងនោះទេ។ ប្រទេសនីមួយៗមានរចនាសម្ព័ន្ធនយោបាយ ប្រព័ន្ធច្បាប់ ស្ថាប័ន និងលក្ខខណ្ឌអភិវឌ្ឍន៍ខុសៗគ្នា។ ដូច្នេះការកែសម្រួលឱ្យសមស្របនឹងបរិបទជាតិ គឺជាចំណុចសំខាន់។

តាមការវិភាគរបស់អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន យល់ឃើញថា កម្ពុជាអាចពិចារណាលើគោលការណ៍មួយចំនួនដូចជា ការពង្រឹងវិន័យ និងការទទួលខុសត្រូវរបស់មន្ត្រី ការត្រួតពិនិត្យការប្រើប្រាស់អំណាច ការលើកកម្ពស់ សមត្ថភាពមន្ត្រី និងការវាយតម្លៃការងារតាមលទ្ធផលជាក់ស្តែង។

លោកបណ្ឌិតបានបញ្ជាក់ថា ការគ្រប់គ្រងថវិកា ការផ្តល់សេវាសាធារណៈ និងការអនុវត្តគម្រោង អភិវឌ្ឍន៍ គួរតែមានតម្លាភាព និងអាចត្រួតពិនិត្យបាន។ ជាមួយគ្នានេះ ការជ្រើសរើស និងតែងតាំងមន្ត្រី គួរគិតគូរលើចំណេះដឹង សមត្ថភាព និងការទទួលខុសត្រូវ ដើម្បីធានាថា មន្ត្រីអាចបំពេញការងារបាន សមស្របនឹងតួនាទីដែលខ្លួនទទួលបាន។

ជារួមគោលគំនិត «អភិបាលកិច្ចបក្សដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ» របស់ចិន គឺជាដំណើរការដែលបានវិវត្តជាបន្តបន្ទាប់ ចាប់ពីការកែលម្អរបៀបរបបការងារ ការពង្រឹងវិន័យ និងការប្រឆាំងអំពើពុករលួយ រហូតដល់ការរៀបចំប្រព័ន្ធត្រួតពិនិត្យ និងការទទួលខុសត្រូវឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ។ សេចក្តីសម្រេចដែលត្រូវបានអនុម័តនៅកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មា ធិការមជ្ឈិមបក្ស អាណត្តិទី២០ ក្នុងខែតុលា ឆ្នាំ២០២៦ គឺជាការបន្តជំរុញការងារនេះក្នុងដំណាក់កាលថ្មី។

លោកបណ្ឌិត កៅ មុយថង បានសង្កត់ធ្ងន់ថា៖ «គោលដៅនៃការពង្រឹងអភិបាលកិច្ច មិនគួរឈប់ត្រឹម ការធ្វើឱ្យស្ថាប័នមានវិន័យនោះទេ ប៉ុន្តែត្រូវឈានទៅដល់ការធ្វើឱ្យស្ថាប័នមានសមត្ថភាព មានតម្លា ភាព មានការទទួលខុសត្រូវ និងអាចបង្កើតលទ្ធផលជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ»។

ដូច្នេះការយល់ដឹងអំពីគោលគំនិតនេះ មិនគួរត្រូវបានកំណត់ត្រឹមការគ្រប់គ្រងផ្ទៃក្នុងបក្ស ប៉ុណ្ណោះទេ ប៉ុន្តែត្រូវពិនិត្យមើលឱ្យបានទូលំទូលាយអំពីទំនាក់ទំនងរវាងការរក្សាវិន័យ សមត្ថភាពដឹកនាំ ការអនុវត្តគោលនយោបាយ និងប្រសិទ្ធភាពនៃអភិបាលកិច្ចរដ្ឋ។ ទស្សនៈនេះផ្តល់ជាមូលដ្ឋាន សម្រាប់ការសិក្សាបទពិសោធន៍របស់ចិន ព្រមទាំងការពិចារណាអំពីគោលការណ៍ និងវិធីសាស្ត្រដែល អាចកែសម្រួលឱ្យសមស្របនឹងបរិបទកម្ពុជា ដើម្បីពង្រឹងអភិបាលកិច្ចក្នុងវិស័យសាធារណៈ៕