កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា
04-11-2026 15:00
(ភ្នំពេញ)៖ កុមារា កុមារី រួមទាំងយុវវ័យ យុវនារី, ខ្លះជាក្មេងកំព្រា មានឪពុក-ឥតម្ដាយ ខ្លះមានម្ដាយ-ឥតឪពុក ខ្លះរស់នៅជាមួយជីដូន និងខ្លះទៀតមានឪពុកម្ដាយ តែរស់នៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលធ្វើឱ្យកុមារខ្លះបានបង់បោះការសិក្សា តែក្រោយពេលដែលបានបង្កើតក្រុមសិល្បៈពន្លឺកុមាររុនតាឯក មានបង្រៀនក្បាច់សិល្បៈ ភ្លេងពិណពាទ្យ របាំបុរាណ របាំប្រពៃណី និងល្ខោនខោលជាដើម ក្មេងៗដែលងាយរងគ្រោះទាំងនេះ ទាំងអ្នកកំពុងសិក្សារៀនសូត្រ និងអ្នកដែលបានបោះបង់ការសិក្សា បានចូលរៀនខាងផ្នែកសិល្បៈនេះបន្ថែម ដើម្បីក្រេបនូវចំណេះជំនាញបណ្ដើរ និងអាចរកចំណូលមួយផ្នែកតូចដើម្បីយកកម្រៃទៅរៀនបន្ដ។
តាមការឱ្យដឹងពីលោកគ្រូ ឌៀប ណារី ប្រធានក្រុមសិល្បៈពន្លឺកុមាររុនតាឯក ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបថា កុមារដែលមករៀនសិល្បៈនៅទីនេះ គឺសុទ្ធតែជាក្មេងមានជីវភាពក្រីក្រលំបាក ខ្លះបោះបង់ការសិក្សាដោយសារតែជីវភាព តែក្រោមការជួយជំរុញរបស់លោកគ្រូ ទៅកាន់អាណាព្យាបាល បានឱ្យកូនៗរបស់គាត់ចូលរៀនវិញ។ ដូច្នេះក្មេងៗដែលមករៀនសិល្បៈនៅទីនេះ ដាច់ខាតត្រូវតែជាក្មេងដែលកំពុងបន្ដការសិក្សារៀនសូត្រ ទោះគ្រួសារមានជីវភាពខ្វះខាតក៏ដោយ ក៏លោកគ្រូសិល្បៈរូបនេះ ខិតខំដើរលក់បន្លែ ត្រី សាច់បន្ថែម បន្ទាប់ពីបង្ហាត់បង្រៀនសិល្បៈដល់សិស្ស ដើម្បីរកលុយឱ្យក្មេងបានរៀនសូត្រមានចំណេះដឹង ព្រោះលោកគ្រូមិនចង់ឱ្យអ្នកសិល្បៈ ចេះតែសិល្បៈតែមួយមុខ តែមិនចេះអក្សរ ឬរៀនមិនបានជ្រៅជ្រះដូចគេ រួមទាំងភាសាបរទេសផងដែរ ដើម្បីជាផ្នែកមួយជួយលើកតម្កើងសិល្បៈវប្បធម៌ខ្មែរយើង ឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក។
បច្ចុប្បន្នេះក្រុមសិល្បៈពន្លឺកុមាររុនតាឯក មានសិស្សសរុប ២២០នាក់ បានមកហាត់របាំ រៀនកុំព្យូទ័រ និងរៀនភ្លេងជាដើម ហើយក្នុងនោះមានគ្រូបង្រៀន និងបុគ្គលិក ១៣នាក់ និងកុមារស្នាក់នៅប្រមាណ ៤០នាក់។
សម្រាប់កុមារ ៤០នាក់នោះមានមកពីខេត្តកំពង់ធំ, ខេត្តបាត់ដំបង និងព្រះវិហារ ក្រៅពីនោះកុមារដែលរស់នៅលើទឹកដីរុនតាឯកផ្ទាល់។ កុមារខ្លះមកហាត់រៀន តាំងពីនៅស្លៀកខោទឹកនោមមកម្លេះ ។លោកគ្រូ ណារី បានបញ្ជាក់ថា ចំពោះប្រភពចំណូលនៃក្រុមសិល្បៈវិញ គឺពឹងផ្នែកទាំងស្រុងទៅលើការដឹកនាំក្រុមសិល្បៈទៅសម្ដែងនៅតាមកម្មវិធីផ្សេងដែលបងប្អូនប្រជាជនយើងជួលទៅ ក៏ដូចជាម្ចាស់កម្មវិធី ដែលមាននៅសាលារៀន ផ្សារផាប់ស្ទ្រីតសៀមរាប កន្លែងទីប្រជុំជន តាមហាងផ្សេងៗ និងវត្ដអារាមជាដើម ក្រៅពីនោះគឺបានពីការជួយឧបត្ថម្ភគំាទ្ររបស់អាជ្ញាធរមូលដ្ឋាន និងពីសប្បុរសជនឆ្ងាយជិត។
ប្រធានក្រុមសិល្បៈរូបនេះបានដឹងទៀតថា «ចំពោះបញ្ហាប្រឈម គឺប្រភពចំណូលមិនទៀងទាត់ ព្រោះសព្វថ្ងៃលែងលក់បន្លែត្រីសាច់ទៀតហើយ ពឹងលើតែការសម្ដែងសិល្បៈ, បច្ចុប្បន្ននេះយើងខ្វះខាតកន្លែងរស់នៅរបស់ក្មេងៗមិនទាន់បានសមរម្យ ខ្វះសម្លៀកបំពាក់ និងសម្ភារសិក្សា។ តែទោះជាយ៉ាងណាខ្ញុំនឹងខិតខំប្រឹងប្រែង តស៊ូទៅមុខទៀត ដើម្បីអនាគតក្មេងៗនៅទីនេះមានចំណេះជំនាញ បានទាំងរៀនសូត្រ និងបន្ដវេនផ្នែកសិល្បៈពីពួកខ្ញុំ»។
ការលំបាក និងភាពតស៊ូនេះរបស់លោកគ្រូ ឌៀប ណារី ក្នុងបណ្ដុះនូវបំនិនជីវិតដល់កុមារដែលជាក្រដាសស ឱ្យដើរលើគន្លងជាធនធានដ៏ល្អនិងបានជួយបណ្ដុះកូនខ្មែរឱ្យចេះស្រលាញ់ និងថែរក្សាសម្បត្ដិវប្បធម៌ប្រពៃណីខ្មែរ ត្រូវបានជ្រាបជាដំណឹងដល់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដូច្នេះអ្នកម្ដាយមនុស្សធម៌មិនទុកឱ្យកូនចៅលំបាក ដោយមិនបានការជួយពីលោកនោះឡើយ ដោយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខភ្លាមៗ និងនាំយកមកជាមួយអំណោយជាស្បៀងអាហារ សម្ភារសិក្សា មុងភួយក្រមាសម្រាប់ប្រើប្រាស់ប្រចាំ រួមទាំងថវិកាមួយចំនួន មកប្រគល់ជូនដល់ក្រុមសិល្បៈពន្លឺកុមាររុនតាឯក ព្រមទាំងរៀបចំអាហារថ្ងៃត្រង់ថ្ងៃមួយពេលដ៏ឆ្ងាញ់ពិសា ចំនួន២៥តុ ដែលមាន បង្កងក្រឡុកខ្ទិះដូង, សាច់គោអាំងជ្រនួច, សម្លការី-នំបញ្ចុក, បាយឆា-បាយស ផ្លែឈើទំពាំងបាយជូរ និងបង្អែមខ្មែរ ជូនដល់កុមារ លោកគ្រូឣ្នកគ្រូ និងឣ្នកថែទាំ ពិសាដ៏ពេញចិត្ដ និងរីករាយជាខ្លាំង។
ជាពិសេសដោយក្មេងៗខ្វះខាតមធ្យោបាយធ្វើដំណើរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដល់នូវម៉ូតូរ៉ឺម៉កសណ្តោងសម្រាប់ដឹកសិស្ស ចំនួន ១គ្រឿងបន្ថែមទៀត ក្រៅពីឣង្ករ ៣តោន, ឣង្ករសុខភាព ១០កេស, មី ៥០កេស, ត្រីខ ៥កេស, ទឹកស៊ីអ៊ីវ ១០យួ, ទឹកត្រី ១០យួ, ប្រេងឆា ៥កេស, ភេសជ្ជៈ ៣០កេស, ទឹកបរិសុទ្ធឱរ៉ាល់ ៣០កេស, សាប៊ូកក់សក់ ៥កេស, សាប៊ូដុសខ្លួន ៥កេស, ផ្លែទំពាំងបាយជូ ៧កេស ។ហើយក្នុងនោះគ្រូ ១៥នាក់ ក្នុងម្នាក់ៗទទួលបាន ២០០,០០០រៀល និងផ្តល់ជូនសិស្សានុសិស្សចំនួន ២២០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅកត់ចំនួន ២ក្បាល, ប៊ិចចំនួន ១ដើម, ឃីតចំនួន១ មាន (សារុង ក្រមា មុង ភួយ) និងថវិកាចំនួន ៥០,០០០រៀលបន្ថែមទៀត ដែលបានធ្វើលោគ្រូ អ្នកគ្រូ អ្នកថែទាំក្មេង រួមទាំងក្មេងផ្ទាល់សប្បាយរីករាយខ្លាំង ពិសេសលោកគ្រូ ឌៀប ណាវី ដែលបានថ្លែងទំាងទឹកភ្នែក ព្រោះរំភើបនិងនឹងស្មានមិនដល់ថា ទទួលបាននូវការអាណិត ស្រលាញ់ សណ្ដោសប្រណី មេត្ដា ករុណា ប្រកបដោយភាពកក់ក្ដៅដោយផ្ទាល់ពីអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចំពោះក្មេងៗ លោកគ្រូ អ្នកគ្រូ ដូចជាកូន និងចៅៗនៅរុនតាឯក។
លោកគ្រូ ណារី បានថ្លែងទាំងទឹកភ្នែកថា «ខ្ញុំមិនដែលនឹកស្មានថាអ្នកម្ដាយមនុស្សធម៌ បានជ្រាបដំណឹងរបស់ពួកខ្ញុំនោះទេ ហើយបានចាត់តំណាងសួរនាំ និងចុះមកសួរសុខទុក្ខភ្លាមៗដោយភ្ជាប់ជាមួយអំណោយដែលជាតម្រូវការចាំបាច់របស់ពួកខ្ញុំ ។លោកបានសួរនាំចង់ញាំអី ខ្វះខាតអ្វី អាចជួយអ្វីបាន មានតម្រូវការអ្វីអ្នកម្ដាយជួយបាន។ គ្រាន់តែលឺប្រសាសន៍សួរនាំរបស់អ្នកម្ដាយមនុស្សធម៌ភ្លាម ខ្ញុំរំភើបពេករកអ្វីនិយាយចេញទេ ទោះមិនទាន់ទទួលបានអ្វីក៏ដោយ តែទឹកចិត្ដរំភើបរកអ្វីមកព្រៀងផ្ទឹមបានឡើយ។ អ្នកម្ដាយមនុស្សធម៌ គឺជាឱសថទិព្ទរបស់ពួកខ្ញុំជាកូនចៅចឹង»។ បេះដូងមនុស្សធម៌របស់ម្ដាយពិតជាធំធេងណាស់»។
លោកបានបន្ដថា ចំពោះការចាត់តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកអំណោយជាច្រើនមកដល់កូនចៅក្រុមសិល្បៈនេះ មិនត្រឹមតែជួយដល់ក្មេងៗបានហូបចុកឆ្ងាញ់គ្រប់គ្រាន់នោះទេ តែជំនួយដ៏ច្រើនរបស់អ្នកម្ដាយគឺបានជួយផ្គត់ផ្គង់កូនចៅនៅក្រុមសិល្បៈពន្លឺកុមាររុនតាឯកបានរហូតដល់មួយឆ្នាំ ។លើសពីការជួយនេះ គឺជាការជំរុញលើកទឹកចិត្ដដល់ក្មេងៗឱ្យបន្ដខិតខំសិក្សារៀនសូត្រ កុំចុះចាញ់នឹងការលំបាក ពិសេសជួយលើកស្ទួយវិស័យសិល្បៈបុរាណខ្មែរយើងឱ្យកាន់តែរុងរឿង។
នាឱកាសនោះ លោកគ្រូ ណារី និងសិស្សរបស់លោកគ្រូ បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ដដ៏មហាសប្បុរសរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, និងបានបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក តាមថែរក្សា អ្នកម្ដាយមនុស្សធម៌របស់កម្ពុជា មានសុខភាពល្អ អាយុយឺនយូរ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅប្រុសស្រីគ្រប់ៗរូប។
មុននឹងបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីអាណិត ស្រលាញ់ដល់កូនៗចៅៗ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេសផ្ដាំផ្ញើឱ្យចៅៗបន្ដខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងធនធានល្អដ៏សម្រាប់ប្រទេសជាតិ។
លោកស្រីបានថ្លែងទៀតថា ទោះបីជាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញមកដោយផ្ទាល់ តែទឹកចិត្ដ និងបេះដូងរបស់សម្ដេច ពិតជានឹករលឹកដល់កូនៗ ចៅៗណាស់ ជាពិសេសបានរំលឹកហើយ រំលឹកទៀតធ្វើយ៉ាងម៉េច រៀបចំអាហារឆ្ងាញ់ៗឱ្យកូនៗចៅៗញាំឱ្យបានឆ្ងាញ់និងបបូរណ៌គ្រប់ៗគ្នា ។ «លោកគឺពិតជាចង់មកជួបកូនចៅដោយផ្ទាល់នៅទីនេះណាស់ ខណៈដែលកន្លងមកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត លោកធ្លាប់បានអញ្ជើញចុះមកសួរសុខទុក្ខប្រជាជនយើង ដែលរស់នៅក្រុងរុនតាឯកនេះដែរ ដោយបានផ្ដល់អំណោយជូនដល់លោកតា លោកយាយ អ៊ុំពូមីងបងប្អូនកូនចៅ លោកគ្រូ-អ្នកគ្រូពេទ្យ លោកគ្រូ-អ្នកគ្រូបង្រៀន និងសិស្សានុសិស្ស ដែលទើបនឹងមករស់នៅលើទឹកដីថ្មី នៃក្រុងរុនតាឯក និងបានទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យផងដែរ»។
លោកស្រីបានគូសបញ្ជាក់បន្ថែមទៀតថា រុនតាឯក ជាទីកន្លែងមួយក្នុងចំណោមកន្លែងផ្សេងៗជាច្រើន ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែតាមដានមើលពីវឌ្ឍនភាព ក៏ដូចជាការរីកចម្រើននៅក្នុងភូមិឃុំផង ជាពិសេសត្បិតតែលោកមិនសូវមានសកម្មភាពចេញក្រៅច្រើនមែន ក៏ប៉ុន្ដែព័ត៌មានសព្វគ្រប់ទាំងអស់តាមបណ្ដាញព័ត៌មាន និងតាមបណ្ដាញសង្គម, សម្ដេចលោកតែងតាមដាននូវសកម្ម ដើម្បីចង់ដឹងសុខ និងទុក្ខរបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាគន្លឹះ ដែលសម្ដេចតែងតែយកចិត្ដទុកដាក់នៅក្នុងការគិតគូរ ក្ដីអាណិត ក្ដីស្រលាញ់ ពិសេសអ្នកដែលជួបការលំបាក។
កាកបាទក្រហកកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺតែងតែគិតគូរមិនដែលរំលងនោះឡើយពីសុខទុក្ខកូនចៅប្រជារាស្ដ្រ គ្រប់ៗរូប ពិសេសតែងតែស្រាវជ្រាវគ្រប់ពេលវេលាតាមប្រភព និងបណ្ដាញសង្គមផ្សេងៗ ដើម្បីជ្រាបជាដំណឹង ហើយចុះមកជួយភ្លាមៗ ដោយមិនឱ្យកូនចៅប្រុសស្រី ដែលជួបការលំបាក មិនបានទទួលការជួយសង្គ្រោះនោះឡើយ។ មិនត្រឹមតែសកម្មភាពនាពេលនេះប៉ុណ្ណោះទេ គឺកន្លងមកនេះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើមរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា «មាតាមនុស្សធម៌» បានដឹកនាំសហការីយ៉ាងបុរេសកម្ម ជួយសង្គ្រោះដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់រូបភាព មិនថារងគ្រោះដោយគ្រោះមហន្ដរាយធម្មជាតិ រឹងស្ងួត ក្ដៅហែង ខ្យល់កន្ដ្រាក់ ទឹកជំនន់ និងគ្រោះភ័យបង្កដោយមនុស្សក្ដី ពិសេសសុខទុក្ខរបស់វីរកងទ័ព និងគ្រួសារវីរកងទ័ព មិនថាពេលមានបញ្ហាព្រំដែន និងជាតិបានសុខសាន្ដ ក៏មាតាមនុស្សធម៌មិនដែលភ្លេចចំពោះការពលីរបស់វីរៈកងទ័ពយើងនោះឡើយ ។ទំហំនៃការគិតគូរគ្រប់ជ្រកល្ហក និងការដឹកនាំការងារមនុស្សធម៌ដ៏សកម្មរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដល់ដៃអ្នកដែលរងគ្រោះពិតប្រាកដនិងត្រូវការជួយជាចាំបាច់មិនថានៅពេលណា និងទីកន្លែងដាច់ស្រយាលម្ដេចក្ដី បានធ្វើឱ្យសប្បុរសជនគ្រប់មជ្ឈដ្ឋានស្ងើចសរសើរ និងបានចូលរួមឧបត្ថម្ភគំាទ្របេសកកម្មមនុស្សធម៌នេះរហូតមកដល់បច្ចុប្បន្ន និងបន្ដទៅថ្ងៃខាងមុខយ៉ាងរឹងមាំ៕
















































