កម្ពុជា-អឺរ៉ុប បើកកិច្ចសន្ទនាលើកទី៥ រវាងរដ្ឋ និងវិស័យឯកជន ដើម្បីបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជំរុញវិនិយោគ និងពាណិជ្ជកម្ម (Video inside)
04-11-2026 15:12
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោក Igor Driesmans ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចសន្ទនាលើកទី៥ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប ដោយមានការចូលរួមពី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃ ក.អ.ក., ថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក., តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, ប្រធាន អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) ព្រមទាំងសមាជិក សមាជិកា, តំណាងវិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលការងារ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនានា ក្នុងនោះដែរលោកបានធ្វើការកត់សម្គាល់ដោយក្តីសោមនស្សចំពោះវឌ្ឍនភាពជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការលើការងារភស្តុភារកម្មរវាងភាគីទាំងពីរ ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់ពាណិជ្ជកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងខ្ពស់។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បើទោះជាស្ថានភាពសេដ្ឋកិច្ចសកលលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តបេសកកម្មយ៉ាងសកម្មក្នុងការទាក់ទាញ និងជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយផ្ដល់នូវបរិយាកាសវិនិយោគដែលមានភាពអំណោយផល ស្ថិរភាព និងភាពព្យាករណ៍បាន។ បន្ថែមពីនោះលោក ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការពង្រីកវិសាលភាពកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ ដែលដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខ។ តាមរយៈសមិទ្ធផលនេះ ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនតាមផ្លូវសមុទ្របានប្រមាណ ៣០% ដែលជាកត្តាយុទ្ធសាស្ត្រមួយក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិផងដែរ។
ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូត ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងអំណរគុណជាថ្មីជូនចំពោះភាគីកម្ពុជា ដែលបានបន្តរៀបចំ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជននេះឡើង ហើយលោកក៏បានវាយតម្លៃខ្ពស់ថា កិច្ចសន្ទនានេះគឺជាវេទិកាដ៏មានសារប្រយោជន៍ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈម ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជនអឺរ៉ុបនៅកម្ពុជា។
ទន្ទឹមនឹងនេះលោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយ និងបង្ហាញសុឆន្ទៈក្នុងការផ្តល់កិច្ចគាំទ្រនានាចំពោះ ផែនការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ (Investment Roadshow) នៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែល ក.អ.ក. ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងរៀបចំឡើងនាពេលខាងមុខ។ លោកបានគូសបញ្ជាក់ថា ជោគជ័យនៃបេសកកម្មយុទ្ធសាស្ត្រនេះ នឹងត្រូវស្តែងចេញតាមរយៈកំណើននៃទំហំការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់វិនិយោគិនអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដែលនេះជាសញ្ញាណដ៏វិជ្ជមាន ឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងលើបរិយាកាសវិនិយោគនៅកម្ពុជា។
លោក Igor Driesmans ក៏បានរំលេចអំពីខួបលើកទី២៥ នៃការអនុវត្តគំនិតផ្តួចផ្តើម «ការអនុគ្រោះពន្ធទាំងអស់លើកលែងតែសព្វាវុធ» (Everything But Arms - EBA) របស់សហភាពអឺរ៉ុប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ បន្ថែមលើសពីនេះលោកបានសម្តែងនូវក្តីរំពឹងទុកយ៉ាងមុតមាំចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំនិងឆ្ពោះទៅរក ក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ GSP+ នាពេលអនាគត ដែលនឹងក្លាយជាកាតាលីករយុទ្ធសាស្ត្របន្ថែមទៀត ក្នុងការលើកកម្ពស់សក្តានុពលនីហរណកម្ម និងការទាក់ទាញទុនវិនិយោគផ្ទាល់ពីអឺរ៉ុបមកកាន់កម្ពុជា។
នៅក្នុងកិច្ចសន្ទនាលើកទី៥ នេះ ភាគីទាំងពីរបានធ្វើការពិភាក្សាជុំវិញប្រធានបទជាអាទិភាព ដោយផ្តោតលើលទ្ធផលការងារដែលសម្រេចបាន តាមរយៈកិច្ចសន្ទនាទាំង៤លើក កន្លងមក និងពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែមលើវឌ្ឍនភាពការងារដែលកំពុងបន្ត និងទិសដៅសកម្មភាពការងារបន្ទាប់ដែលគ្រោងនឹងអនុវត្ត។
តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ ភាគីអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមាន ក.អ.ក. និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ជាមួយគ្នានេះភាគីអឺរ៉ុបក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចសន្ទនានាពេលកន្លងមក។
កិច្ចសន្ទនាលើកទី៥ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងប្រកបដោយលទ្ធផលផ្លែផ្កា។ វេទិកាសន្ទនានេះ មិនត្រឹមតែបានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវ បរិយាកាសធុរកិច្ចនិងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្តពង្រឹងនូវភាពជាដៃគូយុទ្ធសាស្ត្រ និងទំនុកចិត្តរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ភាគីទាំងពីរ៕

































