អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង៩នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវយ៉ាងអនាធិបតេយ្យ
04-11-2026 15:16
(កំពង់ស្ពឺ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ចំនួន ៩នាក់ នៅ២ទីតាំងផ្សេងគ្នាក្រោយពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមទីសាធារណៈបង្កឱ្យប្រជាពលរដ្ឋរស់នៅជុំវិញភ័យខ្លាច បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម និងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះបានធ្វើឡើដោយមានការចង្អុលបង្ហាញតម្រង់ទិសពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងមានការដឹកបញ្ជាយ៉ាងម៉ឺងរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការទី១ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះល្បាតតាមបណ្ដាភូមិសាស្ត្រក្នុងខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនក្មេងទំនើងបានចំនួន៨នាក់បន្ថែមទៀត ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដោយបានប្រព្រឹត្តកាលពីវេលាម៉ោង២១:៥៥នាទី នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈ Caltex ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រុមក្មេងទំនើងទាំងនេះរួមមានទី១ ឈ្មោះ កាន់ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី២ ឈ្មោះ ឈាង ឈុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៣ ឈ្មោះ ពេញ សុភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៤ ឈ្មោះ រិត សុគុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៥ ឈ្មោះ ស៊ឺន សេថាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងម៉ូតូ, ទី៦ ឈ្មោះ សយ ឈឺន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៧ ឈ្មោះ សៅ សារ៉េត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ និងទី៨ ឈ្មោះ អុន វិឈិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ។
ព្រមទាំងចាប់យកវត្ថុតាងបានរួមមានម៉ូតូចំនួន០៤គ្រឿង និងទូរស័ព្ទចំនួន៨គ្រឿងផងដែរ។
ប្រតិបត្តិការទី២ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន០១នាក់ មានឈ្មោះ វណ្ណៈ សេដ្ឋៈ ភេទប្រុស អាយ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ ដោយប្រព្រឹត្តកាលពីវេលាម៉ោង២៣:០០នាទី នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រង់ចំណុចលើផ្លូវលេខ១៣០ ស្ថិតនៅក្នុងភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ព្រមទាំងចាប់យកវត្ថុតាងរួមមានម៉ូតូចំនួន១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MB-8243 និងទូរស័ព្ទចំនួន១គ្រឿង។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៩នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូយកមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕


























