បណ្ឌិត កៅ ថាច លើកទឹកចិត្តដល់ប្រជាកសិករ ដាំដំណាំ ឬចិញ្ចឹមសត្វ ធ្វើយ៉ាងណាឱ្យមានលក់រាល់ថ្ងៃ
04-11-2026 15:25
(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកទឹកចិត្តដល់ប្រជាកសិកររស់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឱ្យគិតគូរដាំដុះដាំណាំផ្សេងៗ ក៏ដូចជាការចិញ្ចឹមសត្វ ធ្វើយ៉ាងណាឱ្យមានលក់បានជាប្រចាំរៀងរាល់ថ្ងៃ ទៅឱ្យអ្នកទទួលទាន និងឈ្មួញ ដើម្បីរក្សាទីផ្សារកុំឱ្យបាត់បង់។
លោកបណ្ឌិតបានបំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកពង់ធំ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង២០០នាក់។
យោងតាមរបាយការណ៍របស់អភិបាលរងស្រុកប្រាសាទសំបូរ សហគមន៍កសិកម្មបង្កើតឡើងក្នុងស្រុកប្រាសាទសំបូរ មានចំនួន ៨សហគមន៍។
លោកបណ្ឌិត បានលើកឡើងថា ការរួមគ្នាធ្វើការដាំដុះ និងចិញ្ចឹមសត្វឱ្យមានលក់ជាប្រចាំបែបនេះ ជារឿងល្អសម្រាប់ការជំរុញជីវភាពសហគមន៍ ក៏ដូចជាសកម្មភាពផលិតកម្មកសិកម្ម នៅក្នុងតំបន់។
លោកអគ្គនាយកបានថ្លែងថា «តាមការសង្កេតរបស់ខ្ញុំឃើញថាការដាំដុះ និងការចិញ្ចឹម យើងលក់ឱ្យអ្នកទទួលទានអត់បានរាល់ថ្ងៃ។ មានមួយថ្ងៃបាត់មួយអាទិត្យ ឬមានមួយថ្ងៃបាត់រហូតដល់មួយខែ។ នេះជាបញ្ហាធំ ដែលបងប្អូនកសិករកំពុងមានកង្វល់ គឺទីផ្សារ»។
លោកបានបន្តថា «យើងបន្ទោសថាអត់ទីផ្សារ លក់មិនបាន ចំណែកឯអ្នកទិញគេថា ទិញបានមួយថ្ងៃបាត់មួយអាទិត្យ។ ឧទាហរណ៍អ្នកដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់មួយ លក់បានយ៉ាងច្រើនបាន៣ថ្ងៃអស់ហើយ ហើយទើបចាប់ផ្តើមរៀបចំដាំឡើងវិញជាថ្មី ដែលត្រូវរង់ចាំជាង២០ថ្ងៃទៀតទើបបានប្រមូលផល ចឹងអ្នកទទួលទានរង់ចំា ជាង២០ថ្ងៃទៀតចាំមកទិញម្តងទៀតមក។ ដូចនេះបញ្ហាធំនៅត្រង់ចំណុចនេះ ដែលធ្វើឱ្យយើងបាត់បង់ទីផ្សារ»។
«មួយទៀត អ្នកបើកភោជនីយដ្ឋាន គេបើកលក់ និងត្រូវការបន្លែរាល់ថ្ងៃ ពេលគាត់អត់ជម្រើស តើគាត់ទៅណា? បន្លែនាំមកពីភ្នំពេញមានរាល់ថ្ងៃ ធ្វើឱ្យគេជាប់ម៉ូយអ្នកនាំបន្លែមកពីភ្នំពេញ ។ នៅពេលយើងផលិតបាន២០ថ្ងៃក្រោយ យកទៅលក់ឱ្យ ស្រាប់គេថាគេទិញបន្លែនាំមកពីភ្នំពេញហើយ។ ដូចនេះយើងលក់បន្លែអត់ដាច់ដដែល»។ នេះជាការបញ្ជាក់បន្ថែម របស់លោកអគ្គនាយក។
យោងតាមលោកបណ្ឌិត, ការៀបចំក្រុមផលិតជាសហគមន៍កសិកម្មល្អ អាចរៀបចំកាលវិភាគ នៃការដាំដុះនិងការប្រមូលផល ហើយលក់ឱ្យបានរាល់ថ្ងៃដែលធ្វើឱ្យទីផ្សារ នៅជាប់រាល់ថ្ងៃជាមួយកសិករ នៅក្នុងស្រុកប្រាសាទសំបូរនេះ។
លោកបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ថា «បញ្ហានេះធំណាស់ដោយសារតែកសិករយើងមានផ្ទៃដីដាំដុះតូចៗត្រូវការរួមគ្នាធ្វើ។ ខ្ញុំលើកទឹកចិត្តដល់សហគមន៍កសិកម្មបង្កើតឡើង ហើយផលិត មិនមែនសហគមន៍លក់តែជី លក់តែប្រេងចងការប្រាក់នោះទេ។ ត្រូវរួមគ្នាផលិត រួមគ្នារៀបចំផែនការផលិតលក់ឱ្យបានរាល់ថ្ងៃទៅដល់អ្នកបរិភោគ និងអ្នកទិញ។ តែបើធ្វើតាមសេណារីយ៉ូ (លក់ហើយខាន) ដែលខ្ញុំជម្រាបជូនមុននេះ គេមកទិញតែម្តង លើកក្រោយគេលែងមកទិញរហូត។ ព្រោះគេត្រូវការរាល់ថ្ងៃ ប៉ុន្តែយើងមានតាមពេល។ បើយើងមានគ្រួសារច្រើន អស់មួយគ្រួសារនៅសល់គ្រួសារផ្សេង តៗគ្នាជាប់រហូតទៅ ធ្វើឱ្យមានជាប់រហូតហើយ។ ដូច្នេះយើងអាចគ្រប់គ្រង យើងអាចរក្សាទីផ្សារបានយើង លក់បានដោយស្រួល»៕ឮ















