ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង សំណេះសំណាលជាមួយយុវជន ដែលត្រូវបំពេញកាតព្វកិច្ចយោធា មុនចេញដំណើរទៅសាលាហ្វឹកហ្វឺនកងទ័ព
04-11-2026 16:24
(កំពង់ឆ្នាំង)៖ កាតព្វកិច្ចយោធា គឺជាការងារចាំបាច់សម្រាប់យុវជនកម្ពុជា ដែលជាការឆ្លុះបញ្ចាំងពីស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់ខ្ពស់ ការចូលរួមបំពេញកាតព្វកិច្ចនេះ គឺស្របតាមរដ្ឋធម្មនុញ្ញ។ ច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីការពារជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី។
នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ជា សុខរិទ្ធិ អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជន ដែលត្រូវបំពេញកាតព្វកិច្ចយោធាមុនចេញដំណើរទៅសាលាហ្វឹកហ្វឺនកងទ័ព។ ពិធីនេះក៏មានការចូលរួមពីតំណាងអាជ្ញាធរក្រុង-ស្រុក-និងក្រុមប្រឹក្សាឃុំ-សង្កាត់ រួមនិងអាណា ព្យាបាលរបស់យុវជនជាច្រើននាក់។
ក្នុងពិធីចំណេះសំណាល និងជូនដំណើរមុនពេលចេញទៅហ្វឹកហ្វឺន នៅតាមសាលាហ្វឹកហ្វឺនកងទ័ព ថ្នាក់ដឹកនាំទាំងអស់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ ដល់មុខរបស់យុវជន ដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិ មាតុភូមិ និងការពារទឹកដី។ ពួកគាត់ក៏បានគូសបញ្ជាក់ថា ការចូលបំពេញកាតព្វកិច្ចយោធា គឺជាកាតព្វកិច្ចដ៏ដ៏ឧត្តម និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានគណ:កម្មាធិការកាតព្វកិច្ចយោធាខេត្ត បានបញ្ជាក់ថា ក្នុងជំហានដំបូង ខេត្តទទួលបានយុវជនស្ម័គ្រចិត្ត ត្រូវចូលបំពេញកាតព្វកិច្ចយោធាចំនួន១៨០នាក់ ដែលត្រូវទៅសាលាហ្វឹកហ្វឺនកងទ័ព។ លោកបានបញ្ជាក់ថា ការចូលក្នុងសាលាហ្វឹកហ្វឺន គឺជាទីកន្លែងបណ្ដុះបណ្ដាលវិន័យ សីលធម៌ ជំនាញយុទ្ធសាស្ត្រ និងបណ្ដុះមនសិការ ស្រឡាញ់ជាតិមាតុភូមិយ៉ាងពិតប្រាកដ។
ថ្លែងក្នុងឱកាសនោះ លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុតចំពោះស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់ដ៏ធំធេងរបស់យុវជនទាំងអស់គ្នា ក្នុងការលះបង់ ចាកចេញពីគ្រួសារ ដើម្បីទៅហ្វឹកហ្វឺនរៀនសូត្រ ក្នុងជីវិតកងទ័ព គឺជាការសម្រេចចិត្តដ៏ថ្លៃថ្នូរ និងជាគំរូដ៏ល្អប្រសើរ ដែលសបញ្ជាក់យ៉ាងច្បាស់ថា យុវជនខេត្តកំពង់ឆ្នាំង ជំនាន់ក្រោយគឺជាយុវជនដែលមានឧត្តមគតិជាតិនិយមរឹងមាំ និងមានមនសិការស្នេហាជាតិខ្ពង់ខ្ពស់។
លោកអភិបាលរងខេត្ត បានផ្តាំផ្ញើរចំពោះក្មួយៗត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាហ្វឹកហ្វឺន ឲ្យបានម៉ឹងម៉ាត់។ កងទ័ពរឹងមាំទៅបាន និងមានកិត្យានុភាព លុះត្រាតែមានវិន័យល្អ ដូច្នេះត្រូវគោរពវិន័យស្តាប់បង្គាប់គ្រូបង្វឹក និងស្ដាប់ការអប់រំណែនាំរបស់មេបញ្ជាការ ត្រូវមានស្មារតីសាមគ្គីភាពផ្ទៃក្នុង និងចេះស្រឡាញ់រាប់អានគ្នា។ សរុបមកការអនុវត្តវិន័យកងទ័ពបានត្រឹមត្រូវ មិនត្រឹមតែជាការរៀនធ្វើសង្គ្រាមប៉ុណ្ណោះ ទេប៉ុន្តែវាជាការរៀនដើម្បីក្លាយជាពលរដ្ឋ ដែលមានវិន័យមានសមត្ថភាពការទទួលខុសត្រូវ និងស្មារតីចូលរួមចំពោះជាតិ។ កងទ័ព គឺជាអ្នកបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ ហើយត្រូវស្មោះត្រង់ ការពារជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាព៕




















