ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ធ្វើបាឋកថាចែករំលែកចំណេះដឹងពី«ម៉ាឡេស៊ី និងអាស៊ាន» ដល់ថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
04-11-2026 20:56
(ភ្នំពេញ)៖ លោកបណ្ឌិត សាហារូឌីន អ៊ន (Dr. Shaharuddin Onn) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញធ្វើបាឋកថាចែករំលែកចំណេះដឹងក្រោមប្រធានបទ «ម៉ាឡេស៊ី និងអាស៊ាន» ដល់ថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីលោកស្រីបណ្ឌិត ខា ឡេង ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៤០០នាក់។
នៅក្នុងឱកាសនោះលោកបណ្ឌិត សាហារូឌីន អ៊ន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លី ឃុនថៃ និងក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ ច្បាប់ជូនរូបលោក កាលពីពេលកន្លងទៅ ដែលត្រូវបានប្រគល់ជូនដោយផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបណ្ឌិត សាហារូឌីន អ៊ន ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថានទូតម៉ាឡេស៊ី និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រួមទាំងការចូលរួមរបស់និស្សិតក្នុងពិព័រណ៍អប់រំ និងសមិទ្ធផលជ័យលាភីជើងឯករងផ្នែកបាល់ទាត់ក្នុងពានរង្វាន់ «Malaysian Ambassador’s Football Shield» ផងដែរ។
នៅក្នុងបាឋកថា លោកបណ្ឌិត សាហារូឌីន អ៊ន បានបែងចែកជា ៣ផ្នែកសំខាន់ៗរួមមាន៖
១៖ ទិដ្ឋភាពទូទៅនៃទំនាក់ទំនងទ្វេភាគីរវាងម៉ាឡេស៊ី និងកម្ពុជា៖ លោកបានគូសបញ្ជាក់ថា ប្រទេសទាំងពីរគឺជា «ដៃគូក្នុងសន្តិភាព ដៃគូក្នុងការរីកចម្រើន និងដៃគូក្នុងវិបុលភាព»។ ទំនាក់ទំនងទ្វេភាគីបានកើនឡើងយ៉ាងខ្លាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការរីកចម្រើនលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ។
នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងលើសពី ១ ពាន់លានដុល្លារអាមេរិក ហើយកំពុងឆ្ពោះទៅរកគោលដៅ ២ ពាន់លានដុល្លារ តាមរយៈកិច្ចប្រជុំគណៈកម្មការចម្រុះ (JCBC)។ ការវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាមានលើច្រើនវិស័យដូចជា ធនាគារ កាត់ដេរ ថាមពល អាកាសចរណ៍ សុខាភិបាល និងអចលនទ្រព្យជាដើម។
២៖ គោលនយោបាយការបរទេសរបស់ម៉ាឡេស៊ី៖ ម៉ាឡេស៊ីប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ និងផ្អែកលើការអនុវត្តជាក់ស្តែង ដោយឈរលើគុណតម្លៃនៃសន្តិភាព មនុស្សធម៌ និងសមភាព។ ម៉ាឡេស៊ីផ្តល់សារៈសំខាន់លើប្រព័ន្ធពហុភាគីនិយម (UN, OIC, NAM, APEC) និងបានអនុវត្តគោលនយោបាយ «ការធ្វើឱ្យអ្នកជិតខាងមានវិបុលភាព» (Prosper Thy Neighbour) តាមរយៈកម្មវិធីសហប្រតិបត្តិការបច្ចេកទេស (MTCP) និងតំបន់អភិវឌ្ឍន៍រួមក្នុងតំបន់។
៣៖ ម៉ាឡេស៊ី និងអាស៊ាន៖ អាស៊ានគឺជា «ត្បូងពេជ្រនៃគោលនយោបាយការបរទេសរបស់ម៉ាឡេស៊ី» ម៉ាឡេស៊ីគឺជាប្រទេសស្ថាបនិកមួយនៃអាស៊ានតាំងពីឆ្នាំ១៩៦៧ និងបានគាំទ្រយ៉ាងសកម្មដល់ការពង្រីកសមាជិកភាពអាស៊ាន រហូតដល់ ១១ប្រទេស (រួមទាំងទីម័រខាងកើតដែលបានចូលក្នុងអាណត្តិប្រធានអាស៊ានរបស់ម៉ាឡេស៊ីឆ្នាំ២០២៥)។ លោកបានលើកឡើងពីទិដ្ឋភាពសំខាន់ៗចំនួន៣ នៃអាស៊ាន គឺ សន្តិភាពនិងស្ថិរភាព, កិច្ចសហប្រតិបត្តិការ, និងពាណិជ្ជកម្ម-កំណើនសេដ្ឋកិច្ច។ ម៉ាឡេស៊ីក៏ជាអ្នកផ្តួចផ្តើមគំនិតតំបន់ ZOPFAN (១៩៧១) និងបានជួយសម្របសម្រួលជំនួយមនុស្សធម៌ជាច្រើនក្នុងតំបន់ផងដែរ។
លោកបណ្ឌិត ក៏បានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងម៉ាឡេស៊ី និងកម្ពុជា នឹងបន្តនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ និងតំបន់ទាំងមូល៕





























