លោកវរសេនីយ៍ឯក ម៉ង់ វិទូ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូក និងបុណ្យឯករាជ្យជាតិ នៅក្រុងស្ទឹងសែន
04-11-2026 21:25
(កំពង់ធំ)៖ លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូកថ្នាក់ខេត្ត និងពិធីបុណ្យឯករាជ្យជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងការត្រៀមលក្ខណៈ និងការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំង ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលរៀបចំពិធីបុណ្យ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ម៉ង់ វិទូ បានថ្លែងកោតសរសើរចំពោះស្នាដៃ និងគុណបំណាច់របស់កងកម្លាំងនគរបាលជាតិ ដែលតែងតែលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបំពេញតួនាទី ភារកិច្ច និងបេសកកម្មក្នុងការការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកស្នងការរងបានណែនាំឱ្យមន្ត្រីជំនាញយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ និងសាធារណៈនៅតាមគោលដៅសំខាន់ៗ ជាពិសេសតំបន់រង្វង់មូលវិមានឯករាជ្យ និងផ្លូវតាមបណ្ដោយសួនមាត់ស្ទឹងសែន ដែលអាចប្រឈមនឹងការកកស្ទះចរាចរណ៍ និងបញ្ហាសណ្ដាប់ធ្នាប់ផ្សេងៗ។ ការងារនេះមានគោលបំណងលើកកម្ពស់សោភណភាពទីក្រុង បង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលចូលរួមទស្សនាកម្សាន្ត តាមកម្មវិធីសប្បាយភាពនានា ព្រមទាំងចូលរួមអបអរសាទរ នៃព្រឹត្តិការណ៍ ប្រណាំងទូក។
ជាមួយគ្នានេះ លោកបានដាក់ចេញនូវទិសដៅការងារសំខាន់ៗចំនួន៤ចំណុច ដើម្បីឱ្យកងកម្លាំងអនុវត្តប្រកបដោយប្រសិទ្ធភាព រួមមាន៖
១. ពង្រឹងការគ្រប់គ្រងកម្លាំង ត្រូវរៀបចំការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ តាមនីតិវិធីរដ្ឋបាល ពិនិត្យវត្តមានជាក់ស្តែង ការស្លៀកពាក់ឯកសណ្ឋាន និងការពាក់សញ្ញាសម្គាល់នគរបាលជាតិឱ្យបានត្រឹមត្រូវ ព្រមទាំងត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងករណីមានហេតុការណ៍កើតឡើងជាយថាហេតុ។
២. ពង្រឹងការងារប្រចាំការ ត្រូវរៀបចំកម្លាំងប្រចាំការ និងផ្លាស់ប្តូរវេនឱ្យបានច្បាស់លាស់ ដើម្បីត្រៀមទទួល និងអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ព្រមទាំងចូលរួមប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
៣. បង្កើនការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ត្រូវបន្តចុះអប់រំប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍នៅតាមគោលដៅងាយរងគ្រោះ ដើម្បីលើកកម្ពស់ការយល់ដឹង ការប្រុងប្រយ័ត្ន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
៤. បង្កើនការចុះល្បាត និងរៀបចំសណ្ដាប់ធ្នាប់ ត្រូវដាក់កម្លាំងប្រចាំការ និងល្បាតតាមទីប្រជុំជន មណ្ឌលទេសចរណ៍ រមណីយដ្ឋាន និងប្រាង្គប្រាសាទ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងការពារសម្បត្តិបេតិកភណ្ឌជាតិ។
លោកវរសេនីយ៍ឯក ម៉ង់ វិទូ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្តធ្វើជាគំរូល្អក្នុងការគោរពច្បាប់ បទដ្ឋានគតិយុត្ត និងបទវិន័យនគរបាលជាតិ ព្រមទាំងរក្សាឥរិយាបថសុភាពរាបសារ ម៉ឺងម៉ាត់ ម៉ត់ចត់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្សពួក ឬពណ៌សម្បុរ។
លោកវរសេនីយ៍ឯក ម៉ង់ វិទូបានបញ្ជាក់ដែរថា ការត្រៀមលក្ខណៈ និងការអនុវត្តផែនការយ៉ាងម៉ឺងម៉ាត់នេះ គឺជាកត្តាសំខាន់ ក្នុងការធានាឱ្យពិធីប្រណាំងទូកថ្នាក់ខេត្ត និងពិធីបុណ្យឯករាជ្យជាតិ នៅក្រុងស្ទឹងសែន ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ៕























