នគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពាក់ព័ន្ធនឹងករណីឆបោក ដើររៃអង្គាសប្រាក់តាមភូមិដោយគ្មានព្រះសង្ឃរួមដំណើរ
04-11-2026 22:30
(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីឆបោកមានស្ថានទម្ងន់ទោស ដោយមានការចាត់តាំង តាមរយៈការដើររៃអង្គាសប្រាក់តាមភូមិដោយគ្មានព្រះសង្ឃរួមដំណើរ។
ការបង្ក្រាបនេះធ្វើឡើងក្រោមការអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង ៣០ នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីករណីគួរឱ្យសង្ស័យ ដោយមានមនុស្សចំនួន ០៣ នាក់ ជិះរ៉ឺម៉កកង់បីមួយគ្រឿង ដើររៃអង្គាសប្រាក់តាមភូមិ រហូតមកដល់ឃុំស្នួល ដោយគ្មានព្រះសង្ឃរួមដំណើរជាមួយ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានចុះទៅដល់ឃុំស្នួល និងបាននាំខ្លួនក្រុមជនសង្ស័យខាងលើមកសាកសួរ។
ជនសង្ស័យទាំង ០៣ នាក់ រួមមាន៖
១- ឈ្មោះ ប៊ុង នី ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសពីមុន៖ គ្មាន)។
២- ឈ្មោះ ថេត រ៉ាម៉ាន (ហៅ រុន) ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអារ៉ាល់ស្វាយ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសពីមុន៖ គ្មាន)។
៣- ឈ្មោះ ឈិញ ម៉ៅ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសពីមុន៖ គ្មាន)។
នៅចំពោះមុខនគរបាលជំនាញព្រហ្មទណ្ឌ ជនសង្ស័យទាំង ០៣ នាក់បានឆ្លើយស្របគ្នាថា ពួកគេពិតជាបាននាំគ្នាដើរឆបោកប្រជាពលរដ្ឋតាមរូបភាពរៃអង្គាសប្រាក់តាមភូមិ អស់រយៈពេលជិត ០១ ឆ្នាំមកហើយ។ សកម្មភាពនេះធ្វើឡើងតាមការបញ្ជារបស់ឈ្មោះ ពេជ្រ ប៊ុនថា ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលជាអ្នករៀបចំកាតសម្គាល់ខ្លួន និងលិខិតស្នើសុំកសាងវត្តអារាមផ្សេងៗក្លែងក្លាយ ដើម្បីឱ្យពួកគេយកតាមខ្លួនក្នុងពេលដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឈ្មោះ ពេជ្រ ប៊ុនថា បានកំណត់ឱ្យពួកគេប្រគល់ប្រាក់ដែលរៃអង្គាសបានក្នុងមួយថ្ងៃចំនួន ១១០.០០០ រៀល ហើយប្រាក់ដែលនៅសល់ពីចំនួននេះ អនុញ្ញាតឱ្យពួកគេចែកគ្នា។ ដោយសារការលួងលោម និងការរៀបចំរបស់ឈ្មោះ ពេជ្រ ប៊ុនថា ជនសង្ស័យទាំង ០៣ នាក់បានព្រមព្រៀង និងចាប់ផ្តើមធ្វើសកម្មភាពដើររៃអង្គាសប្រាក់តាមភូមិចាប់ពីដើមឆ្នាំ២០២៦ មក ដោយក្នុងមួយថ្ងៃអាចរៃអង្គាសប្រាក់បានប្រមាណពី ២៥០.០០០ រៀល ទៅ ៣០០.០០០ រៀល។ នៅពេលល្ងាច ចន្លោះពីម៉ោង ១៧ ដល់ម៉ោង ១៨ ឈ្មោះ ពេជ្រ ប៊ុនថា តែងតែទូរស័ព្ទមកបញ្ជាឱ្យពួកគេផ្ទេរប្រាក់ចំនួន ១១០.០០០ រៀល តាមការកំណត់។
ជាក់ស្តែង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឈ្មោះ ពេជ្រ ប៊ុនថា បានទូរស័ព្ទបញ្ជាឱ្យជនសង្ស័យទាំង ០៣ នាក់ចេញធ្វើសកម្មភាពដើរឆបោកប្រជាពលរដ្ឋតាមរូបភាពរៃអង្គាសប្រាក់ជាថ្មីម្តងទៀត។ ដោយទទួលបានការបញ្ជា ពួកគេបានចេញដំណើរពីក្រុងសៀមរាបនៅវេលាម៉ោង ០៨ ព្រឹក ដោយជិះរ៉ឺម៉កកង់បីទៅធ្វើសកម្មភាពរៃអង្គាសប្រាក់តាមភូមិនានា រហូតមកដល់ឃុំស្នួលនៅវេលាម៉ោង ១៦ និង ៣០ នាទី ខណៈពេលកំពុងធ្វើសកម្មភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់សួរនាំតែម្តង។
ចំណែកឯកសារដែលពួកគេយកតាមខ្លួន រួមមាន លិខិតស្នើសុំកសាងវត្ត និងលិខិតកម្មវិធីបុណ្យកឋិន ដែលតាមចម្លើយសារភាពរបស់ពួកគេ គឺជាឯកសារដែលត្រូវបានរៀបចំដោយឈ្មោះ ពេជ្រ ប៊ុនថា សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពឆបោកប្រជាពលរដ្ឋ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៣ នាក់ខាងលើ នគរបាលជំនាញបានបន្តនាំខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត គឺឈ្មោះ ពេជ្រ ប៊ុនថា ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរដើររៃអង្គាសប្រាក់ដោយឆបោកប្រជាពលរដ្ឋតាមភូមិ មានស្រុកកំណើតនៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងមានទីលំនៅបច្ចុប្បន្ននៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប មកសាកសួរនាំបន្ថែម។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ពេជ្រ ប៊ុនថា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខុសច្បាប់ ដោយដើរឃោសនា និងរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ ព្រមទាំងបានបង្កើតក្រុមការងារដើម្បីធ្វើសកម្មភាពរៃអង្គាសប្រាក់ក្នុងរូបភាពឆបោកប្រជាពលរដ្ឋប្រាកដមែន និងបានទទួលស្គាល់ថា ពិតជាបានរៀបចំឯកសារខាងលើ ដើម្បីប្រគល់ឱ្យជនសង្ស័យទាំង ០៣ នាក់យកទៅប្រើប្រាស់ក្នុងសកម្មភាពដើររៃអង្គាសប្រាក់តាមភូមិប្រាកដមែន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
១- ម៉ូតូសណ្ដោងរ៉ឺម៉កកង់បី ចំនួន ០១ គ្រឿង។
២- ប្រាក់រៀលខ្មែរ សរុបចំនួន ១៣០.០០០ រៀល (ដប់បីម៉ឺនរៀល)។
៣- លិខិតសម្គាល់ខ្លួនឈ្មោះ ប៊ុន នី ដែលចេញដោយព្រះចៅអធិការវត្ត ចំនួន ០១ ច្បាប់។
៤- លិខិតអំពាវនាវដែលចេញដោយព្រះចៅអធិការវត្ត ចំនួន ០១សន្លឹក៕







