អភិបាលខេត្តព្រះវិហារ ជំរុញឱ្យយាយនឿន លក់ស្រាថ្នាំ ចុះបញ្ជីការឱ្យបានត្រឹមត្រូវ និងប្រើប្រាស់តែវត្ថុធាតុដើមធម្មជាតិ ក្នុងការផលិត
04-11-2026 23:04
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជំរុញឱ្យយាយនឿន លក់ស្រាថ្នាំ ដែលកំពុងល្បីនៅលើបណ្តាញសង្គម ចុះបញ្ជីការឱ្យបានត្រឹមត្រូវ និងប្រើប្រាស់តែវត្ថុធាតុដើមធម្មជាតិ ក្នុងការផលិតស្រា។
ទោះបីជាយ៉ាងនេះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងការអបអរសាទរចំពោះប្រជាប្រិយភាព និងភាពល្បីល្បាញរបស់ «ស្រាថ្នាំយាយនឿន» ដែលផលិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ និងបានទទួលការគាំទ្រយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ លោកបានចាត់ទុកផលិតផលនេះជាប្រភេទស្រាតំបន់ (Local Wine/Herbal Wine) ដែលមានសក្តានុពល។
ទោះជាយ៉ាងណាក៏ដោយ ដោយក្តីបារម្ភពីសុខភាពសាធារណៈ លោកអភិបាលខេត្តបានធ្វើការសំណូមពរ និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន។ ទីមួយ លោកបានជំរុញឱ្យមានការចុះបញ្ជីការផលិតផលឱ្យបានត្រឹមត្រូវតាមរយៈមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលោកបានចាត់ឱ្យមន្ទីរចុះជួយសម្របសម្រួលរួចហើយ។ ទីពីរ លោកបានណែនាំឱ្យយាយនឿនបន្តប្រើប្រាស់ស្រាសុទ្ធដែលបិទពីអង្ករធម្មជាតិក្នុងស្រុក និងប្រើប្រាស់តែមើមរុក្ខជាតិ រួមទាំងវត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ដោយមិនត្រូវលាយសារធាតុគីមីបន្ថែមឡើយ ដើម្បីធានាសុខភាពអ្នកពិសា។
លោក គីម រិទ្ធី ក៏បានបញ្ជាក់ផងដែរថា ការលើកឡើងនេះ មិនមែនជាការលើកទឹកចិត្តឱ្យមានការបរិភោគគ្រឿងស្រវឹងនោះទេ ហើយសូមឱ្យអ្នកពិសាទទួលខុសត្រូវ។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា ផលិតផលនេះគឺជាស្រាថ្នាំ មិនមែនជាថ្នាំព្យាបាលរោគនោះឡើយ (not medicinal product)។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានជូនពរឱ្យយាយនឿនអាចរក្សាបាននូវគុណភាពផលិតផលខ្ពស់ និងទទួលបានជោគជ័យកាន់តែខ្លាំងក្នុងអាជីវកម្មមួយនេះ៕






