រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ខណ្ឌដង្កោ
05-11-2026 15:06
(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅខណ្ឌដង្កោ បានលើកឡើងជាសំណើរ និងសំណូមពរជាច្រើន ដើម្បីឱ្យអាជ្ញាធរជួយអន្តរាគមន៍ ក្នុងនោះ មានការស្នើសុំរបស់គ្រូបង្រៀន សុំបង្កើតអនុវិទ្យល័យក្រាំងពង្រ, ស្នើសុំភ្លើងសឡា ស្នើដាក់ប្រព័ន្ឋលូ និងស្នើបង្ក្រាបល្មើសក្មេងទំនើងជាដើម ។
ការលើកឡើងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ខណ្ឌដង្កោ នៅបរិបេណសាលាខណ្ឌដង្កោ ក្រោមអធិបតីភាព លោក ប៊ី ប្រេម សមាជិកក្រុមប្រឹក្សាតំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ហ៊ុន សុរិទ្ឋី អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋ ចូលរួមប្រមាណជិត ៦០០នាក់។
លោក ហ៊ុន សុរិទ្ឋី បញ្ជាក់ថា ចំពោះប្រជាពលរដ្ឋស្នើសុំភ្លើងបំភ្លឺផ្លូវ ក្នុងភូមិថ្មីទាំងមូល ត្រូវបានមន្ត្រីមន្ទីរសាធារណការ ទទួលយក ហើយចាត់តាំងក្រុមបច្ចេកទេសចុះសិក្សា ជ្រើសរើសយកតំបន់អាទិភាព តំបន់អសន្តិសុខ ដើម្បីដាក់ជូនគម្រោង៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាអាទិភាព ដើម្បីតម្លើងជូន។ ចំពោះការសើសុំបង្កើតអនុវិទ្សាល័យក្រាំងពង្រ គឺថា ពុំទាន់មានការពង្រីកនៅឡើយទេ និងការស្នើសុំគ្រូបង្រៀន នៅសាលាបឋមសិក្សាស្ពានថ្ម ត្រូវបានមន្ត្រីមន្ទីរអប់រំ ទទួលយកដើម្បីសោះស្រាយផង។
លោក ហ៊ុន សុរិទ្ឋី អភិបាលរងរាជធានីភ្នំពេញថា រាល់សំណើរ សំណូមពរ របស់ប្រជាពលរដ្ឋនេះ មន្ទីរជំនាញ ទាំងអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង បានទទួលយកសំណើរ និងចុះដោះស្រាយ ហើយអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ។ ចំពោះបញ្ហាក្មេងទំនើង ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចយើងខិតខំបង្ក្រាបបានប្រមាណ៩០ភាគរយ បានន័យថា គ្មានបទល្មើសក្មេងទំនើងណា ដែលសត្ថកិច្ចបង្ក្រាបមិនបាននោះទេ។
ជាមួយគ្នានេះ លោកអភិបាលរងកន្លែងណាមានបទល្មើស ដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋាន សូមបងប្អូនរាយការណ៍ជាបន្ទាន់ជូនមកអាជ្ញាធរ សមត្ថកិច្ចទាំង២ មាននគរបាល ប៉េអ៊ឹម ដែលនៅជិតកន្លែងបងប្អូន ដើម្បីធានាឲ្យបានថា មានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋាន ហើយអាជ្ញាធរ សមត្ថកិច្ចមិនបានបង្ក្រាបនោះទេ ។
លោកអភិបាលរងបន្តថា នឹងយកសំណើរ សំណូមពរលាយលក្ខណ៍អក្សរទាំងអស់ ដែលនៅសល់ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន និងសូមធានាថា នឹងលើកយករាល់មតិយោបល់សំណើ និងសំណូមពរទាំងនេះ ទៅពិនិត្យ និងពិចារណាព្រមទាំងចាត់អាទិភាពដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍបីឆ្នាំរំកិល របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈឱ្យ បានកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន។
លោក ប៊ី ប្រេម បានលើកឡើងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចោរកម្ម ចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង, ការអភិវឌ្ឍមូលដ្ឋាន, សុខមាលភាពប្រជាពលរដ្ឋ និងបរិស្ថាន, ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ៕
































