លោកឧត្តមសេនីយ៍ឯក យឹម លាង បង្ហាញការជឿជាក់ និងទុកចិត្តលើសមត្ថភាពរបស់កម្លាំងសមត្ថកិច្ចកម្ពុជា ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០
05-11-2026 15:23
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ) បានបង្ហាញនូវការជឿជាក់លើសមត្ថភាពរបស់កម្លាំងសមត្ថកិច្ចកម្ពុជា ក្នុងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនដំណើរការទូទៅនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក យឹម លាង បានអះអាងថា ដោយផ្អែកតាមការចុះឈ្មោះតាមប្រព័ន្ធអនឡាញ មកទល់ពេលនេះ មានគណៈប្រតិភូចំនួន៧០ប្រទេស, ថ្នាក់ប្រមុខ និងប្រមុខរាជរដ្ឋាភិបាល ប្រមាណ២០ប្រទេស ដែលបានបញ្ជាក់ថាបានចូលរួម និងគណៈប្រតិភូជាង៧០០នាក់ ដែលនឹងអញ្ជើញមកចូលរួមព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅប្រទេសកម្ពុជានាពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក យឹម លាង បានសង្កត់ធ្ងន់ទៀតថា អនុគណៈកម្មការទី៤ (សន្ដិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ) បានត្រៀមកម្លាំងការពារ ដែលនឹងដាក់ពង្រាយតាមគោលដៅសំខាន់ៗ សរុបប្រមាណជាង២ម៉ឺននាក់ មកពី៣១ស្ថាប័នអង្គភាព ដែលជាស្ថាប័នសំខាន់ៗ និងជំនាញពាក់ព័ន្ធទៅនឹងការការពារសុវត្ថិភាពកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកនេះ ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពនៃកិច្ចប្រជុំ។
លោកឧត្តមសេនីយ៍ឯក យឹម លាង បានថ្លែងយ៉ាងដូច្នេះថា «ចំពោះអនុគណៈកម្មការទី៤ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ យើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្នុងការការពារកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នឹងទទួលបានជោគជ័យ១០០ភាគរយ ដែលយើងប្រើប្រាស់កម្លាំងជាង២ម៉ឺននាក់ មកពី៣១ស្ថាប័ន អង្គភាព សុទ្ធតែជាស្ថាប័នជំនាញៗពាក់ព័ន្ធការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ជាតិ អន្ដរជាតិ និងធ្លាប់បានឆ្លងកាត់ការពារកិច្ចប្រជុំធំៗនាពេលកន្លង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមក»។
បើទោះបីមានការជឿជាក់ និងទំនុកចិត្តលើកងកម្លាំងការពារយ៉ាងណាក្ដី ប៉ុន្ដែលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានបង្ហាញអំពីផែនការនៃការត្រៀមលក្ខណៈជាមុន ក្នុងករណីមានហេតុការណ៍កើតឡើងផងដែរ ដើម្បីប្រាដកច្បាស់ថា ទោះមានរឿងអ្វីកើតឡើងក៏ដោយក៏កម្លាំងសមត្ថកិច្ចរបស់កម្ពុជាអាចគ្រប់គ្រងបានទាំងស្រុង។
សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
















