អគារសហគមន៍ពលរដ្ឋភូមិតានី ចាប់ផ្តើមសាងសង់ ក្រោមជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជា
05-11-2026 17:03
(សៀមរាប)៖ អគារសហគមន៍ពលរដ្ឋភូមិតានី ស្ថិតក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានចាប់ផ្តើមដំណើរការសាងសង់ហើយ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីបម្រើផលប្រយោជន៍រួម និងលើកកម្ពស់សកម្មភាពសហគមន៍។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី និងជាអ្នកផ្តួចផ្តើមគម្រោង ព្រមទាំងមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
គម្រោងនេះបានកើតចេញពីសំណើរបស់លោកស្រី ឌឿម ស្រីសាន សមាជិកក្រុមប្រឹក្សាក្រុងរុនតាឯក លោកស្រី ហួរ លីណា នាយិកាសាលាបឋមសិក្សាតានី លោកស្រី ភឿម យ៉េង នាយិកាសាលាបឋមសិក្សាជាលាធំ និងលោក ចាន់ នី ប្រជាពលរដ្ឋ ដោយមានការឯកភាពពីលោកស្រី ឈួម អ៉ឹម ចៅសង្កាត់រុនតាឯក។
តាងនាមសហគមន៍ទទួលផល លោកស្រី ហួរ លីណា នាយិកាសាលាបឋមសិក្សាតានី បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានគាំទ្រគម្រោងនេះ។ លោកស្រីបានបញ្ជាក់ថា ក្រោយដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦ អគារនេះនឹងក្លាយជាទីតាំងរួមសម្រាប់រៀបចំកិច្ចប្រជុំសហគមន៍ ផ្សព្វផ្សាយព័ត៌មាន ចែករំលែកចំណេះដឹង និងពិភាក្សាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋឱ្យកាន់តែជិតស្និទ្ធ។ លោកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសមិទ្ធផលនេះ ដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងជាប្រយោជន៍យូរអង្វែង។
លោក ងន ប៊ុនធី បានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៨មក បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន តែងបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ចាប់ពីឆ្នាំ២០២៤មក សមាគមក៏បានបន្តពង្រឹងកិច្ចសហការជាមួយរដ្ឋបាលសង្កាត់រុនតាឯក ក្នុងការកៀរគរថវិកា និងជំនួយពីសប្បុរសជន ជាពិសេសស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
សមិទ្ធផលដែលសម្រេចបានកន្លងមក រួមមាន ការកែលម្អបណ្ណាល័យមិត្តភាពកម្ពុជា-ចិន នៅសាលាបឋមសិក្សាតានី ការកែលម្អផ្ទះបាយនៅសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក និងការផ្តល់សម្ភារសិក្សា សម្ភារកីឡា និងកង់ជូនសិស្សានុសិស្សនៅទូទាំងសង្កាត់រុនតាឯក។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានសំណើពីតំណាងមូលដ្ឋាន និងការឯកភាពពីលោកស្រីចៅសង្កាត់រុនតាឯក ទើបលោកបណ្ឌិតបានដាក់សំណើសុំជំនួយថវិកាពីស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីសាងសង់អគារសហគមន៍នេះ សំដៅបង្កើតទីកន្លែងសម្រាប់ប្រជាពលរដ្ឋជួបជុំ ផ្លាស់ប្តូរយោបល់ និងរៀបចំសកម្មភាពសង្គម ព្រមទាំងក្លាយជាវេទិកាមួយសម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។
ការចាប់ផ្តើមសាងសង់អគារសហគមន៍ពលរដ្ឋភូមិតានីនេះ គឺជាសក្ខីភាពមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងស្ថានទូតចិនប្រចាំកម្ពុជា សមាគម និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ សមិទ្ធផលនេះក៏នឹងរួមចំណែកពង្រឹងសាមគ្គីភាពក្នុងមូលដ្ឋាន និងពូនជ្រំចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិនឱ្យកាន់តែរឹងមាំថែមទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន










