ធនាគារ វីង និងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ចាប់ដៃគូជំរុញកំណើនឧស្សាហកម្ម និងបរិយាបន្នហិរញ្ញវត្ថុ
05-11-2026 20:30
(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកសេវាធនាគារ និងហិរញ្ញវត្ថុដល់ក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស វិនិយោគិន ម្ចាស់រោងចក្រ ប្រតិបត្តិករអាជីវកម្ម និងបុគ្គលិកកម្មករទាំងអស់។
កិច្ចសហការរវាងស្ថាប័នទាំងពីរ បានចាប់ផ្តើមរួចមកហើយ មុនពេលមានការចុះ MOU នេះ ដោយធនាគារ វីងបានវិនិយោគលើសញ្ញាបណ្ណសាជីវកម្មរបស់តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង កាលពីខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងបានផ្តល់សេវាធនាគារសាជីវកម្ម និងសេវាបើកប្រាក់បៀវត្សនៅទូទាំងតំបន់សេដ្ឋកិច្ចពិសេសទាំងពីររបស់ប្រតិបត្តិករមួយនេះ ខណៈដែលបុគ្គលិកជាង ១.០០០ នាក់ របស់ម្ចាស់រោងចក្រនានាកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សតាមរយៈធនាគារ វីង ផងដែរ។
តាមរយៈការចុះហត្ថលេខាលើ MoU ថ្មីនេះ ម្ចាស់រោងចក្រ នឹងអាចប្រើប្រាស់ដំណោះស្រយហិរញ្ញវត្ថុជាច្រើនថែមទៀតរបស់ធនាគារ វីង សម្រាប់ការចាត់ចែងសាច់ប្រាក់ ការប្រមូលថ្លៃជួលទីតាំង សេវាគ្រប់គ្រង វិក្កយបត្រទឹកភ្លើងតាមប្រព័ន្ធឌីជីថល ក៏ដូចជាការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈ វីង KHQR។ បន្ថែមពីនេះ អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក៏អាចស្នើសុំហិរញ្ញប្បទានពាណិជ្ជកម្ម និងទុនបង្វិលផងដែរ ដោយផ្អែកលើការវាយតម្លៃ និងការអនុម័តឥណទានរបស់ធនាគារ វីង។ ជាមួយគ្នានេះ ធនាគារ វីង ក៏មានក្រុមការងារផ្នែកទំនាក់ទំនងអតិថិជនយ៉ាងពិសេស ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ដល់តំបន់សេដ្ឋកិច្ចពិសេស និងម្ចាស់រោងចក្រទាំងអស់ផងដែរ។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «គោលដៅរបស់យើង គឺធ្វើយ៉ាងណានាំយកសេវាធនាគារឱ្យកាន់តែងាយស្រួល និងខិតជិតបំផុតដល់កន្លែងធ្វើការរបស់ពួកគាត់។ យើងចង់ឃើញម្ចាស់រោងចក្រ អាចធ្វើការទូទាត់ ប្រមូលប្រាក់ និងអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើននៅកន្លែងតែមួយ ចំណែកឯបងប្អូនកម្មករវិញ ក៏អាចទទួលប្រាក់បៀវត្ស និងសន្សំប្រាក់បានយ៉ាងងាយស្រួល នៅលើទូរសព្ទដៃរបស់ពួកគាត់ផ្ទាល់តែម្តង»។
ភាពជាដៃគូនេះ ក៏នឹងផ្តល់ជូននូវគណនីបើកប្រាក់បៀវត្ស ផលិតផលសន្សំ និងសេវាទូទាត់ ព្រមទាំងកម្មវិធីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជូនដល់បុគ្គលិកផងដែរ។ សម្រាប់បងប្អូនកម្មករ ថ្ងៃបើកប្រាក់ខែ នឹងក្លាយជាជំហានដំបូងដ៏ល្អមួយ ក្នុងការឈានទៅប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃ ដែលផ្តល់ភាពងាយស្រួលតាំងពីការទទួលប្រាក់ខែ ការសន្សំ រហូតដល់ការទូទាត់ចំណាយផ្សេងៗសម្រាប់ការរស់នៅប្រចាំថ្ងៃ។
លោក Robert Lay នាយកហិរញ្ញវត្ថុ និងជាប្រធានផ្នែកមូលធនអន្តរជាតិនៃតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បានបញ្ជាក់ថា៖ «ម្ចាស់រោងចក្រ និងបុគ្គលិកកម្មករ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃតំបន់សេដ្ឋកិច្ចពិសេសរបស់យើង។ កន្លងមក ធនាគារ វីង ធ្លាប់បានបម្រើសេវាកម្មដ៏ល្អជូនពួកគាត់រួចមកហើយ ហើយកិច្ចព្រមព្រៀងថ្មីនេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន និងអស្ចារ្យជាងមុនបន្ថែមទៀត»។
បច្ចុប្បន្ន ធនាគារ វីង កំពុងបម្រើសេវាកម្មជូនដល់អាជីវកម្ម និងកម្មករនិយោជិតយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា តាមរយៈសេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្ម ដោយក្នុងនោះក៏មានសាខារបស់ធនាគារ វីង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ផងដែរ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចឺជាំង (ដែលទទួលបានការអនុម័តបង្កើតឡើងកាលពីឆ្នាំ២០២៤ និងលាតសន្ធឹងលើផ្ទៃដីប្រមាណ ១.០០០ ហិកតា ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង) ដោយបន្ថែមនូវសេវាកម្មជាច្រើនដូចជា ការប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ការទូទាត់តាម វីង KHQR ការចាត់ចែងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងទុនបង្វិល សម្រាប់អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
តាមរយៈអនុស្សរណៈនេះ ធនាគារ វីង បានពង្រីកប្រតិបត្តិការរបស់ខ្លួន ចូលទៅកាន់តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ដែលលាតសន្ធឹងលើផ្ទៃដី ១.០០០ ហិកតា ស្ថិតនៅក្នុងស្រុកស្រែអំបិល ដោយទទួលបានការអនុម័តកាលពីឆ្នាំ២០២៤កន្លងទៅ។ អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មថ្មីៗបន្ថែមទៀតដូចជា ការប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ការទូទាត់តាម វីង KHQR ការចាត់ចែងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងទុនបង្វិល ជាដើម។
ម្ចាស់អាជីវកម្ម និងបុគ្គលិកកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង អាចអញ្ជើញទៅកាន់សាខាធនាគារ វីង ដោយផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខទូរសព្ទ ០២៣ ៩៩៩ ៩៨៩ ដើម្បីសាកសួរព័ត៌មានបន្ថែមទាក់ទងនឹងសេវាបើកប្រាក់បៀវត្ស សេវាទូទាត់ វីង KHQR សេវាធនាគារសម្រាប់អាជីវកម្ម និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗ៕


















