* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំមន្ត្រីជំនាញចុះពិនិត្យស្ថានីយប្រេងឥន្ធនៈ និងសិប្បកម្មផលិតចំណីរអាហារ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ

05-11-2026 21:53

(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានណែនាំដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មប្រេងឥន្ធនៈ និងសិប្បកម្ម សហគ្រាសផលិតផលនានា ដើម្បីការពារផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក លី សំរិទ្ធ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអភិបាលក្រុងស្រុក ទាំង១៣ផងដែរ។

លោក លី សំរិទ្ធ បានបញ្ជាក់ពីចំណុចខ្វះខាត និងហានិភ័យមួយចំនួនដែលត្រូវទប់ស្កាត់ជាបន្ទាន់ ដោយក្នុងនោះមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងស្ថានីយប្រេងដែលប្រើម៉ាស៊ីនដៃបាញ់ប្រភេទ Software ដោយសារប្រព័ន្ធនេះអាចមានការលួចកែតម្រូវទំហំ ឬបរិមាណបានក្រោយពេលដែលមន្ត្រីចុះត្រួតពិនិត្យរួច។ ដូច្នេះទាមទារឱ្យមានការរៀបចំផែនការចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំ។

លោកប្រធានក្រុមប្រឹក្សាខេត្ត បន្ថែមថា មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើការណែនាំដល់ម្ចាស់សិប្បកម្ម និងសហគ្រាសមួយចំនួនតូចដែលនៅខ្វះការយល់ដឹងពីការអនុវត្តផលិតកម្មល្អ (GMP) និងអនាម័យល្អ ព្រមទាំងមានអាកប្បកិរិយាលួចផលិតផលិតផលខ្វះអនាម័យ ឬប្រើប្រាស់សារធាតុគីមីមិនសមស្របតាមបទដ្ឋានស្ដង់ដារបច្ចេកទេស។ មន្ត្រីជំនាញ ត្រូវណែនាំអំពីវិធានក្នុងការកែលម្អខ្សែច្រវាក់ផលិតកម្មឱ្យមានសុវត្ថិភាព និងអនាម័យ ប៉ុន្តែបើករណីម្ចាស់សិប្បកម្មនៅតែបន្តដដែលដោយមិនព្រមស្ដាប់ការណែនាំ និងកែលម្អទេ ត្រូវចាត់វិធានការផាកពិន័យតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។

លោក លី សំរិទ្ធ ក៏បានជំរុញដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត» ដោយជៀសវាងកុំឱ្យមានការរអាក់រអួលដោយប្រការណាមួយឡើយ។ ព្រោះវេទិកានេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការចុះស្ដាប់ក្តីកង្វល់ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តសៀមរាប និងជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោក ង៉ូវ សេងកាក់ បានលើកឡើងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប មានការថយចុះបន្តិចបើធៀបនឹងឆ្នាំ២០២៥ ដោយភ្ញៀវអន្តរជាតិថយចុះ ២៦ភាគរយ និងភ្ញៀវជាតិថយចុះ ២៧ភាគរយ។ មូលហេតុនៃការថយចុះនេះ គឺដោយសារបញ្ហាសន្តិសុខសកល ការបិទច្រកព្រំដែន បញ្ហាតម្លៃប្រេង និងកត្តាព្រំដែន ដែលបានប៉ះពាល់ដល់វិស័យឯកជន។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាថែរក្សាអនាម័យ និងបរិស្ថានក្នុងក្រុង-ស្រុក ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តប្រវត្តិសាស្ត្រមួយនេះ ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រោះខេត្តសៀមរាបនឹងត្រូវរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅពេលខាងមុខ មានពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។ ជាពិសេសកម្មវិធី «ភូមិវប្បធម៌នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ព្រមទាំងការត្រៀមលក្ខណៈទទួលគណៈប្រតិភូហ្វ្រង់កូហ្វូនីអន្តរជាតិ។

សូមជម្រាបថា កិច្ចប្រជុំសាមញ្ញលើកទី៣០នេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ កាលពីថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៦ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប និងបញ្ហាផ្សេងៗ៕