* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

លោក ហេង សួរ ចូលរួមអបអរសាទរពិធីសម្ពោធ «សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល» និងការចាប់ផ្តើមនៃក្លឹបសាលមនៅកម្ពុជា ដែលជាស្ពានភ្ជាប់ទំនាក់ទំនង និងជាកម្លាំងចលករថ្មីសម្រាប់អភិវឌ្ឍមូលធនមនុស្ស

06-11-2026 15:05

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីជាមួយលោក Rami Teplitskiy អនុប្រធានបេសកកម្មនៃស្ថានទូតរដ្ឋអ៉ីស្រាអែល ក្នុងពិធីសម្ពោធ «សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល» (ACI) និងការចាប់ផ្តើមនៃក្លឹបសាលម (Shalom) នៅកម្ពុជា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Himawari ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថានទូតអ៉ីស្រាអែល កុងស៊ុលកិត្តិយសអ៉ីស្រាអែល សភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល និងអតីតនិស្សិតជាច្រើនរូប។

កម្មវិធីនេះ ជាការភ្ជាប់ទំនាក់ទំនងរវាងអតីតនិស្សិតមកពីវិស័យ និងជំនាន់ផ្សេងៗ ដើម្បីចែករំលែកជំនាញ ចំណេះដឹង និងបទពិសោធ ព្រមទាំងពង្រឹងភាពជាដៃគូកម្ពុជា-អ៉ីស្រាអែល ជាពិសេសលើវិស័យមូលធនមនុស្ស នវានុវត្តន៍ កសិកម្ម និងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រីបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធ ACI ទីភ្នាក់ងារ MASHAV ស្ថានទូតអ៉ីស្រាអែល កុងស៊ុលកិត្តិយសនៃរដ្ឋអ៉ីស្រាអែលប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល ដែលបានសហការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៉ីស្រាអែល។ ពិធីសម្ពោធជាផ្លូវការនេះ បានបង្កើតនូវក្របខ័ណ្ឌស្ថាប័នដ៏សំខាន់ក្នុងការប្រែក្លាយជំនាញ និងសមត្ថភាពបុគ្គលម្នាក់ៗទៅជាកម្លាំងចលករយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍជាតិ ហើយការចាប់ផ្តើមនៃក្លឹបសាលមជាការភ្ជាប់កម្ពុជាទៅនឹងចលនាសកលនៃក្លឹប ដែលនឹងជួយសម្រួលដល់ការចែករំលែកបទពិសោធ ចំណេះដឹង និងការផ្តួចផ្តើមគំនិតដែលជំរុញដោយសហគមន៍ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពនៅកម្ពុជា ជាពិសេសគឺជាការចូលរួមដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវការ ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។

លោករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ថា ផ្អែកលើជោគជ័យនាពេលកន្លងមក យ៉ាងហោចណាស់ពលករកម្ពុជាចំនួន២ពាន់នាក់នឹងទទួលបានឱកាសចូលរួមក្នុងកម្មវិធីការងារ និងបណ្តុះបណ្តាលនៅអ៉ីស្រាអែល លើវិស័យកសិកម្មទំនើប ប្រព័ន្ធស្រោចស្រព បច្ចេកវិទ្យាផ្ទះកញ្ចក់ ការគ្រប់គ្រងទឹកឆ្លាតវៃ និងការគ្រប់គ្រងធនធានប្រកបដោយចីរភាព តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយគ្នាកាលពីខែធ្នូ ឆ្នាំ២០២៥។

លោករដ្ឋមន្រ្ដីបានលើកទឹកចិត្តដល់អតីតនិស្សិតឱ្យចូលរួមចែករំលែកជំនាញ បទពិសោធ និងធ្វើជាអ្នកណែនាំដល់យុវជនជំនាន់ក្រោយ ជាពិសេសជួយគាំទ្រពលករកម្ពុជាដែលមានបំណងទៅបំពេញការងារនៅអ៉ីស្រាអែល និងចូលរួមជាគ្រូឧទ្ទេសជួយបំប៉នសមត្ថភាពពលករឱ្យមានជំនាញបច្ចេកទេសចាំបាច់ សមត្ថភាពចេះភាសាកម្រិតមូលដ្ឋាន និងយល់ដឹងពីវប្បធម៌អ៉ីស្រាអែល។ លោកសង្ឃឹមយ៉ាងមុតមាំថា សម្ព័ន្ធ ACI និងក្លឹបសាលម នឹងក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការជំរុញនវានុវត្តន៍ ឧត្តមភាពវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននានា និងធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្តរីកចម្រើនដែលផ្តល់ឧត្តមប្រយោជន៍យូរអង្វែងដល់ប្រជាជាតិទាំងពីរ។

នាឱកាសនោះដែរ លោក Rami Teplitskiy បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងបណ្តុះបណ្តាល និងអភិវឌ្ឍអ្នកដឹកនាំជំនាន់ក្រោយ ពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជា។ លោកក៏បានលើកឡើងពីសារៈសំខាន់នៃមូលធនមនុស្ស ចំណេះដឹង នវានុវត្តន៍ និងភាពច្នៃប្រឌិត ដែលជាធនធានដ៏មានតម្លៃបំផុត និងជួយឱ្យអ៉ីស្រាអែលសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យកសិកម្ម ការគ្រប់គ្រងទឹក បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត៕