* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធនាគារជាតិនៃកម្ពុជា អបអរសាទរខួបលើកទី៤៦ នៃប្រាក់រៀល និងផ្សព្វផ្សាយការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR ដើម្បីជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងខេត្តកែប

06-11-2026 16:54

(កែប)៖ ក្នុងឱកាសអបអរសាទរខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីតម្លៃ និងសារៈសំខាន់នៃរូបិយវត្ថុជាតិ ព្រមទាំងជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងបង្ហាញពីការរីកចម្រើននៃប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលរបស់កម្ពុជា។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក សុខ រស់ អភិបាលខេត្តស្តីទី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជុំវិញខេត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

ក្នុងឱកាសនោះ លោក សុខ រស់ បានថ្លែងថា ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងសេដ្ឋកិច្ចក្នុងមូលដ្ឋានទាមទារឱ្យមានរូបិយវត្ថុជាតិដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។

លោកបានបញ្ជាក់ថា ដោយសារខេត្តកែប ជាខេត្តដែលមានសក្តានុពល និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ជាពិសេសតាមរយៈប្រព័ន្ធទូទាត់ឌីជីថលដូចជា បាគង និង KHQR នៅតាមផ្សារ ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន និងអាជីវកម្មនានា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការចំណាយរបស់ភ្ញៀវទេសចរ ការទូទាត់ទំនិញ និងសេវាកម្ម ព្រមទាំងជំរុញឱ្យចរន្តសេដ្ឋកិច្ចក្នុងមូលដ្ឋាន កាន់តែមានភាពរស់រវើក។ ទន្ទឹមនឹងនេះ ក៏ជាការលើកកម្ពស់កិត្យានុភាពរូបិយវត្ថុជាតិ និងបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល របស់កម្ពុជាដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

ក្នុងឱកាសសំណេះណាល លោក យឹម លាត បានជម្រាបជូនអង្គពិធី អំពីដំណើរវិវត្តន៍របស់ប្រាក់រៀល ចាប់តាំងពីការចាប់កំណើតឡើងវិញក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតដល់ការវិវត្តខ្លួន ទៅជាការទូទាត់ឌីជីថល តាមរយៈប្រព័ន្ធបាគង(Bakong) និង(KHQR) ដែលបានធ្វើឱ្យការទូទាត់ប្រាក់កាន់តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាព។

លោក យឹម លា បានបន្តថា តាមទិន្នន័យនៃការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០២៣ បានបង្ហាញថា ប្រាក់រៀលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទូទាត់ប្រចាំថ្ងៃ ដោយការចំណាយជាប្រាក់រៀលរបស់កម្មករនិយោជិតរោងចក្រ មានរហូតដល់ប្រមាណ ៩២% សម្រាប់អ្នករស់នៅតាមបណ្តាខេត្ត និងប្រមាណ ៨២% សម្រាប់អ្នករស់នៅទីក្រុង។

ក្នុងសិក្ខាសាលា ក៏បានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងភាពងាយស្រួលនៃការប្រើប្រាស់ប្រព័ន្ធបាគង និង KHQR ព្រមទាំងការដាក់ឱ្យដំណើរការកម្មវិធី «បាគងទេសចរ» (Bakong Tourists App) ដែលជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិក្នុងការទូទាត់ចំណាយជាប្រាក់រៀល ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់សុទ្ធ។

ជាមួយគ្នានេះ លោក យឹម លាត ក៏បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល មិនអាចសម្រេចបានដោយស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដោយចាប់ផ្តើមពីទម្លាប់តូចៗ ក្នុងការទូទាត់ ការសន្សំ និងការកំណត់តម្លៃជាប្រាក់រៀល ដើម្បីរួមចំណែកពង្រឹងតួនាទីរូបិយវត្ថុជាតិ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។

គួររំលឹកថា ក្នុងកម្មវិធីអបអរសាទរខួបលើកទី៤៦ នៃប្រាក់រៀល និងសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ក៏មានការរៀបចំសកម្មភាពជាច្រើន រួមមាន៖ ការធ្វើបទបង្ហាញរបស់សិស្សានុសិស្ស ការតាំងពិព័រណ៍ប្រវត្តិប្រាក់រៀល ការបញ្ចាំងវីដេអូខ្លីស្តីពីប្រាក់រៀល កម្មវិធីល្បងប្រាជ្ញាដើម្បីទទួលរង្វាន់ និងការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ជាមួយក្រដាសប្រាក់ថ្មីដោយឥតគិតថ្លៃ ជូនដល់សាធារណជន។

ជាពិសេស ក៏មានការរៀបចំ ការប្រកួតប្រជែងផលិតវីដេអូ ដើម្បីមានឱកាសទទួលបានរង្វាន់ពីធនាគារជាតិនៃកម្ពុជា ក្រោមប្រធានបទ «ប្រាក់មួយម៉ឺនរៀល ទិញអ្វីបានខ្លះនៅក្នុងខេត្តកែប?» ដែលជាការលើកទឹកចិត្តដល់យុវជន និងសាធារណជនឱ្យចូលរួមបង្ហាញពីតម្លៃ និងអំណាចទិញរបស់ប្រាក់រៀល ព្រមទាំងផ្សព្វផ្សាយពីផលិតផល ម្ហូបអាហារ និងសេវាកម្មទេសចរណ៍ក្នុងខេត្តកែបផងដែរ៕