លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ យុវជនជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាអ្នកបន្តវេនដឹកនាំនាពេលអនាគត
06-11-2026 20:56
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សតាមគ្រឹះស្ថានសិក្សា» តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកយុវជនគណបក្សតាមគ្រឹះស្ថានសិក្សាសរុបប្រមាណ ៣.៥៤១នាក់។
ក្នុងឱកាសនោះ បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍របស់លោក ហេង ណន ប្រធានផ្នែកគ្រឹះស្ថានសិក្សានៃយុវជនគណបក្សថ្នាក់កណ្តាល លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងសុន្ទរកថាបើកវេទិកា ដោយលើកឡើងពីសារៈសំខាន់នៃតួនាទីយុវជនក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការកសាងធនធានមនុស្ស និងការត្រៀមខ្លួនក្លាយជាអ្នកបន្តវេនដឹកនាំប្រទេសនាពេលអនាគត។
លោកបណ្ឌិតបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី បានបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស និងការកសាងមូលធនមនុស្ស ស្របតាមគោលនយោបាយរបស់គណបក្សក្នុងអាណត្តិទី៧។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលថា ការអប់រំមានបីផ្នែកសំខាន់ៗ គឺ «ការអប់រំនៅសាលា ការអប់រំនៅផ្ទះ និងការអប់រំនៅក្នុងសង្គម»។
ជាមួយនឹងការលើកឡើងពីតួនាទី និងការទទួលខុសត្រូវរបស់យុវជន អង្គវេទិកាក៏បានផ្តល់ឱកាសឱ្យមានការពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗជាច្រើន រួមមាន បញ្ហាជម្លោះព្រំដែន ការអប់រំតាមប្រព័ន្ធអនឡាញ ជំនាញវិជ្ជាជីវៈសម្រាប់យុវជន កាតព្វកិច្ចយោធាសម្រាប់និស្សិតកំពុងសិក្សា ការជ្រើសរើសមន្ត្រីរាជការផ្អែកលើសមត្ថភាព បញ្ហាក្មេងទំនើង និងការកំណត់អត្តសញ្ញាណកម្ម។
វេទិកាបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព និងការផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដោយមានការបកស្រាយ និងឆ្លើយតបទៅនឹងសំណួរលើបញ្ហាដែលជាក្តីកង្វល់ និងចំណាប់អារម្មណ៍របស់យុវជន។
មុននឹងបញ្ចប់ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់អនុសាសន៍ណែនាំដល់អង្គវេទិកា ដោយជំរុញឱ្យយុវជនបន្តពង្រឹងស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងការទទួលខុសត្រូវចំពោះសង្គម ព្រមទាំងចូលរួមចំណែកក្នុងការការពារជាតិ និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងសមត្ថភាព ចំណេះដឹង និងជំនាញ ដើម្បីត្រៀមខ្លួនបំពេញតួនាទីជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសនាពេលអនាគត៕








































