វិស័យឯកជនបន្តផ្តល់កុំព្យូទ័រ១៨គ្រឿង និងបរិក្ខារបច្ចេកវិទ្យាបន្ថែម ដល់សាលាបឋមសិក្សារាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បន្ទាប់ពីសម្ពោធអគារសិក្សាទំនើប តម្លៃជិត២០ម៉ឺនដុល្លារ
06-11-2026 21:27
(ពោធិ៍សាត់)៖ បន្ទាប់ពីអគារសិក្សាថ្មីសន្លាង១ខ្នង មាន៥បន្ទប់ តម្លៃជិត២០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមិថុនាកន្លងទៅ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន Leader Energy តាមរយៈក្រុមការងារអគ្គិសនីកម្ពុជា បានបន្តនាំយកកុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាសិក្សាមួយចំនួនទៀត មកប្រគល់ជូនសាលាបឋមសិក្សារាំងទិល ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីជំរុញការសិក្សាបែបឌីជីថល ដល់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល (លើផ្ទៃទឹកបឹងទន្លេសាប)។
ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក គង់ ពុទ្ធី ប្រធាននាយកដ្ឋានបញ្ជូនអគ្គិសនី នៃអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំរាំងទិល និងឃុំស្យា ស្រុកកណ្តៀង, លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ និងលោក Ronnie Koo នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Leader Energy រួមទាំងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្រុមហ៊ុន Leader Energy បានប្រគល់ជូននូវកុំព្យូទ័រ All-in-One ចំនួន១៨គ្រឿង (កុំព្យូទ័រលើតុ ១៧គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង), ម៉ាស៊ីនព្រីន ១គ្រឿង, ម៉ាស៊ីនបញ្ចាំង ១គ្រឿង និងផ្ទាំងបញ្ចាំង ១ផ្ទាំង ដល់ លោក វ៉ា ខ្លី នាយកសាលាបឋមសិក្សារាំងទិល សម្រាប់បម្រើដល់ការបង្រៀន និងរៀនឱ្យកាន់តែមានប្រសិទ្ធភាព។
មានមតិស្វាគមន៍ក្នុងឱកាសនោះ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរដោយស្មោះ ចំពោះក្រុមហ៊ុន Leader Energy និងក្រុមការងារអគ្គិសនីកម្ពុជា ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តគម្រោងឧបត្ថម្ភកុំព្យូទ័រ ទាំង១៨គ្រឿងនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្រិតមត្តេយ្យ និងបឋមសិក្សា ប្រកបដោយគុណភាព និងបរិយាបន្ន ជាពិសេសការឆ្លើយតបតាមតម្រូវការអប់រំ របស់កុមារនៅតាមតំបន់ដាច់ស្រយាល តាមរយៈកិច្ចសហការល្អជាមួយនាយកសាលា សហគមន៍ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអាណាព្យាបាលសិស្ស។
ថ្លែងចំណាប់អារម្មណ៍ ក្នុងពិធីដ៏មានអត្ថន័យនេះ លោក Ronnie Koo នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Leader Energy បានសម្តែងនូវសេចក្តីរីករាយ ដែលបានត្រឡប់មកកាន់សាលាបឋមសិក្សារាំងទិលម្តងទៀត បន្ទាប់ពីពិធីសម្ពោធអគារសិក្សាថ្មី កាលពីប្រមាណ៤ខែមុន ដើម្បីនាំមកនូវឱកាសឈានចូលទៅកាន់ពិភពឌីជីថលជូនសិស្សានុសិស្ស។ លោកបានកោតសរសើរចំពោះភាពធន់ និងការប្តេជ្ញាចិត្តខ្ពស់ របស់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សក្នុងឃុំរាំងទិល ដែលនៅតែខិតខំផ្តល់ និងទទួលចំណេះដឹង ទោះបីជាត្រូវប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរ នារដូវវស្សាក៏ដោយ។
លោកជឿជាក់ថា ការអប់រំគឺជាពន្លឺបំភ្លឺជីវិត ហើយឧបករណ៍បច្ចេកវិទ្យាទាំងនេះ នឹងក្លាយជាជំនួយការដ៏សំខាន់សម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការធ្វើឱ្យមេរៀនកាន់តែសម្បូរបែប និងជួយឱ្យសិស្សានុសិស្សអាចសិក្សាស្រាវជ្រាវ បង្កើតគំនិតច្នៃប្រឌិតថ្មីៗ និងកសាងក្តីស្រមៃ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ទន្ទឹមនឹងនេះ លោកក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវមានស្មារតីដឹងគុណ នឹកឃើញ និងចងចាំពីប្រភពជានិច្ច ចំពោះលោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកមានគុណទាំងឡាយ ដែលបានលះបង់ និងជួយជ្រោមជ្រែងផ្តល់ឱកាសសិក្សារៀនសូត្រ ដល់ខ្លួនរហូតទទួលបានជោគជ័យ នាថ្ងៃអនាគត។
លោក គង់ ពុទ្ធី ប្រធាននាយកដ្ឋានបញ្ជូនអគ្គិសនីនៃអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំរាំងទិល និងឃុំស្យា ស្រុកកណ្តៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Leader Energy ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្មជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋានឃុំរាំងទិល ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធអគារសិក្សាទំនើប និងការបំពាក់សម្ភារៈបច្ចេកវិទ្យានាពេលនេះ។
លោកបានផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមចូលរួមថែរក្សា និងប្រើប្រាស់កុំព្យូទ័រ ព្រមទាំងឧបករណ៍សិក្សាទាំងអស់ឱ្យបានគង់វង្ស និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅមូលដ្ឋានឱ្យមានចំណេះដឹង និងជំនាញឌីជីថលទាន់សម័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោកបានស្នើសុំឱ្យក្រុមហ៊ុនបន្តកិច្ចសហការ និងគាំទ្របន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា អគារសិក្សាថ្មីចំនួន ១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សារាំងទិលនេះ ជាអំណោយរបស់ក្រុមហ៊ុន Leader Energy ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។ អគារសិក្សានេះ សាងសង់ដោយក្រុមហ៊ុន Sakura Power Lines Co.,Ltd លើផ្ទៃដីទំហំ ១,៣៨៧ម៉ែត្រក្រឡា ដោយតួអគារមានទំហំ ៥៧,៨ x ២៤ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១៨៣,១០៣.១២ដុល្លារអាមេរិក និងថ្លៃដោះស្រាយផលប៉ះពាល់ចំនួន ៥,៤០០ដុល្លារអាមេរិក។
ក្រុមហ៊ុន Leader Energy គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដែលផ្តោតលើការអភិវឌ្ឍ ការគ្រប់គ្រង ការប្រតិបត្តិ និងថែទាំផលិតកម្ម និងខ្សែបញ្ជូនថាមពលកកើតឡើងវិញ ដោយគ្របដណ្តប់លើទីផ្សារចំនួន ៦ប្រទេស ក្នុងតំបន់អាស៊ី។ ក្រុមហ៊ុននេះមានក្រុមហ៊ុន Cambodian Transmission Limited, a subsidiary of Leader Energy Group Berhad ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលកំពុងប្រតិបត្តិ និងថែទាំលើគម្រោងខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ចាប់ពីអនុស្ថានីយ៍ភាគខាងជើងរាជធានីភ្នំពេញ រហូតទៅដល់អនុស្ថានីយ៍ខេត្តក្រចេះ ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍលើគម្រោងថាមពលខ្យល់ថ្មី នៅខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជាផងដែរ៕




























