* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

06-11-2026 21:45

(ភ្នំពេញ)៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១.០៦៤នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តួលេខនេះគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានស្ថាប័នសារព័ត៌មានចំនួន ១៤៦ បានចុះឈ្មោះ ហើយចំនួនអ្នកសារព័ត៌មានត្រូវបានរំពឹងថានឹងបន្តកើនឡើង ខណៈកម្ពុជាគ្រោងទទួលអ្នកសារព័ត៌មានជាង ១.២០០នាក់ មកពីជិត ៤០ប្រទេស។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានជម្រាបជូនថា តាមការគ្រោងទុក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.២០០នាក់ មកពីជិត ៤០ប្រទេស នឹងអញ្ជើញមកយកព័ត៌មានអំពីកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្រសួងព័ត៌មានបានចាប់ផ្តើមទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសម្របសម្រួលការចូលរួមយកព័ត៌មាន រាយការណ៍ និងផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ។

ទន្ទឹមនឹងការងារចុះឈ្មោះ និងសម្របសម្រួលអ្នកសារព័ត៌មាន ក្រសួងព័ត៌មានក៏បានពង្រឹងកិច្ចសហការជាមួយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីរៀបចំការងារព័ត៌មាន និងផ្សព្វផ្សាយ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការចុះយកព័ត៌មានអំពីព្រឹត្តិការណ៍អន្តរជាតិនេះ។

ជាក់ស្តែង នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានជួបពិភាក្សាការងារជាមួយលោកស្រី Oria Kije VANDEWEGHE ប្រធានផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងសហការី ដើម្បីពង្រឹងកិច្ចសហការរវាងអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និងអង្គការ OIF លើការត្រៀមរៀបចំការងារព័ត៌មាន និងផ្សព្វផ្សាយសម្រាប់កិច្ចប្រជុំកំពូល។

ជំនួបនេះបានផ្តោតលើការសម្របសម្រួលការចុះឈ្មោះ និងការទទួលអ្នកសារព័ត៌មាន ការផ្តល់ព័ត៌មានផ្លូវការ ការរៀបចំមណ្ឌលព័ត៌មាន និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាឱ្យអ្នកសារព័ត៌មានអាចចុះយកព័ត៌មាន និងរាយការណ៍អំពីកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធបានដោយរលូន និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកវិសាលភាពនៃការផ្សព្វផ្សាយកិច្ចប្រជុំកំពូលទៅកាន់សាធារណជនអន្តរជាតិ តាមរយៈដៃគូសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយផ្លូវការ រួមមានស្ថានីយទូរទស្សន៍ TV5 Monde របស់បារាំង ដែលមានអ្នកទស្សនាប្រមាណ ៤០០លាននាក់នៅជុំវិញពិភពលោក និងស្ថានីយទូរទស្សន៍ Africa 24 ដែលមានអ្នកទស្សនាជាង ៨០លាននាក់នៅទូទាំងទ្វីបអាហ្វ្រិក ព្រមទាំងស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិផ្សេងទៀត។

កិច្ចសហការនេះនឹងរួមចំណែកពង្រីកការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីទៅកាន់ពិភពលោក និងជួយឱ្យសាធារណជនអន្តរជាតិទទួលបានព័ត៌មានកាន់តែទូលំទូលាយអំពីកម្ពុជា ព្រមទាំងបង្ហាញពីកិត្យានុភាព វប្បធម៌ សក្តានុពលសេដ្ឋកិច្ច និងសមត្ថភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ តាមទិន្នន័យនៃការឆ្លើយតបចូលរួម គណៈប្រតិភូសរុបចំនួន ៧៨ គណៈប្រតិភូ គ្រោងនឹងចូលរួម ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២១រូប។ ក្រៅពីនេះ ក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីប្រទេសចំនួន៣ រួមមាន រវ៉ាន់ដា បារាំង និងកាណាដា ផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការត្រៀមរៀបចំទទួលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងគណៈប្រតិភូពីបណ្តាប្រទេសនានា គឺជាផ្នែកមួយនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងជាឱកាសសំខាន់សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីវប្បធម៌ សក្តានុពល និងសមត្ថភាពរបស់ខ្លួនទៅកាន់សហគមន៍អន្តរជាតិ៕