រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូបើកសម្ពោធជាផ្លូវការពិព័រណ៌ភូមិហ្វ្រង់កូហ្វូនី២០២៦ នៅខេត្តសៀមរាប
07-11-2026 13:03
(សៀមរាប)៖ ក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីកាត់ខ្សែបូបើកសម្ពោធជាផ្លូវការ ការតាំងពិព័រណ៌ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី២០២៦។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើមី្បអបអរសាទរនូវភាពសម្បូរបែប និងតម្លៃរួមនៃសាមគ្គីភាពរបស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងដើម្បីឆ្លុះបញ្ចាំងពីមិត្តភាព សាមគ្គីភាព ភាពចម្រុះនៃវប្បធម៌ និងការស្រឡាញ់ភាសាបារាំង ព្រមទាំងដើម្បីផ្សព្វផ្សាយពីទេសចរណ៍ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌ របស់ប្រទេសទាំងពីរ។
ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងក៏ជាវេទិកាតាំង បង្ហាញនូវភាពចម្រុះនៃភាសាបារាំង និងវប្បធម៌នៃបណ្តាប្រទេសជាសមាជិកជុំវិញពិភពលោកហើយក៏ជាសាក្សីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ព្រឹត្តិការណ៍ «ពិព័រណ៌ភូមិហ្វ្រង់កូហ្វូនី២០២៦» គឺជាវេទិកាបង្ហាញទៅកាន់ពិភពលោក នូវភាពសម្បូរបែបនៃវប្បធម៌ខ្មែរ ព្រមទាំងបង្ហាញអំពីទំនិញ និងផលិតផលក្នុងស្រុក ស្របពេលវេលាដែលកម្ពុជា កំពុងលើកស្ទួយនូវផលិតផលជាតិ ខណៈរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នឹងប្រព្រឹត្តទៅនៅ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍អមដ៏អស្ចារ្យ «ភូមិហ្វ្រង់កូហ្វូនី» នឹងចាប់ផ្តើមដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី ហួត ហាក់ បន្ត្ថែមថា សម្រាប់ខេត្តសៀមរាប ជាអតីតរាជធានីបុរាណខ្មែរ និងជាទីឋានដ៏ពិសិដ្ឋនៃប្រាសាទបុរាណដ៏ល្បីល្បាញរបស់កម្ពុជា ហើយការជ្រើសរើសយកទីនេះ ដើម្បីរៀបចំទិវាពិព័រណ៌ភូមិហ្វ្រង់កូហ្វូនី បានបង្ហាញពីការរួមបញ្ជូលគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ នៃបេតិកភណ្ឌ និងការច្នៃប្រឌិត ដែលជាអត្តសញ្ញាណរួមរបស់ប្រទេសនិយាយភាសាបារាំង។
លោក Francois SCHNOEBELEN ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំខេត្តសៀមរាប បានលើកឡើងថា នេះគឺជាលើកទី៣ហើយ ដែលសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីអបអរសាទរភាពជាដៃគូ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង និងដើម្បីឆ្លុះបញ្ចាំងពីមិត្តភាព សាមគ្គីភាព ភាពចម្រុះនៃវប្បធម៌ និងការស្រឡាញ់ភាសាបារាំង ព្រមទាំងដើម្បីផ្សព្វផ្សាយពីទេសចរណ៍ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌ របស់ប្រទេសទាំងពីរ។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានចាត់ទុកព្រឹត្តិការណ៍ «ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» នាពេលនេះ នឹងផ្ដល់នូវឱកាស និងអត្ថប្រយោជន៍ដ៏ធំធេងជាច្រើន ដូចជា ការផ្លាស់ប្តូរ និងតភ្ជាប់វប្បធម៌ ការលើកកម្ពស់ការអប់រំ និងភាសា។ ការបង្កើតបរិយាកាសសិក្សា និងការបំផុសគំនិតដល់សិស្សានុសិស្ស យុវជន និងអ្នកសិក្សាភាសាបារាំង ឱ្យកាន់តែមានការចង់ដឹង ចង់ឃើញ និងចាប់យកឱកាសអាហារូបករណ៍ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍សិក្សានៅបរទេស។
លោកស្រី បន្ថែមថា ព្រឹត្តិការណ៍នេះ នឹងជួយជំរុញទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន ដែលតាមរយៈពិព័រណ៍វប្បធម៌ និងពាណិជ្ជកម្មនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្ត និងស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់ខេត្តសៀមរាប។
សូមជម្រាបថា ទិវាពិព័រណ៌ភូមិហ្វ្រង់កូហ្វូនី នៅខេត្តសៀមរាបមានដាក់តាំងបង្ហាញផលិតផលនិងសិប្បកម្មមកពីប្រទេស បារាំង និងផលិតផលសិប្បកម្មក្នុងស្រុករបស់កម្ពុជា រួមនឹងការប្រគំតន្ត្រីនៅពេលរាត្រីចាប់ពីថ្ងៃទី០៦ ដល់០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយដងស្ទឹងក្នុងក្រុងសៀមរាប៕





























