សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ពិសេសជនមានពិការភាព (Video inside)
07-11-2026 20:22
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើង និងបើកជាផ្លូវការនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
ថ្លែងក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរៀបចំឲ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍នេះ ក៏ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ការរៀបចំព្រឹត្តិការកីឡាជាតិ និងកីឡាជាតិជនពិការ មានគោលបំណងសំខាន់មួយទៀត គឺការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ និងកាន់តែប្រសើរឡើងថែមទៀត សម្រាប់ចូលរួម ក៏ដូចជា រៀបចំព្រឹត្តិការណ៍កីឡាកម្រិតតំបន់ និងអន្តរជាតិនាពេលខាងមុខ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញទិសដៅច្បាស់លាស់ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ៖ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ (23rd ASEAN University Games 2028), ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមឆ្នាំ ២០២៩ (Asian Youth Para Games 2029) និងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ (Asian Youth Games 2031)។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសិក្សាដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្រ្ត និងវិធានការប្រាកដនិយម ដើម្បីលើកកម្ពស់វិស័យអប់រំកាយ និងកីឡានៅកម្ពុជា។ សម្ដេចក៏បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហការ និងកិច្ចសហប្រតិបត្តិការល្អ ក្នុងការរៀបចំកម្មវិធី និងទីកន្លែងប្រកួតទាំងអស់បានច្បាស់លាស់ និងរៀបរយតាមនិយាមបច្ចេកទេស ដូចការគ្រោងទុក៕











































































