មន្ដ្រីជាន់ខ្ពស់៖ បេក្ខជន ១២,៩៣១នាក់ ត្រូវបានចូលប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៦-២០២៧
07-11-2026 22:12
(ភ្នំពេញ)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានថ្លែងឱ្យដឹងថា ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៦-២០២៧ គឺមានបេក្ខជនបានដាក់ពាក្យប្រឡងមានចំនួនច្រើនជាងឆ្នាំមុនៗទាំងអស់ ដោយក្នុងឆ្នាំនេះមានបេក្ខជនរហូតដល់ទៅចំនួន ១២,៩៣១នាក់ ត្រូវបានមកចូលប្រឡង។
លោកបានថ្លែងបន្ដថា ការប្រឡងនៅឆ្នាំនេះ គឺមានចំនួនបេក្ខជនច្រើនជាងឆ្នាំមុនៗមានរហូតដល់ទៅ១២៩៣១នាក់ ដែលចែកចេញជា៨មណ្ឌលប្រឡង មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យ ហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ, វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យបាក់ទូក, អនុវិទ្យាល័យចតុមុខ និងសាលាបឋមសិក្សាចតុមុខ។
កិច្ចដំណើរការនៃការប្រឡងយើងមានការប្រែប្រួលខុសពីឆ្នាំមុនបន្ដិច ដោយពិនិត្យកាន់តែផ្ទត់ផ្ទង់ជាងឆ្នាំមុន ដើម្បីទប់ស្កាត់នូវអ្នកដែលបន្លំអត្ដសញ្ញាណចូលមកប្រឡង ។ដោយមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ គឺការត្រួតពិនិត្យពេលនេះ គឺមានការត្រួតពិនិត្យថ្នាក់ជាតិមួយជាន់ហើយ បន្ទាប់មកត្រូវបានស្កេនមុខដែលត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយមួយជាន់ទៀត នេះជាការប្រែប្រួលនិតីវិធីនៅក្នុងឆ្នាំនេះ។ លោកបានថ្លែងទៀតថា «ទោះជាយ៉ាងណាគណៈកម្មាធិការប្រឡងថ្នាក់ជាតិរបស់យើង គឺធានាឱ្យបាននូវកិច្ចនៃដំណើរការប្រឡងមួយ ប្រកបដោយតម្លាភាព និងយុត្ដិធម៌ជូនដល់សិស្សានុសិស្សទាំងអ ស់ឱ្យស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលមានប្រសាសន៍ថា អ្នកធ្លាក់ គឺធ្លាក់ដោយអស់ចិត្ដ អ្នកជាប់ ជាប់ដោយកិត្ដិយស»។
ឆ្លៀតនៅក្នុងឱកាសនេះលោកបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ក៏ដូចជាសាធារណៈជន សូមប្ដូរផ្នត់គំនិតអប់រំកូនចៅ កុំរង់ចាំកិច្ចអន្តរាគមន៍ណាមួយ ហើយសូមកុំរំពឹងថាពឹងទៅលើអ្នកណា ដើម្បីជួយអន្តរាគមន៍ឲ្យកូនគាត់បានចូលរៀន គឺអត់បានទេចាប់ពីពេលនេះតទៅ និងសូមឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ យកចំណេះវិជ្ជាពិតប្រាកដមកធ្វើការប្រកួតប្រជែង ដើម្បីបានចូលរៀន និងកសាងអនាគតទៅមុខ ។
លោកក៏បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ថា «សូមក្មួយមានជំនឿជឿជាក់ទៅលើសមត្ថភាព និងការខិតខំរៀនសូត្ររបស់ក្មួយៗរយៈពេល ១២ឆ្នាំកន្លងមកនេះ ដែលក្មួយៗបានរៀនសូត្រ។ ចំណេះវិជ្ជាក្មួយដែលក្មួយមាន នឹងអាចបង្ហាញសមត្ថភាពនៅក្នុងថ្ងៃនេះ ហើយក្មួយនឹងជាប់តាមរយៈការខិតខំរៀនសូត្ររបស់ខ្លួនឯងដោយពិតប្រាកដ។ ចំពោះគណៈកម្មការ សូមធានាជូនដល់ក្មួយៗទាំងអស់ថា កិច្ចដំណើរការនេះគឺធានាឲ្យបាននូវយុត្តិធម៌ តម្លាភាពពិតប្រាកដជូនដល់ក្មួយៗ។ ហើយបើសិនជាក្មួយៗមើលឃើញ ឬបានដឹងថាទីណាកន្លែងណាដែលមានភាពមិនប្រក្រតី ឬមានក្រុមជនទុច្ចរិតណាមួយរៀបចំការក្លែងបន្លំនេះ ឬមួយរៀបចំជាបេក្ខជនក្លែងបន្លំ គឺក្មួយៗអាចទាក់ទងមកថ្នាក់ដឹកនាំគណៈកម្មការតាមគ្រប់មធ្យោបាយទាំងអស់»។
សូមជម្រាបថាសម័យប្រឡងនៅឆ្នាំនេះ គឺប្រព្រឹត្ដទៅរយៈពេល២ថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២ ដែលថ្ងៃនេះជាថ្ងៃទី១នៃការប្រឡង ដែលការប្រឡងថ្នាក់ជាតិចូលរៀននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជ្រើសរើសនិស្សិតពូក
មានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យ-សុខាភិបាល ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។ សម្រាប់នៅឆ្នាំប្រឡងនេះផងដែរ ក៏មានអញ្ជើញចុះមកពិនិត្យដំណើរការប្រឡងដោយផ្ទាល់ពី ទេសរដ្ឋមន្រ្តី កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕


































