* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧

08-11-2026 07:53

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តចាត់ទុកវិស័យសង្គមកិច្ចជាវិស័យអាទិភាព ជាពិសេសផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកាប្រមាណ១០ ២៥៩ ប៊ីលានរៀល ឬប្រមាណជាង ២.៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៧ កើនចំនួន៤,១% ។

យោងតាមសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៧ បានឱ្យដឹងថា ទំហំនេះមានសមាមាត្រស្មើនឹង ៣៧,១% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៤,២៨% នៃផ.ស.ស. ឬកើនចំនួន៤,១% ធៀបនឹង ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។

អាទិភាពសំខាន់ក្នុងវិស័យនេះត្រូវបានផ្តោតទៅលើការអភិវឌ្ឍមនុស្ស ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រីកការទទួលបានសេវាអប់រំប្រកបដោយសមធម៌ទូទាំងប្រទេស។ គោលដៅចម្បងគឺធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកុមារ និងយុវជន ទទួលបានឱកាសសិក្សារៀនសូត្រប្រកបដោយគុណភាពខ្ពស់។

ក្នុងចំណោមវិធានការទាំងនោះ រាជរដ្ឋាភិបាលបានផ្តោតលើការផ្តល់អាហារូបករណ៍ដល់គរុសិស្ស និស្សិត និងការប្រែក្លាយសាលាគរុកោសល្យទៅជាវិទ្យាស្ថានគរុកោសល្យភូមិភាគ ដើម្បីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន។ ជាមួយគ្នានេះ ការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ការរៀន និងការបង្រៀនតាមប្រព័ន្ធអនឡាញ ក៏ត្រូវបានជំរុញយ៉ាងសកម្ម ដើម្បីបង្កើនសមត្ថភាពសិស្ស គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន ស្របតាមគំរូកម្មវិធីសាលារៀនជំនាន់ថ្មី។ ការកែទម្រង់កម្មវិធីសិក្សា និងការបោះពុម្ពសៀវភៅសិក្សាគោល ក៏ជាចំណុចគន្លឹះក្នុងការធានាគុណភាពអប់រំ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើសុខុមាលភាពសិស្ស តាមរយៈការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន គ្របដណ្តប់លើសាលារៀនគោលដៅចំនួន ៩៦០ ក្នុងខេត្តចំនួន ១០ ដែលមានសិស្សប្រមាណ ២៧ ម៉ឺននាក់ទទួលបានអាហារ។ ការបន្តផ្តល់អាហារូបករណ៍ប្រចាំឆ្នាំដល់សិស្សមកពីគ្រួសារមានបណ្ណសមធម៌ និងសិស្សពិការ កំព្រា ជនជាតិភាគតិច និងសិស្សពូកែ ក៏ត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សា និងផ្តល់ឱកាសអប់រំប្រកបដោយបរិយាបន្ន។ ការសាងសង់បង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាតនៅតាមសាលារៀន ក៏ជាផ្នែកមួយនៃការលើកកម្ពស់បរិស្ថានសិក្សាប្រកបដោយផាសុកភាព និងអនាម័យ។

លើសពីនេះ រដ្ឋាភិបាលនឹងបន្តផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ពិសេសនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការអភិវឌ្ឍវិស័យការងារ និងការរក្សាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត ដោយផ្តល់អាទិភាពលើកម្រិតទី១ (C1) តាមរយៈការផ្តល់អាហារូបករណ៍ដល់យុវជនក្រីក្រ និងពលករវិលត្រឡប់ពីប្រទេសថៃ ដើម្បីជួយពួកគេឱ្យឆាប់បានចូលទីផ្សារការងារក្នុងស្រុក។

ទន្ទឹមនឹងនេះ ការងារប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ ក៏ត្រូវបានពង្រឹងផងដែរ រួមជាមួយប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីចម្ងាយ។ រាជរដ្ឋាភិបាលក៏បន្តអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ព្រមទាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីធានាការផ្គត់ផ្គង់កម្លាំងពលកម្មប្រកបដោយជំនាញច្បាស់លាស់ និងផលិតភាពខ្ពស់។ ក្រៅពីនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាស្វែងរកការងារធ្វើជូនយុវជនទាំងក្នុង និងក្រៅប្រទេស។

ដើម្បីធានានូវបរិយាកាសការងារប្រកបដោយសុខដុមរមនា រាជរដ្ឋាភិបាលក៏បានពង្រឹងការគ្រប់គ្រងពលករអន្តោប្រវេសន៍ ការអនុវត្តច្បាប់ការងារប្រកបដោយប្រសិទ្ធភាព និងបន្តគាំទ្រដល់ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ។ ការពង្រឹងយន្តការបង្ការ ទប់ស្កាត់ និងដោះស្រាយវិវាទការងារនៅគ្រប់ដំណាក់កាល ព្រមទាំងយុទ្ធនាការលើកកម្ពស់សិទ្ធិការងារ និងកិច្ចសន្ទនាសង្គម ក៏ជាចំណុចស្នូលក្នុងការរក្សាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ឆ្ពោះទៅរក «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។

គម្រោងថវិកានេះ ក៏ត្រូវបែងចែកដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រីកការទទួលបានសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ពិសេសសម្រាប់ប្រជាជនក្រីក្រ ក្រុមជនងាយរងគ្រោះ ស្ត្រី និងកុមារ។ ក្នុងនោះ រដ្ឋាភិបាលនឹងបន្តផ្តល់ថវិកាទ្រទ្រង់ប្រតិបត្តិការមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទូទាំងប្រទេស ព្រមទាំងបង្កើនថវិកាសម្រាប់ការផ្គត់ផ្គង់ឱសថ វ៉ាក់សាំង ប្រតិករ និងបរិក្ខារពេទ្យ។ ការគាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងកម្មវិធីមូលនិធិសមធម៌សុខាភិបាល ក៏នឹងបន្តត្រូវបានពង្រឹង ដើម្បីធានាការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ។

បន្ថែមពីលើនេះ ថវិកាក៏នឹងត្រូវប្រើប្រាស់ដើម្បីបន្តគាំទ្រដល់ការអនុវត្តកម្មវិធីជំនួយសង្គមនានា រួមមានកម្មវិធីឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ ជនចាស់ជរា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ និងការផ្តល់អាហារូបករណ៍ដល់សិស្សក្នុងគ្រួសារក្រីក្រ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បន្តផ្តល់ការគាំទ្រដល់អាទិភាពផ្សេងទៀតក្នុងវិស័យសង្គមកិច្ច ដូចជារបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ការឧបត្ថម្ភរបបគោលនយោបាយជូនជនរងគ្រោះដោយសារគ្រឿងញៀន និងការលើកកម្ពស់យេនឌ័រជាដើម។ ការប្តេជ្ញាចិត្តនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាងសង្គមមួយដែលមានភាពធន់ និងសមធម៌សម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕